រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាក្រុមចោរឆក់ ខណៈជិះម៉ូតូត្រឡប់មកពីលក់ទូរស័ព្ទដែលឆក់បាន ស្រាប់តែជួបកម្លាំងនគរបាលកំពុងល្បាតតាមផ្លូវ ខណៈនោះពួកគេភិតភ័យយ៉ាងខ្លាំង ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនយ៉ាងលឿន ប៉ុន្តែរត់មិនរួច ដោយត្រូវនគរបាលដេញតាម ទើបពួកគេផ្ដួលម៉ូតូចោលរួចរត់គេចខ្លួនដោយថ្មើរជើងចូលក្នុងផ្សារមួយកន្លែង ។
ទីបំផុតនៅតែត្រូវឃាត់ខ្លួនបានដដែល ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង៦នាក់ខាងលើនោះ ១-ឈ្មោះ កួយ យុទ្ធ អាយុ១៨ឆ្នាំ នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ម៉េង សីហា អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ៣-ឈ្មោះសុខ គឹមហាក់ អាយុ១៨ឆ្នាំ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ៤-ឈ្មោះ ប៊ុន សុផា អាយុ១៨ឆ្នាំ ៥-ឈ្មោះ អៀង សុខខេង អាយុ១៨ឆ្នាំ និង៦-ឈ្មោះ សុផល កវី អាយុ១៨ឆ្នាំ អ្នកទាំង៣មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូ២គ្រឿងជាមធ្យោបាយធ្វើសកម្មភាព ក្នុងនោះ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយសពាក់ស្លាក លេខ 1HB-1558 និង១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ1HJ-9848។
តាមនគរបាលបានឲ្យដឹងថា នៅមុនពេល ឃាត់ខ្លួនកម្លាំងនគរបាលខណ្ឌបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន លុះទៅដល់ត្រង់ចំណុចជិតរង្វង់មូលចោមចៅ ក៏ប្រទះឃើញជនសង្ស័យទាំង៦នាក់កំពុងជិះម៉ូតូមើលទៅគួរឲ្យសង្ស័យបំផុត។ ខណៈនោះកម្លាំងមិនទាន់បានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យផង ស្រាប់តែជនទាំងនោះនាំគ្នាជិះម៉ូតូរត់គេចខ្លួនយ៉ាងលឿន ទើបកម្លាំងដេញតាម និងឃាត់ទាំងម៉ូតូម៉ាកហុងដាប៊ីត និងមនុស្ស៣នាក់។
ប្រភពដដែលបន្តថា ចំណែក៣នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមរត់គេចខ្លួនបន្តពីកន្លែងមួយទៅកន្លែងមួយចុះឡើងៗត្រឡប់ចូលទៅក្នុងផ្សារត្រពាំងពោធិ៍ជិតរោងចក្រ QMI ទើបត្រូវនគរបាលឃាត់ខ្លួនបាន ។ បន្ទាប់មកជនទាំង៦នាក់នោះត្រូវបាននាំទៅកាន់ប៉ុស្តិ៍ចោមចៅ៣ សាកសួរមួយជំហ៊ានរួច ទើបបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំកសាងសំណុំរឿងចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ