បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីកាន់តែផ្អែមល្ហែម និងស្អិតរមួតស្ទើរចាក់ទឹកមិនលិចនោះតារាសម្តែង រឿន ណាត បានពោលពាក្យយ៉ាងចាក់ដោតថា ជីវិតដែលមានក្តីសុខបំផុតនោះ គឺមិនមែនជីវិតដែលរស់នៅក្នុងភាពល្បីល្បាញនោះឡើយ ពោលជាការរស់នៅបែបសាមញ្ញ ។

តារារូបនេះបានបង្ហោះសំណេរលើបណ្តាញសង្គមដោយអមជាមួយនឹងរូបភាពផ្អែមល្ហែមជាមួយស្វាមីលើទឹកដីអាមេរិកថា ពេលនេះគឺយកកាន់តែច្បាស់ថា ជីវិតដែលមានតែក្តីសុខ និងរីករាយបំផុត គឺមិនមែនជាជីវិតដែលរស់នៅក្នុងភាពល្បីល្បាញទេ តែជាជីវិតដែលរស់នៅដោយភាពសាមញ្ញៗជាមួយលុយប៉ុន្មានលានដុល្លារក្នុងកុងធនាគារជាមួយប្តីគឺគ្រប់គ្រាន់ហើយ ។

តាមរយៈសំណេរខាងលើនេះគេអាចសន្និដ្ឋានថា រឿន ណាត ទំនងជានឹងមិនវិលមកកាន់អាជីពសិល្បៈវិញនោះឡើយ ដោយសារតែពេលនេះនាងមានគ្រួសារយ៉ាងកក់ក្តៅ ខណៈពេលដែលនាងចង់ទុកពេលវេលាអោយបានច្រើនមើលថែគ្រួសារ ។

ជាការកត់សម្គាល់ រឿន ណាត និងគូស្នេហ៍គឺលោក លាវ វេងហួរ បានភ្ជាប់ទំនាក់ទំនងក្រៅឆាកជាមួយគ្នា បន្ទាប់ពីអ្នកទាំងពីរបានសម្តែងរឿងរួមគ្នាជាលើកដំបូង ។ ចាប់តាំងពីភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយគ្នានេះមកអ្នកទាំងពីរតែងតែបង្ហាញរូបភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ។

ជាពិសេស ទៅទៀតនោះ កាលពេលថ្មីៗនេះគូស្នេហ៍តារាសម្តែង រឿន ណាត បានលុតជង្គង់សុំនាងរៀបការនៅមុខប្រាសាទអង្គរវត្ត ដែលធ្វើអោយរូបនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។បន្ទាប់ពីស្នេហាកាន់តែយល់ចិត្តគ្នានោះអ្នកទាំងពីរក៏បានរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការនៅស្រុកខ្មែរ ខណៈពេលដែលអ្នកទាំងពីរក៏បានរៀបពិធីមង្គលការនៅលើទឹកដីអាមេរិករួចហើយដែរ ។

ចាប់តាំងពីរៀបការជាប្តីប្រពន្ធនោះមក រឿន ណាត និងស្វាមី តែងតែបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម និងមានសុភមង្គល ក្នុងពេលដែលដំណឹងវិលមកស្រុកខ្មែរវិញនាពេលណានោះគឺមិនទាន់មានតម្រុយនៅឡើយ ។

ដោយឡែក ពាក់ព័ន្ធចំណងស្នេហានេះ រឿន ណាត និងស្វាមីធ្លាប់បានប្រាប់មិនលាក់លៀមថា អ្នកទាំងពីរប៉ះក្រសែភ្នែកគ្នាដោយសារការថតខ្សែភាពយន្តជាមួយគ្នា ពោលគឺស្នេហាបែបឃើញភ្លាមស្រលាញ់ភ្លែតតែម្តង ។ ដោយភាគីខាងស្រីជាអ្នកចាប់អារម្មណ៍មុន តែខាងប្រុសជាអ្នកហ៊ានផ្តោះផ្តងស្នេហា ដោយពុំគិតថា អាចស្រវាផ្កាមួយទងនេះមកកាន់ក្នុងដៃបានឡើយ។ តែផ្ទុយស្រឡះ រឿន ណាត និងលាវ វេងហួរ បើកភ្លើងខៀវឱ្យគ្នាទៅវិញទៅមក រហូតបង្កើតបានទំនាក់ទំនងស្នេហាផ្អែមល្អែមដូចសព្វថ្ងៃនេះ ។

ដ្បិតអនាគតជារឿងមើលមិនឃើញ តែអតីតបវរកញ្ញារូបស្រស់ រឿន ណាត បានប្តេជ្ញារក្សាចំណងស្នេហ៍នេះឱ្យល្អបំផុត ស័ក្តិសមទៅនឹងភាពស្មោះត្រង់ និងសេចក្តីទុកចិត្តដែលគូស្នេហ៍បានផ្តល់ឱ្យនាង ៕




ចែករំលែកព័តមាននេះ