រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក ព្រឹទ្ធសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៣បង្កើតរោងចក្រផលិតអគ្គិសនីសម្រាប់ផ្គត់ផ្គង់នៅកម្ពុជា។ ការអនុម័តអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៣ធ្វើការបង្កើតរោងចក្រអគ្គិសនី បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន៥ នៅព្រឹកថ្ងៃទី១១ កក្កដា២០១៩ ក្រោមអធិបតីភាពសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាសរុប៤៨រូប នៃចំនួនសមាជិកសភាទាំងមូល ដើម្បីពិនិត្យ និងសម្រេចលើករបៀបវារៈចំនួនដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា) ឯ.ក ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើក ទី៣ ព្រឹទ្ធសភា នីតិកាលទី៤។
២- ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រឺញូវេប៊ល ឯ.ក ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ