រាជធានីភ្នំពេញ ៖ កញ្ញា អៀង ម៉េងលិ ហៅម៉ី ម៉ី ជាតារាសម្ដែងស្រករក្រោយដែលមានរូបសម្បត្ដិស្រស់សោភាគួរឱ្យគយគន់ នាងជារលកក្រោយម្នាក់ដែលអនាគតមានដំណើរសិល្បៈដូចរៀមច្បងជាតារាសម្ដែងល្បីឈ្មោះដូចជា នី មុនីនាថ ឬសារ៉ាយ សក្ខណាជាដើម ព្រោះតែអាចសម្ដែងបានគ្រប់យ៉ាង ។ ដោយសារតែមានគុណសម្បត្ដិនេះហើយ ទើបផលិតកម្មមួយចំនួនមិនសូវជាមើលរំលងនាងប៉ុន្មានទេ គឺឧស្សាហ៍អញ្ជើញនាងទៅសម្ដែងជាប្រចាំមិនសូវដាច់ឡើយ ។
ម៉ី ម៉ី ជាតារារលកក្រោយដែលប្រាថ្នាតួនាទីជាតារារះចិញ្ចាចក្នុងពិភពសិល្បៈ ព្រោះតែមានទឹកចិត្ដស្រឡាញ់វិស័យនេះតាំងពីវ័យក្មេងខ្ចី ។ អីុចឹងហើយទើបពេលដឹងថា កូនស្រីមានឧបនិស្ស័យស្រឡាញ់អាជីពសិល្បៈ ម្ដាយនាងក៏នាំឱ្យមកចូលរៀនផ្នែកសិល្បៈបុរាណនៅសាលាវិចិត្រសិល្បៈ ដើម្បីឱ្យមានជំនាញកាន់តែប្រសើរជុំវិញរបៀបសម្ដែង ព្រោះអ្នកសិល្បៈបើកាលណាបានចូលសាលាហាត់រៀនត្រឹមត្រូវនោះពិតជាមានឱកាសយល់ដឹងពីរបៀបសម្ដែងតាមសាច់រឿង ទាំងការបញ្ចេញទឹកមុខជាដើម ។
ជាក់ស្ដែង កញ្ញា នី មុនីនាថ ពូកែខាងសម្ដែងដោយសារតែនាងមានប្រវត្ដិរៀននៅសាលាវិចិត្រសិល្បៈ ។ សម្រាប់តារាសម្ដែងជំនាន់ថ្មីនាង ម៉ី ម៉ី តាំងពីឆក់បានឱកាសមានមុខប្រឡូកក្នុងវិស័យសិល្បៈមក នាងតែងតែចំណាយពេលដើរសម្ដែង ដោយមានម្ដាយជូនទៅសម្ដែងនៅស្ទើរគ្រប់កន្លែងជាមួយទឹកចិត្ដស៊ូ ព្រោះយល់ថា ជាតារាម្នាក់មុននឹងល្បីឈ្មោះមានគេទទួលស្គាល់ត្រូវតែតស៊ូខ្លាំងណាស់ បើមិនដូចនេះទេ គឺដួលទៅវិញហើយ ។ ម៉្យាង តារាដែលល្បីសព្វថ្ងៃនេះ មិនមែនចេះតែល្បីលឿននោះឡើយ ពោលគឺត្រូវឆ្លងកាត់ឧបសគ្គយ៉ាងច្រើនរូបភាព រាប់ទាំងពាក្យចចាមអារ៉ាមផងដែរ ។
កញ្ញា ម៉ី ម៉ី ដែលជាតារារលកក្រោយ បានសម្ដែងការយល់ឃើញថា នាងដឹងខ្លះដែរសម្រាប់តារាស្រីដែលប្រឡូកក្នុងវិស័យសិល្បៈច្បាស់ជាគេចមិនផុតពីពាក្យលេចឮមិនល្អណាមួយឡើយ ។ នាងតែងតែដឹងខ្លះថា កន្លងមករៀមច្បងមុនៗរមែងជួបពាក្យលេចឮមិនពិតដូចជាថា មានអ្នកនេះចិញ្ចឹម អ្នកនោះចិញ្ចឹម ។ល។ ប៉ុន្ដែសម្រាប់នាងអ្វីដែលសំខាន់គឺខ្លួនឯង អ្នកណាគេថាអីស្រេចតែគេចុះ កុំឱ្យតែយើងទៅជាន់ដានជាមួយបញ្ហាទាំងអស់នោះដោយចិត្ដឯងនោះគ្មានបញ្ហាឡើយ ។ នាងទើបតែប្រឡូកក្នុងសិល្បៈថ្មីៗនេះទេ បើនិយាយពីទឹកចិត្ដវិញគឺស្រឡាញ់បំផុត ហើយបានចូលរៀននៅសាលាវិចិត្រសិល្បៈដើម្បីឱ្យមានគ្រឹះជាគោល ដឹងពីរបៀបសម្ដែង ។ ក្រៅពីចេះដឹងផ្នែកសម្ដែងកាយវិការ នាងក៏អាចរាំរបាំបានមួយចំនួនដែរ ដោយសារតែនៅសាលាវិចិត្រសិល្បៈ គេបង្ហាត់ ហើយជំនាញនាងគឺផ្នែករបាំបុរាណនិងប្រពៃណី។
ដោយសារតែនៅវ័យក្មេង ឆ្លៀតពេលទំនេរពីការសិក្សាឱ្យតែមានការហៅទៅសម្ដែងគឺនាងទទួលភ្លាមមិនចោលទេ តែបើប៉ះចំថ្ងៃរៀនគឺនាងមិនទៅឡើយ ព្រោះសិល្បៈស្រឡាញ់មែន តែបើនិយាយពីរឿងរៀនវិញគឺនាងគិតជារឿងសំខាន់ណាស់ដែរ ពោលគឺជាជំហានទី១បន្ទាប់ពីសិល្បៈដោយសារតែអ្នកសិល្បៈ បើមានចំណេះឱ្យច្រើនក៏កាន់តែប្រសើរដែរដូចអ្នកសិល្បៈនៅស្រុកគេអីុចឹង ។ ក្នុងប្រវត្ដិកសាងស្នាដៃលើវិថីសិល្បៈកន្លងមក នាងធ្លាប់បានសម្ដែងរឿងឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បាយ័ន និងរឿងខ្លះនៅតាមរោងភាពយន្ដមួយចំនួនដែរ ។
ចំណែកម្ដាយរបស់កញ្ញា ម៉ី ម៉ី អ្នកស្រីសោម រចនា ដែលតែងតែទៅណាមកណាតាមមើលការខុសត្រូវលើកូនស្រីនិយាយថា កូនស្រីគាត់ម្នាក់នេះស្រឡាញ់សិល្បៈយូរមកហើយតាំងពីតូចដោយដំបូងគាត់មិនសូវជាចង់ឱ្យប្រឡូកទេ តែប្រហែលជានាងមាននិស្ស័យកាត់ទៅរកគាត់ក៏មិនដឹង ព្រោះគាត់ពីមុនក៏ជាអ្នកចម្រៀងម្នាក់ដែរ ។ ដោយសារតែធ្វើជាអ្នកសិល្បៈត្រូវមានភាពតស៊ូ និងងាយរងពាក្យមិនល្អ គាត់ចេះតែមិនចង់ឱ្យកូនស្រីចូលប្រឡូក តែនិស្ស័យមិនអាចផ្ដាច់ចេញពីសិល្បៈបាន ទើបឱ្យនាងប្រឡូកតែម្ដងទៅ ព្រោះយល់ថា កិច្ចការណាក៏ដោយ បើចេះប្រាកដប្រាក់រត់រក សំខាន់នៅលើខ្លួនយើងប៉ុណ្ណោះ ។
អ្វីដែលសំខាន់ទៀតនោះ គឺគាត់ឱ្យកាត់បន្ថយសិល្បៈខ្លះ ព្រោះទុកពេលឱ្យរៀនសិន ទាំងសាលារដ្ឋ និងផ្នែកភាសា ព្រោះតាំងពីតូចមកនាងរៀនភាសាអង់គ្លេសផង ចិនផង ហើយអាចនិយាយបានទាំង២ភាសាខ្លះៗហើយ ទើបចង់ឱ្យនាងចាប់យកការសិក្សាជាគោល ។ បើសិល្បៈមានគេទាក់ទងនោះមើលលើពេលទំនេរតាមហ្នឹងដែរ ឱ្យចោលក៏មិនចោលចេះតែបណ្ដើរៗទៅឱ្យមានបទពិសោធន៍ខ្លះ ៕
ចែករំលែកព័តមាននេះ