ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំ​សន្និសីទ​អន្តរជាតិ ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង Online Scams ឆ្លុះ​បញ្ចាំង​ពី​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល និង​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា​ កម្ពុជាជា​ប្រទេស​រង​គ្រោះ

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា ការ​រៀបចំ «​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» គឺ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) បង្ហាញ​ពី​ការ​ទទួលខុសត្រូវ និង​បើកចំហ​ឱ្យ​សហគមន៍​អន្តរជាតិ​ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​។

ការ​លើក​ឡើង​បែប​នេះ ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៦ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ «​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​ ៖ «​រួម​គ្នា​ឆ្ពោះទៅ​កាត់​ផ្តាច់​ច្រ​វ៉ា​ក់ និង​បញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្គេ​ម​អន​ឡាញ​»​ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា ចំពោះ​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​នេះ ក៏​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា​ កម្ពុជាចេញពី​ប្រទេស​រង​គ្រោះ ដែល​ប្រឈម​នឹង​បញ្ហា និង​ចាត់​វិធានការ ព្រមទាំង​ជា​គំរូ​មួយ​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ថា តើ​ក្នុង​រយៈពេល​ខ្លី​ ដែល​កម្ពុជា​ឈាន​ទៅ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ច្រើន​ករណី​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា រាជ​កម្ពុជា មិន​មានរឿង​អ្វី​ដែល​ត្រូវ​លាក់បាំង​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះ​ទេ ហើយ​កម្ពុជា មិន​មាន​ផលប្រយោជន៍​អ្វី​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះ​ដែរ​ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា «​ព្រឹត្តិការណ៍​នេះ គឺ​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​មើលឃើញ​ថា​ កម្ពុជាជា​ប្រទេស​ដែល​រង់​គ្រោះ​ដោយសារ​តែ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដូច្នេះកម្ពុជា ត្រូវ​ស្តារ​មុខមាត់​របស់​ខ្លួន​ឡើង​វិញ​។ កម្ពុជា ត្រូវ​ទាមទារ​កិត្តិយស​របស់​ខ្លួន​ឡើង​វិញ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹង​របស់​រាជរដ្ឋាភិបាល​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»​ ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជារីករាយ ​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​វា​ជា​បញ្ហា​រួម​របស់​តំបន់ និង​នៅ​លើ​ពិភពលោក​។ កម្ពុជា ទទួលស្គាល់​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​កម្ពុជា ក៏​ជា​ប្រទេស​ដែល​រង​គ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆ្លង​ដែរ​នេះ​ដែរ​។ ទន្ទឹម​នេះ កម្ពុជា​ក៏​ប្រឈម​បញ្ហា និង​ក៏​កំពុង​ចាត់វិធានការ​ក្នុង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។

សូម​បញ្ជាក់​ថា គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ ដល់​ខែសីហា ឆ្នាំ​២០២៦ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​លើ​ទីតាំង​សង្ស័យ​បាន​ចំនួន​ជាង ៨៣០​កន្លែង និង​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ចំនួន ៦៦៣​ទីតាំង ក្នុង​នោះ​បាន​គ្រប់គ្រង និង​កម្ទេច​ទីតាំង​អន​ឡាញ​ស្កែ​ម​ទ្រង់ទ្រាយ​ធំ​បាន​រហូត​ដល់ ៨៦​កន្លែង និង​បាន​បណ្តេញចេញ​មុខសញ្ញា​ជនសង្ស័យ​ជា​ជនបរទេស​ជាង ២​ម៉ឺ​នាក់​។

គួរ​ជម្រាប​ថា ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ «​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ ខាង​មុខ​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ «​រួម​គ្នា​ឆ្ពោះទៅ​កាត់​ផ្តាច់​ច្រវាក់ និង​បញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្កែ​ម​អន​ឡាញ​»​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​នឹង​មានការ​ចូលរួម​ពី​តំណាង​បណ្តា​ប្រទេស​ជាង ២០ និង​អង្គការ​អន្តរជាតិ​ធំ​ៗ​ចំនួន ៣​ផង​ដែរ​ ៕