រាជធានីភ្នំពេញ ៖ លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានកំពុងឆ្លើយបំភ្លឺសំណួរមួយចំនួនរបស់សមាជិករដ្ឋសភាទាក់ទង និងតួនាទី និងភារៈកិច្ចរបស់ខ្លួន ។ ការឆ្លើយបំភ្លឺរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើឡើងក្នុងសម័យប្រជុំពេញរដ្ឋសភានាព្រឹកថ្ងៃទី៤ ខែកក្កដានេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។
សម្រាប់ការកោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកសួរនាំពីសំណាក់រដ្ឋសភាឯកបក្សក្នុងអាណត្តិទី៦នេះ បើតាមសម្តេច ហេង សំរិន ប្រធានរដ្ឋសភាការប្រជុំមិនត្រូវបានកំណត់កូរ៉ុមសមាជិកសភាចូលរួមនោះទេ ។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹង កាលពីថ្ងៃទី៣ ខែកក្កដា កន្លងថា ក្រៅពីកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នរដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីមួយចំនួនទៀត ដើម្បីមកបំភ្លឺនៅចំពោះមុខអង្គប្រជុំរដ្ឋសភាបន្តទៀតផងដែរ ។
សូមជម្រាបថា ការបើកកិច្ចប្រជុំកំណត់ថ្ងៃ ដើម្បីសម័យប្រជុំរដ្ឋសភាពេញអង្គនេះ ដើម្បីសួរដេញដោលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ គឺជាលើកដំបូងហើយសម្រាប់រដ្ឋសភាឯកបក្សក្នុងអាណត្តិទី២ នីតិកាលទី៦ នៃរដ្ឋសភា ។ យោងតាមមាត្រា៩៦នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល ហើយចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូបឬច្រើនរូបអាស្រ័យដោយបញ្ហាដែលបានចោទឡើង ។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន ។
មាត្រានេះអនុញ្ញាតឲ្យរដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីឆ្លើយផ្ទាល់មាត់ក៏បានឆ្លើយជាលាយលក្ខណ៍អក្សរក៏បាន ។ តាមការសង្កេតក្នុងនីតិកាលទី៦នេះ កិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ម្តងៗរបស់រដ្ឋសភាមិនសូវមានការសួរដេញដោលគ្នា ឬមានភាពផុសផុលក្នុងការតតាំងគ្នាឡើយពោល គឺមិនដូចកាលមានសមាជិកសភាមកពីអតីតបក្សប្រឆាំង ។ ជាការកត់សម្គាល់រដ្ឋសភាក្នុងនីតិកាលទី៦នេះក៏រងការរិះគន់ពីមជ្ឈដ្ឋានជាតិ- អន្តរជាតិមួយចំនួនថា ជារដ្ឋសភាឯកបក្សដោយសារអាណត្តិនេះមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលគ្រប់គ្រងអាសនៈក្នុងរដ្ឋសភា ។
ទោះយ៉ាងណាក្តីកាលពីពេលកន្លងមកភាគីរដ្ឋាភិបាលក៏ដូចជា គណបក្សកាន់អំណាចធ្លាប់បានអះអាងថា ទោះរដ្ឋសភាមានគណបក្សតែមួយក៏កម្ពុជានៅតែជាប្រជាធិបតេយ្យ សេរីពហុបក្សដែរ ព្រោះកម្ពុជាមានគណបក្សច្រើនក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតតែគ្រាន់គណបក្សទាំងនោះមិនទទួលបានអាសនៈក្នុងរដ្ឋសភា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ