រាជធានីភ្នំពេញ៖ ខេត្តព្រះសីហនុមកដល់បច្ចុប្បន្នគេដឹងថា ជាខេត្តសក្តានុពលមួយបាននិងកំពុងទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេ ពិសេសវិនិយោគិនជនជាតិចិនហើយក្រុមវិនិយោគិនចិននេះបានបោះទុនវិនិយោគសឹងតែលើគ្រប់វិស័យបើប្រៀបធៀបនឹងវិនិយោគិនបរទេសផ្សេងទៀត ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ថា ខេត្តព្រះសីហនុនៅប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានការបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនជនជាតិចិន ជាហេតុធ្វើឱ្យខេត្តព្រះសីហនុមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។
លោកគូសបញ្ជាក់ថា «បច្ចុប្បន្នវិនិយោគិនជនជាតិចិន ស្ថិតនៅលំដាប់លេខ ១ ដែលមកបណ្តាក់ទុន និងវិនិយោគភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម, ពាណិជ្ជកម្ម, ដឹកជញ្ជូន, សំណង់, ទេសចរណ៍ និងកាស៊ីណូ» ។
លោកលើកឡើងថា កាលពីឆ្នាំ២ ០១៨ កន្លងមកខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណ ២ លាននាក់ ហើយមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេចរណ៍គិតត្រឹមខែមិថុនា ២០១៩ មានសរុប ៩២២ កន្លែង ក្នុងនោះសណ្ឋាគារមាន ៩៨ កន្លែង, ផ្ទះសំណាក់ ២៦២ កន្លែង, ភោជនីយដ្ឋាន ៣៤០ កន្លែង, បឹងកាឡូ ២៦ កន្លែង, ការ៉ាអូខេ ៣៩ កន្លែង, ឌីស្កូតិច ៦ កន្លែង, ម៉ាស្សា ៦២ កន្លែង និងសេវាកម្មផ្សេងៗជាច្រើនទៀត ។ ចំណែកវិស័យសំណង់វិញមានការរីកចម្រើនយ៉ាងកំហុកក្នុងនោះសំណង់មានលិខិតអនុញ្ញាតគិតពីឆ្នាំ២០០៧ ដល់ខែកក្កដា ២០១៩ មាន ៨១៩ គម្រោង, អគារមានកម្ពស់ចាប់ពី ៥ ជាន់ដល់ ៤២ ជាន់មានចំនួន ២១៨ គម្រោង ។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលរដ្ឋបាលខេត្តទទួលបានចុះត្រួតពិនិត្យបញ្ជាក់ថា ក្រុមបច្ចេកទេសគាំំទ្រគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុបានចុះត្រួតពិនិត្យការដ្ឋានសំណង់ទាំង ៤ ដំណាក់កាលមាន ២៨៨ ការដ្ឋាន ។
ការរីកចម្រើនក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យមិនថានៅខេត្តព្រះសីហនុ ឬនៅតាមបណ្តាខេត្តផ្សេងទៀតបច្ចុប្បន្ននេះបើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើកឡើងគឺដោយសារកម្ពុជាមានគោលនយោបាយត្រឹមត្រូវទើបធ្វើឱ្យវិនិយោគិនក្នុងស្រុក និងបរទេសធ្វើការបោះទុនវិនិយោគនៅកម្ពុជា ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើកឡើងថា តើដីឡើងថ្លៃ, គម្រោងវិនិយោគមានការប្រមូលផ្តុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងដោយឡែកក្នុងខេត្តព្រះសីហនុនេះដោយសារបញ្ហាអ្វី ?
លោក ជា សុផារ៉ា មានប្រសាសន៍ថា «ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាគឺដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយសារគោលនយោបាយដ៏ត្រឹមត្រូវ ដូច្នេះហើយបានធ្វើឱ្យវិនិយោគិនទាំងតូច និងទាំងធំ មកពីគ្រប់ទិសទីនៅក្នុង និងក្រៅប្រទេស ព្រមទាំងជុំវិញពិភពលោកបានចាប់អារម្មណ៍មកធ្វើការបណ្តាក់ទុន បោះទុនដោយផ្តល់សេចក្តីសង្ឃឹមថា «សិ្ថរភាពនយោបាយនេះ គឺជាស្ថិរភាពយូរអង្វែង» ។
លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ជាធម្មតាបោះទុនវិនិយោគត្រូវតែផ្ញើរនូវសេចក្តីសង្ឃឹមតជំនាន់ ពីព្រោះថាការសាងសង់អគារមួយក្នុងទំហំទឹកប្រាក់ដ៏ច្រើន មិនសង្ឃឹមតែមួយជំនាន់នោះទេ គឺសង្ឃឹមតជំនាន់ ។ ចុះបើការអះអាងរបស់រាជរដ្ឋាភិបាលមិនគ្រប់គ្រាន់ នោះការវិនិយោគពិតជាមិនកក់ក្តៅ មិនយកលុយមកបោះចោលនៅក្នុងភាពប្រថុយប្រថានទៅហើយ ។ ដូចនេះការសង្ឃឹមជឿជាក់ទៅលើការដឹកនាំនយោបាយដ៏ត្រឹមត្រូវនេះជាកត្តាចម្បងដែលធ្វើឱ្យយើងមានអ្នកវិនិយោគ, ធ្វើឱ្យយើងមានការវិវត្តរីកចម្រើន មិនថានៅក្នុងខេត្តព្រះសីហនុ ឬនៅតាមខេត្តដទៃទៀតក៏រីកចម្រើនដូចគ្នា» ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ