បន្ទាប់ពីត្រូវបានដោះលែងពីការឃុំឃាំងដោយសារការប្រើប្រាស់កញ្ឆា តារាចម្រៀងប៉ុបជប៉ុនបានសុំទោសអ្នកគាំទ្ររបស់គាត់ដោយលុតជង្គង់នៅពីមុខស្ថានីយប៉ូលីសក្នុងតំបន់ ។ លោក Junnosuke Taguchi ដែលជាសមាជិកស្ថាបនិកនៃក្រុម Japanese boy band KAT-TUN ត្រូវបានចាប់ខ្លួនកាលពីខែមុនជាមួយមិត្តស្រីរបស់លោកដែលជាអតីតតារាសម្តែងស្រីឈ្មោះ Rena Komine ក្នុងខុនដូរបស់ពួកគេនៅក្រុងតូក្យូ ពីបទបំពានច្បាប់គ្រប់គ្រងកញ្ឆា ។

គូស្នេហ៍នេះត្រូវបានគេចាប់ខ្លួននៅឯតំបន់ Wangan Precinct ក្រុងតូក្យូ បន្ទាប់ពីប៉ូលីសក្រុងតូក្យូត្រូវបានគេរាយការណ៍ថាបានរកឃើញកញ្ឆាចំនួន ២,២ ក្រាម ។ របាយការណ៍របស់ SoraNews24 បានរាយការណ៍ថាប្រាក់ធានារបស់ពួកគេត្រូវបានកំណត់ចំនួន ៣ លានយ៉េន ស្មើនឹង ២៧.៦៦៩ ដុល្លារ ។ កាលពីដើមខែនេះលោក Taguchi បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយកាយវិការសុភាពរាបសាបន្ទាប់ពីលោក និងមិត្តស្រី Komine ត្រូវបានដោះលែងពីមណ្ឌលឃុំឃាំង Wangan Precinct ។
ស្ថិតក្នុងសម្លៀកបំពាក់ឈុតខ្មៅធម្មតាតារាល្បីវ័យ ៣៣ ឆ្នាំរូបនេះបានចេញសេចក្តីថ្លែងការណ៍មួយនៅចំពោះមុខអ្នកកាសែតដែលកំពុងរង់ចាំគាត់នៅខាងក្រៅ ។ បន្ទាប់មកគាត់បានលុតជង្គង់ចុះហើយឱនក្បាលដាក់ថ្ងាសរបស់គាត់ទៅលើផ្លូវថ្នល់ក្នុងរយៈពេល ១៩ វិនាទី ។ លោក Taguchi បានសារភាពចំពោះអាជ្ញាធរថាលោកបានជក់កញ្ឆាអស់រយៈពេល ១០ ឆ្នាំ ហើយបានប្តេជ្ញាថានឹងចាកចេញពីវាបន្ទាប់ពីការចាប់ខ្លួន ។

លោក Taguchi ត្រូវបានគេដកស្រង់សម្តីដែលបាននិយាយថា «ខ្ញុំសុំទោសពីដួងចិត្តរបស់ខ្ញុំទៅអ្នកគាំទ្ររបស់ខ្ញុំដែលរីករាយចំពោះខ្ញុំជារៀងរាល់ថ្ងៃ និងដល់មនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងអាជីពរបស់ខ្ញុំ ។ ខ្ញុំសូមសន្យាថាខ្ញុំនឹងមិនឱ្យមានស្នាមប្រឡាក់ជាមួយគ្រឿងញៀនខុសច្បាប់ ឬសកម្មភាពឧក្រិដ្ឋទៀតទេ ។ ក្នុងរយៈពេលមួយខ្ញុំនឹងព្យួរសកម្មភាពឧស្សាហកម្មកម្សាន្តរបស់ខ្ញុំ ដើម្បីកែខ្លួនយ៉ាងហ្មត់ចត់ និងធ្វើឱ្យមានការប្រែចិត្តសម្រាប់អំពើបាបរបស់ខ្ញុំ» ។
Taguchi បានបន្ថែមថា «ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីរស់នៅក្នុងជីវិតរបស់ខ្ញុំតាមរបៀបដែលខ្ញុំអាចទទួលបាននូវទំនុកចិត្តរបស់អ្នក ។ ខ្ញុំពិតជាសោកស្តាយណាស់» ។ ដោយឡែកមិត្តស្រី Komine មិនបាននិយាយទៅកាន់អ្នកយកព័ត៌មានទេ ហើយនាងបានចាកចេញដោយស្ងៀមស្ងាត់តាមច្រកចេញខាងក្រោយ ៕
ប្រភព៖ nextshark , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ