ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ជំនាន់ ៤.០ ចាប់ផ្តើម​ហូរ​ចូល​ក្នុង​ឧស្សាហកម្ម​កាត់ដេរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធាន​ប្រតិបត្តិ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បានឱ្យ​ដឹង​ថា គ្រប់​រោងចក្រ​ទាំងអស់​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជំនាន់ ៤.០ ប៉ុន្តែ​បច្ចេកវិទ្យា​ទាំងនោះ​វា​មាន​តម្លៃ​ថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​រោច​ក្រ​មួយ​ចំនួន​ទ្រាំ​ប្រើ​ប​ច្ចេ​វិទ្យា​ជំនាន់​ចាស់ ។…

រាជធានី​ភ្នំពេញ​៖ ប្រធាន​ប្រតិបត្តិ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បានឱ្យ​ដឹង​ថា គ្រប់​រោងចក្រ​ទាំងអស់​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជំនាន់ ៤.០ ប៉ុន្តែ​បច្ចេកវិទ្យា​ទាំងនោះ​វា​មាន​តម្លៃ​ថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​រោច​ក្រ​មួយ​ចំនួន​ទ្រាំ​ប្រើ​ប​ច្ចេ​វិទ្យា​ជំនាន់​ចាស់ ។ តែ​ទោះជា​យ៉ាងនេះ​ក្តី​មាន​រោងចក្រ​មួយ​ចំនួន​បាន​នាំ​យក​បច្ចេកវិទ្យា​ជំនាន់ ៤.០​មក​ប្រើ​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​ជា​បន្តបន្ទាប់​នា​ពេល​ច​បច្ចុប្បន្ន ។

លោក លី តេ​ក​ហេង ប្រធាន​ប្រតិបត្តិ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ២៣ ខែកក្កដា​មកនេះ​ថា បច្ចេកវិទ្យា​ជំនាន់ ៤.០ នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​មានការ​ប្រើប្រាស់​ច្រើន ។ កាលពីមុន​ៗ​ពេល​យើង​ចង់បាន​ម៉ូ​ដ​ខោអាវ​អ្វីមួយ​ទាមទារ​ឱ្យ​យើង​ធ្វើ​គំរូ​ច្រើន ដើម្បី​យក​មក​បង្ហាញ​គេ​តែ​មក​ដល់​សព្វ​ថ្ងៃនេះ​គេ​គ្រាន់តែ​ធ្វើ​នៅ​ប្រទេស​គេ (​គំរូ​) រួច​ផ្ញើរ​មក​តាម​អន​ឡាញ គឺ​រោងចក្រ​អាច​ផលិត​បាន​» ។ លោក​លើក​ឡើង​ថា «​សម្រាប់​រោងចក្រ​ដែល​បាន​បោះទុន​វិនិយោគ​រយៈពេល​យូរ​ឆ្នាំ​ហើយ​នោះ ពួក​គាត់​ប្រើប្រាស់​ម៉ាស៊ីន ឬ​បច្ចេកវិទ្យា​ស៊េរី​ចាស់​មិន​ទាន់​មានការ​បោះបង់​ចោល​១០០% ទេ ប៉ុន្តែ​បច្ចេកវិទ្យា​ថ្មី​ខ្លះ​ៗ​បាន​ចូល​ទៅ​ក្នុង​រោងចក្រ​របស់​គាត់​ជា​បន្តបន្ទាប់​» ។

លោក​បន្ត​ថា «​និយាយ​ជា​រួម​រោងចក្រ​ទាំងអស់​ពួក​គាត់​ចង់​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប ចង់​មានការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ចាស់​មក​ថ្មី ព្រោះ​វា​ជួយ​ឱ្យ​ផលិតភាព​ខ្ពស់​របស់​ក្រុមហ៊ុន ។ ម៉ាស៊ីនដេរ​សម្លៀក​បំពាក់​នៅ​ជំនាន់​មុន​ៗ​មក​ដល់​សព្វ​ថ្ងៃនេះ​ដេរ​មិន​ទាន់​ម៉ាស៊ីនដេរ​សម័យ​ថ្មី​នេះ ហើយ​ថ្នេរ​ខោអាវ​ចេញ​មក​ក៏​ល្អ​ទៀត ពេញចិត្ត​អ្នក​ប្រើ ។ ចង់បាន​អាវ ឬ​ក៏​ថ្នេរ​អាវ​ស្អាត​ទាល់តែ​យើង​មាន​ម៉ាស៊ីនដេរ​មានគុណ​ភាពល្អ​» ។

បើ​តាម​ប្រធាន​ប្រតិបត្តិ បច្ចុប្បន្ន​រោងចក្រ​នីមួយ​ៗ​ចង់​ផ្លាស់​ប្តូរ​ប្រើ​បច្ចេកវិទ្យា​គ្រប់​គ្នា ប៉ុន្តែ​គ្រប់​ផលិតផល​ថ្មី​ទាំងនោះ​វា​មាន​តម្លៃ​ថ្លៃ ។ ដូចនេះ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខ្លះ​បង្ខំ​ប្រើ​បច្ចេកវិទ្យា​ជំនាន់​មុន ។ ម្យ៉ាងទៀត​មាន​រោងចក្រ​ខ្លះ​បានដឹង​ពី​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​តែ​ក្នុង​នោះ​ក៏​មាន​រោងចក្រ​ខ្លះ​ក៏​បានដឹង​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​នេះ​ដែរ ។

លោក​ឧកញ៉ា វ៉ា​ន់ ស៊ូ​អៀង ប្រធាន​សមាគម​កាត់ដេរ​នៅ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា «​សម័យកាល​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន​នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម​កាត់ដេរ​ក៏​ត្រូវ​តែ​មាន​បច្ចេកវិទ្យា​ជំនាន់​ទី ៤ នេះ បើ​រោងចក្រ​កាត់ដេរ​អត់​មាន​គឺ​ប្រកួតប្រជែង​ជាមួយ​គេ​អត់​ឈ្នះ​គេ​ទេ​» ។
បើ​តាម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ រីក​ចម្រើន​បច្ចេកវិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស កំពុង​ជះ​ឥទ្ធិពល​ដល់​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ទៅ​លើ​របៀបរបប​នៃ​ប្រតិបត្តិការ​អាជីវកម្ម និង​ការងារ​គ្រប់​ប្រភេទ ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់​មាន​ប្រសាសន៍​ថា ទោះបី​បច្ចេកវិទ្យា​ថ្មី​ទាំងនេះ​អាច​ឈាន​ទៅ​បំផ្លាញ​ការងារ​មួយ​ចំនួន​ក្តី​ក៏​វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ​ព្រមទាំង​លើកកម្ពស់​ផលិតភាព និង​ប្រាក់​ឈ្នួល​កាន់តែ​ខ្ពស់ ។ លោក​បន្ត​ថា បរិការណ៍​នេះ​ទាមទារ​ឱ្យ​កម្ពុជា​មានការ​បន្ទាន់​ចាំបាច់​ក្នុង​ការ​ចាប់​យក​ម៉ូ​ដែល និង​យុទ្ធសាស្ត្រ​កំណើន​ថ្មី ដើម្បី​បន្ត​ការ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ឈាន​ទៅ​ដំណាក់កាល​ពឹងផ្អែក​លើ​កំណើន​ដែល​ជំរុញ​ដោយ​ផលិតភាព ដោយ​ចាក​ចេញពី​ដំណាក់កាល​នៃ​កំណើន​ជំរុញ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ដែល​បាន​អនុវត្ត​ជោគជ័យ​កន្លង​មក ។

លោក​បណ្ឌិត​បញ្ជាក់​ថា «​ដើម្បី​បន្ត​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង យើង​ត្រូវ​ខិតខំ​អនុវត្ត​ឱ្យ បាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​ដែល​បាន​ដាក់​ចេញ​កន្លង​មក ជា​ពិសេស​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អភិ​ឌ្ឍ​ន៍​ឧស្សាហកម្ម គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ ព្រមទាំង​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ក្តី​ប្រាថ្នា​របស់​យើង​ក្នុង​ការ​ប្រែ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០» ។

គួរ​រំឭក​ថា បច្ចុប្បន្ន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មាន​សមាជិក​ជាង ៦០០ រោងចក្រ ហើយ​ពលរដ្ឋ​កម្ពុជា​កំពុង​ទទួល​បានការ​ងារ​ពី​ឧស្សាហកម្ម​មួយ​នេះ​មាន​ប្រមាណ ៧០ ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ