ខេត្តក្រចេះ ៖ ផ្សោតឈ្មោលពេញវ័យបន្តពូជដ៏ធំមួយក្បាល មានទំងន់ជាង១០០គីឡូក្រាមប្រវែងជិត២ ម៉ែត្រ ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកទន្លេនៅម្តុំ ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី។ ការងាប់របស់សត្វផ្សោតឈ្មោលមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្ត្រីជំនាញអភិរក្សសន្និដ្ឋានជាជំហានដំបូងថា
ងាប់ដោយសារជាប់មង ខណៈនៅឃុំវិញដងខ្លួននិងនៅកន្ទុយសត្វផ្សោត គឺមានស្នាមរុំដោយខ្សែមង។
ប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លោកម៉ុក ពន្លក បានសម្តែងការសោកស្តាយ ចំពោះការងាប់របស់សត្វផ្សោតវ័យជំទង់ ដែលជាវ័យពេញបន្តពូជមួយក្បាលនេះ។ លោកប្រធានឆ្មាំ និងជានា យករងខណ្ឌរដ្ឋបាលជលផលរូបនេះបានកំណត់ថា សត្វផ្សោតឈ្មោលមួយក្បាលដែលងាប់នេះ មានប្រវែង១,៩៨សង់មែត្រ ទំងន់១០១គីឡូក្រាម ជាផ្សោតដែលរស់នៅអន្លង់កោះផ្តៅ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ និងមានលេខសំគាល់ID 031 និងមានអាយុចន្លោះពី១៥ទៅ១៨ឆ្នាំ។ ផ្សោតមួយក្បាលនេះត្រូវបានគេប្រទះ ឃើញងាប់ អណ្តែតទឹកទន្លេនៅថ្ងៃទី២២ ខែកក្កដា ក្រោយការរុំជាប់មងរបស់អ្នកនេសាទបាន១ថ្ងៃ។
ក្រុមបុគ្គលិករបស់អង្គការ WWF ដែលជាអង្គការជាដៃគូរក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ បានបង្ហាញថា រាប់ទាំងការងាប់របស់សត្វផ្សោតមួយក្បាលនេះ ជាសត្វផ្សោតទី៥ហើយដែលបានត្រូវគេប្រទះឃើញងាប់តាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ខណៈចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះ គឺមានចំនួន៩ក្បាល។ ការរដាក់ម៉ងនៅ ក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែលធ្វើអោយសត្វផ្សោតទន្លេមេគង្គបាត់បង់ជីវិត។
នាយរងខណ្ឌរដ្ឋបាលជលផលនិងជាប្រធានឆ្មាំអភិរក្សលោក ម៉ុក ពន្លក បានថ្លែងថា កន្លងមកការអភិរក្សត្រូវបានក្រុមមន្ត្រីបានចុះអនុវត្តយ៉ាងតឹងរឹង ធ្វើឡើងគ្រប់រដូវកាលមិនថា តែទឹមសម្រកឬទឹកតម្លើងនោះទេ ពោលគឺសកម្មភាពដូចភ្លៀងរលឹម។ តែយ៉ាងណាសកម្មភាព ការលួចធ្វើនេសាទពីជនឱកាសនិយមនៅតែលួចលាក់។ លោកអះអាងថា កន្លងមកថ្មីៗនេះ ក្រុមមន្ត្រីរបស់លោក បានចាប់ខ្លួនជនល្មើសដែល បានលួចធ្វើសកម្មភាពនេសាទខុសច្បាប(ឆក់ត្រី) នៅក្នុងតំបន់ហាមឃាត់។ តែការលួចរាយ មងពន្លិចទឹក ដើម្បីចាប់យកត្រីមេពូជធំៗក្នុងអង្លង់ផ្សោតតាមតំបន់ហាមឃាត់ពីជនឱកាស និយម គឺនៅតែកើតមានដែលភាគច្រើនពួកគេធ្វើសកម្មភាពនៅពេលយប់។
លោកម៉ុក ពន្លក បានថ្លែងប្រាប់ឲ្យដឹងទៀតថា សព្វថ្ងៃទន្លេមេគង្គខេត្តក្រចេះមានត្រី ផ្សោត រស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ ត្រីផ្សោតទាំងអស់នេះសព្វ ថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ។ អន្លង់ទាំងនោះមានដូចជា អន្លង់ខ្សាច់ ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។
ក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពីមានត្រីផ្សោរ រស់នៅច្រើន ជាងគេក្នុង ចន្លោះចាប់ពី២០ទៅ៣០ក្បាល។ ដោយលោកបានធ្វើការប៉ាន់ប្រមាណក្នុង ឆ្នាំ២០១៩នេះ ត្រីផ្សោតអាចមាន កំណើនដល់ទៅជាង១០ក្បាល តាមរយះការបង្កកំណើត៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ