រាជធានីភ្នំពេញ ៖ បន្ទាប់ពីកម្ពុជាមានផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក ប្រជាពលរដ្ឋកម្ពុជាក៏ទទួលបានព័ត៌មានខុស ដោយបំផុសថា ការបរិភោគសាច់ជ្រូកនាំឱ្យឆ្លង និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស ជាហេតុធ្វើឱ្យប្រជាជនជាច្រើនមិនហ៊ានបរិភោគសាច់ជ្រូកទើបអាជីវករលក់សាច់ជ្រូកមានការព្រួយបារម្ភ ។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការបរិភោគសាច់ជ្រូកបានកើនឡើងវិញហើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមការពិនិត្យជាក់ស្ដែងនៅតាមទីសត្តឃាតនានា នៅបណ្ដាស្រុក និងក្រុងតាមបណ្ដាខេត្តឃើញថា មានសកម្មភាពមមាញឹកឡើងវិញ ហើយនៅតាមកន្លែងតាំងលក់សាច់ជ្រូកនានា ក៏ឃើញថាមានកំណើនឡើងវិញដែរ ។ ការបរិភោគសាច់ជ្រូកឡើងវិញ ត្រូវបានគេមើលឃើញថា បន្ទាប់ពីថ្នាក់ដឹកនាំមួយចំនួនបានអំពាវនាវឱ្យពលរដ្ឋ បរិភោគសាច់ជ្រូកបន្តទៀតចុះ ព្រោះជំងឺប៉េសជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្សនោះទេ គឺវាចម្លងពីជ្រូក ទៅជ្រូកគ្នាវាតែប៉ុណ្ណោះ ។
យោងតាមអាជីវករនៅតាមផ្សារមួយចំនួនបានអះអាងថា ពេលនេះពលរដ្ឋទិញសាច់ជ្រូកបានកើនឡើងវិញហើយបន្ទាប់ពីមានការបញ្ជាក់ពីថ្នាក់ដឹកនាំថា សាច់ជ្រូកលក់នៅលើទីផ្សារមានសុវត្ថិភាព ។ អាជីវករមួយរូបនៅក្នុងផ្សារពិភពថ្មីកំបូលបានឱ្យដឹងថា ពលរដ្ឋយើង ហាក់ដូចជាទទួលព័ត៌មានបានលឿនតែជាព័ត៌មានខុស និងឆាប់ជឿតាមគេ ។ ជាក់ស្ដែង គ្រាន់តែគេផុសក្នុងហ្វេសប៊ុកថា ហូបសាច់ជ្រូកប៉ះពាល់សុខភាព បែរជានាំគ្នាឈប់ទិញសាច់ជ្រូក និងងាកទៅទិញសាច់សត្វផ្សេងទៅវិញ បើទោះបីជាមានតម្លៃខ្ពស់ជាងមុនក៏ដោយ ។
អាជីវកររូបនេះនិយាយបន្តថា បច្ចុប្បន្ននេះប្រហែលជាពលរដ្ឋបានព័ត៌មានថ្មីពីខាងណាហើយទើបពួកគាត់យល់ដឹង និងចាប់ផ្ដើមទិញសាច់ជ្រូកទៅបរិភោគវិញ តែយ៉ាងណាក៏ដោយ មិនទាន់មានបរិមាណច្រើនដូចកាលពីមុនផ្ទុះជំងឺនោះទេ ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា ជំងឺនេះគេបានបញ្ជាក់ច្បាស់ហើយ វាមិនមែនតែកម្ពុជាទេដែលបញ្ជាក់នោះ គឺមានការបញ្ជាក់ច្បាស់ពីអង្គការសុខភាពពិភពលោកផងដែរ ថាមិនឆ្លង ឬប៉ះពាល់ដល់សុខភាពមនុស្សឡើយ តែមនុស្សទៅវិញជាកត្តាចម្លងជំងឺពីជ្រូកទៅជ្រូក ដូច្នេះហើយទើបជំងឺកើតនៅតំបន់ណាគេត្រូវកំទេចចោលនៅនឹងកន្លែង ដោយមិនឱ្យមានការដឹកចេញពីកន្លែងនោះឡើយ ព្រោះខ្លាចចម្លងទៅកាន់ជ្រូកនៅតំបន់ផ្សេង ។
លោកបន្តថាមុនដំបូងឡើងជំងឺនេះវាកើតនៅឯខេត្តរតនគីរីឯណោះទេ ហើយឆ្លងមកពីប្រទេសវៀតណាម តាមរយៈអាជីវករវៀតណាមដឹកបន្លែត្រីសាច់មកលក់ឱ្យពលរដ្ឋនៅតំបន់ជាយដែន ទើបឆ្លងមកកាន់ជ្រូកពលរដ្ឋនៅក្នុងខេត្តនោះតែម្ដង ។ ក្រោយមកទៀតក៏ឆ្លងទៅតំបន់ខេត្តតាកែវ តែមិនមែនឆ្លងពីរតនគីរីទេ គឺមកពីការដឹកសត្វជ្រូកមានជំងឺនេះ ពីវៀតណាមចូលមកទឹកដីខ្មែរ ហើយក៏បានចម្លងពីតំបន់មួយទៅតំបន់មួយផ្សេងទៀត ។ លោកថា៖ «យ៉ាងណាក៏ដោយក្រុមមន្ត្រីជំនាញ និងសមាគមបានសហការកំទេចចោលនៅនឹងកន្លែងសម្រាប់ជ្រូកណាដែលឃើញមានផ្ទុកជំងឺប៉េសជ្រូកអាហ្វ្រិក និងមិនឱ្យដឹកឆ្លងកាត់តំបន់ឡើយ ដូច្នេះហើយទើបយើងប្រកាសថា សាច់ជ្រូកដែលលក់នៅលើទីផ្សារជាសាច់ជ្រូកល្អ ជាជ្រូកមិនកើតជំងឺប៉េសជ្រូកអាហ្វ្រិកនោះទេ សូមបងប្អូនប្រជាពលរដ្ឋ បរិភោគតាមសប្បាយចិត្តចុះ» ។
គួរបញ្ជាក់ថា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋបរិភោគសាច់ជ្រូកឡើងវិញ ដើម្បីជួយដល់ជីវភាពអ្នកចិញ្ចឹមជ្រូក ។ ក្រោយមកថ្នាក់ដឹកនាំតាមមូលដ្ឋាន ក៏បានបំផុតនូវសកម្មភាពបរិភោគសាច់ជ្រូកតាមបណ្ដាខេត្ត និងស្រុកនានាផងដែរ ជាក់ស្ដែងលោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាកម្ពុជា ក៏បានរៀបចំឱ្យមានការបរិភោគសាច់ជ្រូកជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងក្រុមហ៊ុនរបស់លោកឧកញ៉ាផ្ទាល់ផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ