ខេត្តកំពង់ចាម ៖ គ្រោះរាំងស្ងួតបានអូសបន្លាយជាច្រើនថ្ងៃក្នុងនោះបណ្តាលឲ្យឃុំចំនួន៣មានស្រកអូរស្វាយ និងក្រឡានៃស្រុកកំពង់សៀមរហូតមកដល់ចុងខែកក្កដា ២០១៩ ទើបមានភ្លៀងធ្លាក់បង្អុរចុះមកបន្តបន្ទាប់ ។ ហើយការបង្កបង្កើនផលសម្រេចបានចំនួនជាង៦.០០០ហិកតា ស្មើនឹង៩២ភាគរយនៃផែនការ ដើម្បីផ្តត់ផ្គង់ជីវភាពគ្រួសារ ។
បុរសវ័យ៦៧ឆ្នាំ ឈ្មោះឌី ជី នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀមឲ្យដឹងថា ចាប់តាំងពីដឹងក្តីមក រូបគាត់បានឃើញម្តាយបង្កបង្កើនផលដាំដុះដំណាំស្រូវ ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ហើយមកដល់ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ត្រូវបានអាជ្ញាធរមូលដ្ឋានបានចែកដីរបបចំនួន៣A ស្ថិតនៅឆ្ងាយពីផ្ទះ ដើម្បីធ្វើស្រូវទុកពិសា តែមិនគ្រប់នោះទេ ត្រូវជួលស្រែគេបន្ថែមចំនួន២ទៀត ។
បុរសវ័យ៦៧ឆ្នាំ រូបនេះប្រាប់បន្តថា តាំងពីដូនតាមកគាត់បានប្រើប្រាស់ជីលាមកគោ ដោយយកមកបាចស្រែជាប្រភេទជីធម្មជាតិ ដោយដាក់ម្តងធ្វើឲ្យដីធូររហូតដល់ទៅ៣ឆ្នាំ ហើយទិន្នផលក៏បានច្រើនដោយស្រូវកិនជាអង្ករដាំបាយពិសាពេញៗមាត់តែម្តង ។ មកដល់ជិតដំណាច់ខែកក្កដា ២០១៩ ទើបមានភ្លៀងធ្លាក់បង្អុរចុះមកបន្តបន្ទាប់ និងមានទឹកដក់ក្នុងស្រែច្រើន គាត់បានជួលអ្នកភូមិឲ្យមកដកសំណាបមកស្ទូងបណ្តើរៗ ហើយក្នុងពេលខាងមុខដំណាំស្រូវរបស់គាត់មានប្រភេទពូជ អ៊ីអែ ៥៨ និងរាំងជ័យដែលធ្វើរាល់ឆ្នាំ ចំពោះទិន្នផលវិញមិនបានដឹងថាយ៉ាងម៉េចនោះទេ ក្នុងពេលខាងមុខ ដោយអ្នកភូមិរបស់គាត់នាំគ្នាបង្កបង្កើនផលដំណាំស្រូវប្រវាសមេឃ បើមេឃសំបូរភ្លៀងស្រូវបានផលល្អ បើមេឃខ្សត់ភ្លៀងស្រូវបានទាប ឫស្កកខ្លះក៏មានដែរ ។
លោកស្រី ហ៊ុន ឃីម ប្រធានការិយាល័យកសិកម្មស្រុកកំពង់សៀម ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨កក្កដា ២០១៩ថា គ្រោះរាំងស្ងួតបានអូសបន្លាយយូររហូតមកដល់ជិតដំណាច់ខែកក្កដា ទើបមានភ្លៀងធ្លាក់មកបន្តបន្ទាប់ ដោយក្នុងឃុំចំនួន៣ខាងលើ ដែលរងផលប៉ះពាល់ជាងគេក្នុងចំណោមឃុំផ្សេងៗទៀត តែមិនបានបង្កឲ្យមានលក្ខណៈធ្ងន់នោះទេ ដោយសារក្រោយមកភ្លៀងត្រូវវិញ និងបានធ្វើឲ្យដីស្រែមានសំណើមដក់ទឹក ។
ប្រធានការិយាល័យកសិកម្មស្រុកកំពង់សៀម ប្រាប់បន្តថា រហូតមកដល់ពេលនេះការដាំដុះដំណាំស្រូវសម្រេចបានចំនួន៩២ភាគរយស្មើជាង៦.០០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៨ កន្លងទៅសម្រេចបាន១០០ភាគរយ ឆ្នាំនេះវិញមានការយឺតយាវក្នុងការបង្កបង្កើនផល ។ ប្រជាកសិករភាគច្រើននាំគ្នាប្រើប្រាស់ជីកំប៉ុស្តិ៍(ជីធម្មជាតិ) ដោយមានអង្កការជាច្រើនបានជួយទំនុកបំរុងក្នុងការបង្រៀនឲ្យចេះប្រើប្រាស់ ដែលធ្វើឲ្យដីធូរស្រូវងាយចាក់រឹសជ្រៅ ចូលក្នុងដី ទោះជាយ៉ាងដូច្នេះកី្តក៏មិនបាន១០០ភាគដែរ ដោយមានអ្នកខ្លះប្រើជីគីមី ដើម្បីបង្កើនទិន្នផលស្រូវ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ