រាជធានីភ្នំពេញ ៖ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចនៃប្រទេសចិន និងអាមេរិក បាននិងកំពុងជះឥទ្ធិពលដល់បណ្ដាប្រតិបត្តិការក្រុមហ៊ុនធំៗនៅអាស៊ី ដូចការលើកឡើងរបស់សេដ្ឋវិទូនានាថា ពាក្យសង្គ្រាមវាគ្មានចំណេញដល់ភាគីណានោះឡើយ ដូច្នេះគួរតែបញ្ជៀសពីសង្គ្រាមឱ្យបាន មិនថាសង្គ្រាមអ្វីនោះទេ ។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផលិតគ្រឿងសំណង់ធំមួយនៅអាស៊ីអាគ្នេយ៍ បានឱ្យដឹងថា ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ពោលគឺបានធ្វើឱ្យប្រាក់ចំណេញរបស់ខ្លួនធ្លាក់ចុះនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ នេះ ។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន SCG បានឱ្យដឹងថា សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ ចាប់ពីខែមេសា ដល់ដំណាច់ខែមិថុនា លទ្ធផលនៃរបាយការណ៍បានបង្ហាញថា ចំណូលពីការលក់របស់ខ្លួន មានការថយចុះប្រមាណ ៩ ភាគរយ ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ ២០១៨ ។ ចំណែកឯប្រាក់ចំណេញ របស់ខ្លួនវិញក៏ឃើញថា មានការថយចុះរហូតដល់ ២៧ ភាគរយឯណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ ២២ ភាគរយ ធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០១៩ ។ លោកបន្តថា ៖ «ដោយសារតែការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម ដែលបានប៉ះពាល់ដល់ប្រាក់ចំណេញពីផលិតផលគីមី និងការខាតបង់សារពើភណ្ឌក្នុងទឹកប្រាក់ ១៤៨ ប៊ីលានរៀល ឬ ៣៦ លានដុល្លារអាមេរិក ។ ដោយគិតចំនួនប្រាក់បំណាច់បុគ្គលិកត្រឹម ២៦២ ប៊ីលានរៀល ឬ ៦៤ លានដុល្លារអាមេរិក ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ គឺមានចំនួន ៩០៦ ប៊ីលានរៀល ស្មើនឹង ២២៣ លានដុល្លារអាមេរិក» ។
លោកបន្តទៀតថា សម្រាប់ប្រទេសកម្ពុជា ផលប៉ះពាល់ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច នៅមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ជាក់ស្ដែងអាជីវកម្មលក់គ្រឿងសំណង់របស់ក្រុមហ៊ុនធំមួយនេះនៅអាស៊ីអាគ្នេយ៍បានកើនឡើង ១១ ភាគរយ ហើយមួយភាគធំបានមកពីការនាំចូលស៊ីម៉ង់ត៍ និងសម្ភារសាងសង់ ព្រោះវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះខ្ពស់ ។
យោងតាមលោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក ប្រចាំកម្ពុជាបានឱ្យដឹងថា កុំចង់ឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗហើយរង់ចាំត្រងផលប្រយោជន៍នោះ ។ មុនដំបូងប្រទេសតូចៗពិតជាទទួលបានផលប្រយោជន៍មែនហើយ តែបន្ទាប់មកទៀតអ្នកទទួលផលប្រយោជន៍នោះ នឹងទទួលបានគុណវិបត្តិវិញ ។ លោកបន្ថែមថា គេអាចទទួលបានផលប្រយោជន៍តែផលប្រយោជន៍តិចតួច ក្នុងករណី សង្គ្រាមពាណិជ្ជកម្មមានរយៈពេលខ្លីតែបើសិនជាសង្គ្រាមពាណិជ្ជកម្មនេះ វាមានរយៈពេលកាន់តែយូរ ប្រទេសដែលទទួលផលនោះ នឹងរងផលប៉ះពាល់វិញ ។
លោកថា ៖ «ដំបូងអាចទទួលបានប្រយោជន៍ ដោយសារតែវិនិយោគិននៃប្រទេសទាំងពីររត់ទៅរកប្រទេសណាដែលរួចពន្ធក្នុងការនាំចូលទៅកាន់មហាអំណាចនោះ ក៏ប៉ុន្តែនៅពេលដែលសង្គ្រាមកាន់តែអូសបន្លាយ ធ្វើឱ្យវិនិយោគិននៃប្រទេសមហាអំណាចទាំងនោះ នឹងខាតទុនកាន់តែច្រើន ដូច្នេះពួកគេនឹងមិនបណ្ដាក់ទុនវិនិយោគលើប្រទេសតូចៗទៀតទេ ទោះបីរួចពន្ធក្ដី ដោសារតែពួកគេមិនចំណេញអ្វីនោះឡើយ ដូច្នេះហើយទើបយើងនិយាយថាពាក្យសង្គ្រាមមិនមានផលល្អឡើយ» ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ