រាជធានីភ្នំពេញ ៖ ទីបំផុត ជនដៃដល់ដែលបានវាយសម្លាប់ជនរងគ្រោះនៅក្នុងហាងថតរូបល្អពេញចិត្ត កាលពីចុងខែឧសភាកន្លងទៅ នៅពេលនេះ កម្លាំងនគរបាលតាមប្រមាញ់បានហើយដល់ខេត្តបន្ទាយមានជ័យ ។ នេះបើតាមមន្ត្រីនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន នារសៀលថ្ងៃទី៣០ ខែកក្កដា ។ សូមរំលឹកថា៖ ករណីចាក់សម្លាប់បុគ្គលិកហាងថតរូប«ល្អពេញចិត្ត» នៅអត់មានពន្លឺ…
តាមមន្ត្រីនគរបាលបានឱ្យដឹងថា ជនដៃដល់នឹងត្រូវនាំខ្លួនមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សូមបញ្ជាក់ថា អំពើឃាតកម្មដ៏សាហាវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៧ ខែឧសភាកន្លងទៅ នៅហាងល្អពេញចិត្ត ផ្ដិតនិងថតរូប មានទីតាំងតាមវិថីព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសរងគ្រោះត្រូវជនដៃដល់វាយនឹងដែកបំពង់ទីប បណ្ដាលបែកក្បាលរបួសធ្ងន់និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ។ មន្ត្រីនគរបាលមួយរូបនិយាយថា ប្រតិបត្តិការតាមចាប់ជនសង្ស័យធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន សាលីន អាយុ២៨ឆ្នាំ ជាបុគ្គលិកហាងថតនិងផ្តិតរូបខាងលើ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃ ទី២ ខណ្ឌចំការមន ។ ចំណែកជនដៃដល់ឈ្មោះឈុន ឌឹម អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ។
កញ្ញា អុឹម ស្រីកែវ អាយុ២៤ឆ្នាំ ធ្វើការនៅហាងខាងលើនិងត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះនិយាយថា ជនដៃដល់បានប្រើដែកបំពង់ទីបវាយ បងថ្លៃរបស់ខ្លួននៅកន្លែងធ្វើការ បណ្តាលឲ្យរងបួសយ៉ាងធ្ងន់និងបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ផ្នែកក្បាល ក្រុមគ្រួសារក៏សម្រេចបញ្ជូនទៅប្រទេសវៀតណាមទៀត ប៉ុន្តែបានស្លាប់នៅពាក់កណ្តាលផ្លូវ ។
ការវាយសម្លាប់គ្នានេះ កើតចេញពីការប្រចណ្ឌរវាងជនរងគ្រោះជាមួយប្រពន្ធរបស់ខ្លួនដែលធ្វើការនៅហាងថតនិងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធរបស់គេតែងនិយាយលេងសើចជាមួយជនរងគ្រោះនិងមានភាពស្និទ្ធស្នាល ។ ប៉ុន្ដែនៅថ្ងៃកើតហេតុនោះ ប្រពន្ធរបស់ជនបង្កមិននៅទេ ពោលគឺបានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនដៃដល់ដែលប្រចណ្ឌផ្តេសផ្តាស ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ