ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លឹម​ រដ្ឋា ប្តូរ​ចរិត​ទៅ​ជា​មនុស្ស​ខ្ទើ.យ​ម្ញ៉ិក​ម្ញ៉ក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាឌ​មាំ​ សាច់​ដុំ​ ធំ​ៗ​ សក្តិ​សម​ជា​បុរស​ ពិត​ៗ​ ប៉ុន្តែ​តា​រា​សម្តែង​លោក​លឹម​ រដ្ឋា​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ ស្រាប់​តែ​ប្តូរ​ចរិត​ទៅ​ជា​មនុស្ស​ខ្ទើ.យ​ម្ញុិ​ក​ម្ញ៉ក់​ទៅ​វិញ​ ។ តើ​ហេតុ​អ្វី​បាន​ជា​លោក​លឹម​ រដ្ឋា​ ប្រែ​ប្រួល​ទៅ​ជា​បែប​នេះ?

រាជធានី​ភ្នំពេញ ៖ មាឌ​មាំ​ សាច់​ដុំ​ ធំ​ៗ​ សក្តិ​សម​ជា​បុរស​ ពិត​ៗ​ ប៉ុន្តែ​តា​រា​សម្តែង​លោក​លឹម​ រដ្ឋា​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ ស្រាប់​តែ​ប្តូរ​ចរិត​ទៅ​ជា​មនុស្ស​ខ្ទើយ​ម្ញុិ​ក​ម្ញ៉ក់​ទៅ​វិញ​ ។ តើ​ហេតុ​អ្វី​បាន​ជា​លោក​លឹម​ រដ្ឋា​ ប្រែ​ប្រួល​ទៅ​ជា​បែប​នេះ?

តារា​សម្តែង​លោក​លឹម​ រដ្ឋា ដែល​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​អប្សរា​ឆ្នាំ​២០១៣​ ផ្នែក​តា​រា​សម្តែង​បែប​មនោស​សញ្ចេត​នា​បាន​ល្អ​ ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​កាន់​តែ​ផុស​ឡើង​មួយ​កម្រិត​ទៀត​ ។ ថ្មី​ៗ​នេះ​ លោក​លឹម​ រដ្ឋា​ ទើប​តែ​ទទួល​ថត​ភាព​យន្ត​ថ្មី​មួយ​រឿង​ ដោយ​មិន​សម្តែង​ជា​លក្ខណៈ​បុរស​សង្ហា​តាម​លែប​ខាយ​ ស្រីៗ​ដូច​រឿង​ មុន​ៗ​ឡើយ​ គឺ​អ្នក​ដឹក​នាំ​រឿង​តម្រូវ​ឱ្យ​លោក​សម្តែង​ជា​តួ​ខ្ទើយ​ ។

កន្លង​មក​​ការ​សម្តែង​របស់​លោក​លឹម​ រដ្ឋា ជា​តួ​កម្សត់​ កាច​ និង​វាយ​តប់​ទទួល​បាន​ការ​កោត​សរ​សើរ​មិន​ដាច​់​ពី​មាត់​ពី​អ្នក​ដឹក​នាំ​រឿង​ដោយ​សារ​តែ​តា​រា​ប្រុស​មុខ​មាត់​បែប​ខ្មែរ​អង្គ​រ​ម្នាក់​នេះ​ មាន​ទេព​កោ​សល្យ​សម្តែង​ល្អ​មិន​ឱ្យ​អ្នក​ដឹក​នាំ​រឿង​ពិបាក​ឡើយ ។ ដោយ​ឡែក​ចុង​ក្រោយ​នេះ​លោក​រដ្ឋា​ ប្តូរ​មក​សម្តែង​ជា​តួ​ខ្ទើយ​វិញ​ ធ្វើ​ឱ្យ​លោក​បារម្ភ​ខ្លាច​សម្តែង​មិន​សម​ ។ លោក​បារម្ភ​​ដោយ​សារ​ការ​សម្តែង​នោះ​ធ្វើ​ឫក​ម្ញុិក​ម្ញ៉ក់​ខុស​ពី​ចរិត​ពិត​របស់​ខ្លួន​ដែល​ជា​បុរស ។

លោក​លឹម​ រដ្ឋា​ និយាយ​ថា «ខ្ញុំ​សម្តែង​រឿង​បាន​ច្រើន​មក​ហើយ​ មិន​ដែល​ប៉ះ​តំណែង​តួ​អង្គ​ណា​ដែល​គេ​ឱ្យ​សម្តែង​បែប​ភេទ​ទី​៣​ ឬ​ហៅ​ថា​ខ្ទើយ​បែប​នេះ​ឡើយ​ ។ រាង​កាយ​របស់​ខ្ញុំ​មាន​សាច​់​ដុំ​ មាន​មាឌ​មាំ​ តែ​បែ​រ​ជា​មក​បញ្ចេញ​កាយ​វិការ​ទន់​ភ្លន់​គឺ​ពិត​ជា​ប្លែក​ ។ ខ្ញុំ​ធ្លាប់​តែ​លេង​សើច​ក្រៅ​ឆាក​ ដល់​ពេល​មក​សម្តែង​មែន​ទែន​ហាក់​ផ្អើល​ៗ​» ។

តារា​សម្តែង​ដែល​មាន​ឱកាស​ថត​ខ្សែ​រឿង​ភាព​យន្ត​ថ្វាយ​សម្តេច​ព្រះ​នរោ​ត្តម​ សីហនុ​ រូប​នេះ​អះ​អាង​ទៀត​ថា​ រឿង​នោះ​លោក​ថត​ឱ្យ​គេ​បាន​ប៉ុន្មាន​ប្លង់​រួច​មក​ហើយ​ តែ​លោក​សុំ​លាក់​ចំណង​ជើង​សិន​ ព្រោះ​អ្នក​ដឹក​នាំ​រឿង​ហាម​មិន​ឱ្យ​និយាយ​ ចាំ​ពេល​ដាក់​បញ្ចាំង​ពិត​ជា​ដឹង​ទូ​ទៅ​មិន​ខាន​ ។ លោក​មាន​អារម្មណ៍​ខ្មាសគេ​មិន​តិច​ទេ​ ពិសេស​ពេល​កំពុង​ថត​នោះ​ពិត​ជា​ប្លែក​ ហើយ​សប្បាយ​សើច​លេង​ ព្រោះ​សម្តែង​ជា​តួ​ភេទ​ទី​​៣ទាំង​មាន​មុខ​មាត់​ និង​សាច់​ដុំ​ ធំ​ៗ​ជា​បុរស​   ពិតៗ ។ ទោះ​យា៉ង​ណា​ក្តី​ មក​ទល់​ពេល​នេះ​ លោក​រដ្ឋា​បាន​ដាក់​ចិត្ត​មិន​អៀន​ខ្មាសត​ទៅ​ទៀត​ទេ​ដោយ​សារ​តែ​នោះ​ជា​សិល្បៈ​ ។ ម្យា៉ង​ក្នុង​នាម​ជា​តួ​សម្តែង​ ហើយ​​ថែម​ទាំង​បាន​ពាន​រង្វាន់​ទៀត​នោះ​ លោក​នឹង​ខំ​សម្តែង​ឱ្យ​បាន​ច្រើន​ផ្នែក​សម្រាប់​ទុក​ជា​បទ​ពិសោធន៍ ។ បើ​នៅ​តែ​ខ្មាសធ្វើ​អ្វី​មិន​កើត​ទេ​ ជា​តា​រា​ម្នាក់​ត្រូវ​តែ​សម្តែង​ឱ្យ​កើត​ ហើយ​ធ្វើ​ឱ្យ​ដូច​អ្វី​ជា​ការណ៍​ពិត​ទើប​មហា​ជន​ឱ្យ​តម្លៃ ។

លោក​ លឹម​ រដ្ឋា​ តាំង​ចិត្ត​ខិត​ខំ​ធ្វើ​យា៉ង​ណា​សម្តែង​ឱ្យ​កាន់​តែ​ល្អ​ក្នុង​តួ​អង្គ​ភេទ​ទី​៣​នេះ​ ដោយ​រំពឹង​ថា​នៅ​ពេល​ចាក់​បញ្ចាំង​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​បាន​រីក​រាយ​ ។ ទន្ទឹម​នេះ​លោក​ក៏​ចង់​ដឹង​ថា​ ការ​សម្តែង​របស់​ខ្លួន​បាន​ល្អ​កម្រិត​ណា​​តាម​រយៈ​ការ​វាយ​តម្លៃ​ពី​មហា​ជន​ ៕