គ្រូបង្រៀនអង់គ្លេសម្នាក់ធ្វើឱ្យអ្នកភូមិភ័យនាំគ្នារត់ទាំងព្រលឹងចុងសក់ ផ្អើលសង្កាត់ចោមចៅ៣ទាំងថ្ងៃ (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអណិកជនខ្មែរ-អាមេរិកាំងធ្លាប់រស់នៅអាមេរិកពេលនេះមកធ្វើជាគ្រូបង្រៀននៅកម្ពុជា ហើយប្រើគ្រឿងញៀនរហូតដល់កម្រិតក៏ដេញវាយអ្នកភូមិអត់រើសមុខឲ្យតែឃើញធ្វើឲ្យអ្នកភូមិភ័យខ្លាចនាំគ្នារត់ទាំងព្រលឹងចុងសក់គ្រប់ៗគ្នា ថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយបំបែកកញ្ចក់ទ្វារអ្នកភូមិបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងផ្ទះល្វែង តាមផ្លូវលំ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសខាងលើនេះឈ្មោះ កែ គិរី អាយុ៣៩ឆ្នាំ មានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលា «ស្វីតហូម» ស្នាក់នៅផ្ទះជួលជាប់ក្បែរកន្លែងកើតហេតុជាមួយស្ត្រីម្នាក់ជាសង្សារដែលមិនទាន់រៀបការនៅឡើយ និងមានស្រុកកំណើតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយឡែកម្ចាស់ផ្ទះរងការវាយបំផ្លាញនោះឈ្មោះ រ៉េត លីមហួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ បុរសរូបនេះត្រូវបានថ្នាំញៀនរើឡើងបណ្ដាលឲ្យមានស្មារតីមិនប្រក្រតីដូចជាមនុស្សកម្រោលចូលខ្លួន ហើយវាយទៅលើបុរសឈ្មោះ រ៉េត លីមហួ ដែលកំពុងជិះម៉ូតូបត់ចូលផ្ទះដោយមិនដឹងខ្លួន ប៉ុន្តែវាយត្រូវមួកសុវត្ថិភាពទើបគ្មានគ្រោះថ្នាក់ ។ បន្ទាប់មកជននេះដេញវាយអ្នកភូមិបង្កឲ្យមានការភ័យខ្លាចគ្រប់ៗគ្នាហើយម្នាក់ៗនាំគ្នារត់ស្ទើរតែមិនរួចពីកណ្ដាប់ដៃរបស់គាត់ឡើយ ក្រោយពីវាយមនុស្សអត់បានជននេះវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយបំបែកកញ្ចក់ទ្វារផ្ទះរបស់ឈ្មោះរ៉េត លីមហួ បណ្ដាលឲ្យបែករងការខូចខាតខ្ទេចខ្ទី។

ប្រភពដដែលបន្តថា មិនតែប៉ុណ្ណោះនៅពេលនោះដោយសារតែបុរសខាងលើនេះមានមាឌធំ និងសម្បុរខ្មៅគ្រាក់ផងនោះធ្វើឲ្យម្នាក់ៗភាន់ច្រឡំថាគាត់គឺជាជនជាតិស្បែកខ្មៅ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ព្រមទាំងកម្លាំងនគរបាលអន្តោប្រវេសន៍ចុះទៅអន្តរាគមន៍។

ប្រភពដដែលបន្តថា ខណៈនោះកម្លាំងនគរបាលបានប្រើពេលដល់ទៅ៣ម៉ោង ដើម្បីបង្ក្រាបនិងចាប់ខ្លួនបុរសនោះ ទម្រាំតែចាប់បានស្ទើរតែមានគ្រោះថ្នាក់ដល់កងកម្លាំងទៅហើយ ព្រោះបុរសញៀនថ្នាំខាងលើកាន់សុទ្ធតែអំបែងកញ្ចក់ និងអំបែងកែវគប់ដាក់កងកម្លាំង។ លុះក្រោយពេលចាប់បានទើបដឹងថា បុរសនោះមិនមែនជាជនជាតិស្បែកខ្មៅទេ គឺគាត់ជាអណិកជនខ្មែរ-អាមេរិក ដែលគាត់បានភៀសខ្លួនកាលពីអំឡុងក្រោយឆ្នាំ១៩៧៩ ជាមួយក្រុមគ្រួសារទៅរស់នៅសហរដ្ឋអាមេរិកមានរយៈពេល៣០ឆ្នាំហើយ។

ប្រភពបន្តថា គាត់ត្រូវបានរដ្ឋាភិបាលអាមេរិកបញ្ជូនឲ្យមករស់នៅប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ ព្រោះតែគាត់មិនបានចូលសញ្ជាតិអាមេរិក ហើយបានចាប់យកមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលា ស្វីតហូន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ និងបានក្លាយទៅជាមនុស្សបែកថ្នាំបែបនេះ ដែលមិននឹកស្មានដល់ឡើយ ពេលនេះនគរបាលនាំខ្លួនគាត់ទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)

















ចែករំលែកព័តមាននេះ