រាជធានីភ្នំពេញ ៖ ក្រោយពីដំណើរចាកចេញពីប្រទេសកម្ពុជាទៅរស់នៅទឹកដីអាមេរិករយៈពេលជិត១០ឆ្នាំមកនេះ អតីតតារាចម្រៀង និងសម្តែង អ្នកនាងម៉ៅ សុចាន់ធី គ្រោងមកលេងស្រុកជាលើកដំបូងនៅក្នុងអំឡុងខែមីនា ឬខែមេសាខាងមុខនេះ ។ ដំណើរមកលេងស្រុកខ្មែររបស់ស្ត្រីមេម៉ាយកូន១រូបនេះ ក្នុងគោលបំណងជួបជុំបងប្អូន និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានមួយចំនួនជាមួយនឹងមិត្តភក្តិរបស់នាងមួយចំនួនទៀតដែលធ្វើការមួយគ្នានៅអាមេរិក ។
ក្នុងបទសម្ភាសន៍ជាមួយកោះសន្តិភាពតាមរយៈសារអេឡិចត្រូនិកកាលពីពេល ថ្មីៗនេះ អ្នកនាងម៉ៅ សុចាន់ធី អះអាងថា តាមគម្រោងនាងអាចនឹងមកលេងស្រុកខ្មែរជាលើកដំបូងនៅក្នុងអំឡុងខែមីនា ឬខែមេសា ខាងមុខនេះជាមួយមិត្តភក្តិដែលធ្វើការជាមួយគ្នា៥ទៅ៦នាក់ទៀត។ ការមកលេងស្រុកខ្មែរនេះ នាងអាចនឹងស្នាក់នៅរយៈពេល១ខែ ឬ២ខែទៅតាមភាពជាក់ស្តែង ព្រោះចាប់តាំងពីទៅរស់នៅលើទឹកដីអាមេរិកអស់រយៈពេលជិត១០ឆ្នាំមកនេះ នាងមិនដែលបានមកលេងស្រុកទេ ។
អ្នកនាងម៉ៅ សុចាន់ធី អះអាងថា ការមកលេងស្រុកខ្មែរនេះ នាងគ្រាន់តែមានបំណងមកជួបជុំក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិប៉ុណ្ណោះ គឺគ្មានបំណងមករស់នៅវិញឡើយ ។ នាងបាននិយាយថា «នាងខ្ញុំគ្មានបំណងមករស់នៅស្រុកខ្មែរវិញឡើយ ដោយសារតែនៅក្នុងស្រុកនាងខ្ញុំមានបញ្ហា» ប៉ុន្តែជាបញ្ហាអ្វីនោះ នាងមិនបានអធិប្បាយឡើយ ។ អ្នកនាងម៉ៅ សុចាន់ធី សម្តែងក្តីអាឡោះអាល័យស្រុកទេស និងបានចាត់ទុកស្រុកខ្មែរជាទីកន្លែងដ៏សប្បាយរីករាយមួយ ចំណែកអាជីពសិល្បៈវិញគឺនាងនៅតែស្រឡាញ់ ហើយពេលមកស្រុកបើមានឱកាសអាចនឹងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ។
អតីតតារាសម្តែងអ្នកនាងម៉ៅ សុចាន់ធី បានអះអាងពីការរស់នៅលើទឹកដីអាមេរិកថា សព្វថ្ងៃនាងប្រកបរបរជាអ្នកចែកបៀនៅកាស៊ីណូមួយ ហើយឆ្លៀតពីការងារនោះ នាងប្រកបអាជីពជាអ្នកច្រៀង ។ ការរសាត់ខ្លួនទៅរស់នៅលើទឹកដីអាមេរិកអស់ពេលជិត១០ឆ្នាំមកនេះ នាងនៅមិនទាន់មានស្វាមីនៅឡើយទេ ប៉ុន្តែសារភាពថា នាងមានកូនម្នាក់កាលរស់នៅស្រុកខ្មែរ ។ អ្នកនាងម៉ៅ សុចាន់ធី ហាក់មិនចង់អធិប្បាយអ្វីច្រើនឡើយពាក់ព័ន្ធនឹងជីវិតឯកជនរបស់នាង ព្រោះស្រមោលខ្មៅដែលនាងធ្លាប់ជួបប្រទះពេលរស់នៅក្នុងស្រុក បានរសាត់ចេញពីអារម្មណ៍របស់នាងស្ទើរតែបាត់អស់ទៅ ហើយ ។
អ្នកនាងម៉ៅ សុចាន់ធី បានចាកចេញទៅរស់នៅប្រទេសអាមេរិកក្នុងអំឡុងឆ្នាំ២០០៥ បន្ទាប់ពី នាងមានជម្លោះ និងបាក់បែកស្នេហាជាមួយបុរសជាមន្ត្រីម្នាក់ ។ អ្នកនាងសុចាន់ធី ជាតារាសម្តែង និងចម្រៀង មានឈ្មោះបោះសំឡេងគួរសម ។ ខ្សែភាពយន្តដែលនាងបានចូលរួមសម្តែងមិនក្រោម២០រឿងឡើយ ព្រមទាំងសម្តែងនៅក្នុងបទចម្រៀងកាយវិការឱ្យផលិតកម្ម ផ្សេងៗជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ