កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី ៣ ភាគីកម្មកររក្សាគោលជំហរដូចដើម ដោយកំណើនប្រាក់ចាប់ពី ២២៥,៣ដុល្លារ និង ២៥០,៦ដុល្លារ ខណៈនិយោជកសុំនៅដដែល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តកិច្ចប្រជុំជាលក្ខណៈត្រីភាគី គិតមកត្រឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ ភាគីពាក់ព័ន្ធនៅតែរក្សាគោលជំហរដដែល ដែលបានកំណត់កំណើនប្រាក់ឈ្នួលដែលបានដាក់ចេញកាលពីថ្ងៃទី ១៤ ខែកញ្ញា កន្លងទៅនេះ ។ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើឡើងក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ ២០២៧ ខណៈគិតមកត្រឹមថ្ងៃទី ១៨ ខែកញ្ញានេះ កិច្ចប្រជុំត្រូវបានធ្វើលើកទី ៣ និងបន្តកិច្ចប្រជុំ ២ លើកបន្ថែមទៀត ដើម្បីសម្រេចលទ្ធផលប្រាក់ឈ្នួល ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ៖ «ក្នុងកិច្ចប្រជុំនាពេលនេះ ភាគីនិយោជកនៅតែរក្សាគោលជំហរមិនដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៧ ទេ ខណៈភាគីកម្មករនិយោជិតនៅតែមានសំណើតួលេខចំនួនពីរដដែល ដោយតួលេខមួយ គឺសុំកំណើនចំនួន ១០,៣ដុល្លារ ស្មើនឹងចំនួន ២២៥,៣ដុល្លារ (មានន័យថា សំណើមួយគឺ ២១៥,៣ បូកជាមួយនឹង ២១០ដុល្លារ អញ្ចឹងបាន ២២៥,៣ដុល្លារ)។ និងតួលេខមួយទៀត ដែលចេញពីភាគីកម្មករនិយោជិត គឺស្នើសុំកំណើនចំនួន ៤០,៦ដុល្លារ មានន័យថាស្នើសុំប្រាក់ឈ្នួលឆ្នាំក្រោយ ឡើងដល់ទៅ ២៥០,៦ដុល្លារ សម្រាប់ឆ្នាំ ២០២៧ ខាងមុននេះ» ។

ឯកឧត្តម ហេង សួរ បានឱ្យដឹងថា សម្រាប់ភាគីរាជរដ្ឋាភិបាល គឺយើងបានធ្វើបទបង្ហាញជូនតាំងពីថ្ងៃទី ១ អំពីលក្ខណៈវិនិច្ឆ័យទាំង ៧ ជាពិសេសគឺទៅលើស្ថានភាពសេដ្ឋកិច្ចសកល ដែលមិនទាន់មានភាពច្បាស់លាស់ ហើយស្ថានភាពនៅមជ្ឈិមបូព៌ាក៏មិនទាន់ច្បាស់លាស់ វិបត្តិថាមពលក៏មិនទាន់ច្បាស់លាស់ ស្ថានភាពនៅក្នុងវិស័យផ្សេងៗទៀត ក៏មិនទាន់ច្បាស់លាស់ ហើយប្រទេសនៅក្នុងតំបន់ ដែលជាគូប្រកួតប្រជែងរបស់យើង ក៏កំពុងតែពិចារណាក្នុងការកំណត់ប្រាក់ឈ្នួល ឬមួយក៏មិនទាន់កំណត់ ។

ជាមួយគ្នានេះដែរ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងថា ភាគីសហជីពនៅតែបន្តកិច្ចពិភាក្សា និងសម្របសម្រួលផ្ទៃក្នុង ដើម្បីស្វែងរកតួលេខប្រាក់ឈ្នួលអប្បបរមាតែមួយ មុននឹងឈានទៅដល់ការបោះឆ្នោត ប្រសិនបើមិនអាចសម្រេច បាននូវការឯកភាពរួម ។លោកបន្តថា ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ គឺមានបន្តបន្ទាប់ទៀត ហើយភាគីសហជីព កន្លងមកបានលើកយកតួលេខ ២ សម្រាប់ស្នើកំណើន ដោយសារយើងមានក្រុមច្រើនដូចនេះតួលេខស្នើសុំខុសគ្នា ។ យើងត្រូវការពិភាក្សា និងសម្រាប់សម្រួល ដើម្បីរកតួលេខណាមួយ ដើម្បីឱ្យស្របទៅតាមនឹងស្ថានភាព ។

លោកបានបន្ដថា ការប្រជុំទ្វេភាគីរវាងសហជីព និងនិយោជក ដោយកាលពីប្រជុំថ្ងៃទី ១៤ ទទួលបាននូវអ្វីដែលជាការលើកពីភាគីនិយោជក ហើយមានទឡ្ហីករណ៍ដាក់តួលេខនេះដែរ ។ ក៏ប៉ុន្ដែនៅថ្ងៃទី ១៨ នេះក្រុមលោកទទួលបាននូវព័ត៌មានភ្លាមៗ មួយចំនួនទៀតដែលពាក់ព័ន្ធជាមួយទៅនឹងផលប៉ះពាល់ក៏ដូចជាបញ្ហារបស់ភាគីនិយោជកហើយ ដូច្នេះក្រុមលោកក៏យល់ឃើញថា ស្ថានភាពបច្ចុប្បន្ននេះទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាលើពិភពលោកដឹងថា វាមានផលប៉ះពាល់អីខ្លះ ។ អ្វីដែលក្រុមលោកបានសម្រេចចិត្តថា ត្រូវកែសម្រួលក្នុងកម្រិតណាមួយ នឹងមានកិច្ចពិភាក្សាជាមួយភាគីសហជីពពិភាក្សាគ្នាបន្ត នៅក្នុងចន្លោះពីថ្ងៃទី ១៨ នេះរហូតដល់ថ្ងៃ ២៨ នឹងរកពេលណាមួយដើម្បីក្រុមលោកប្រជុំពិភាក្សាគ្នាមួយលើក ឬក៏ពីរលើកទៀត ។

បន្ថែមពីនេះលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ជំហររបស់ខ្លួនថា សម្ព័ន្ធសហជីពជាតិ ប្រកាន់យកតួលេខប្រាក់ឈ្នួល ២២៥,៣ ដុល្លារ ខណៈលោកអំពាវនាវឱ្យកម្មករនិយោជិត និងសាធារណជន យល់ពីភាពស្មុគស្មាញនៃដំណើរការចរចាប្រាក់ឈ្នួល និងការថ្លឹងថ្លែងលើស្ថានភាពការងារ និងការវិនិយោគ ។ លោកបានលើកឡើងថា ការចរចាប្រាក់ឈ្នួលមិនមែនជារឿងងាយស្រួលដូចការលើកសំណើ ឬការទាមទារនោះទេ តួលេខត្រូវពិនិត្យទៅតាមលក្ខណៈវិនិច្ឆ័យ និងទិន្នន័យពាក់ព័ន្ធ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួល ។

លោកបន្តថា ក្នុងនាមជាមេដឹកនាំសហជីព លោកចង់ឱ្យកម្មករទទួលបានប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែការកំណត់ប្រាក់ឈ្នួលក៏ត្រូវពិចារណាពីបរិយាកាសវិនិយោគ និងសមត្ថភាពរបស់អ្នកវិនិយោគផងដែរ ។ ប្រសិនបើថ្លៃពលកម្មកើនឡើងខ្ពស់ពេក អ្នកវិនិយោគអាចយកប្រទេសផ្សេងៗ ក្នុងតំបន់ដូចជា វៀតណាម និងបង់ក្លាដែស មកប្រៀបធៀបក្នុងការសម្រេចចិត្តវិនិយោគ ។ ដូច្នេះការកំណត់ប្រាក់ឈ្នួលត្រូវគិតទាំងពីរផ្នែក គឺប្រាក់ចំណូលរបស់កម្មករ និងការរក្សាឱកាសការងារ ។ លោកក៏បានអំពាវនាវដល់កម្មករ កម្មការិនី និងពលករ ពលការិនី ឱ្យយោគយល់ចំពោះដំណើរការចរចា ដោយលោកបញ្ជាក់ថា ការលើកតួលេខទាមទារគឺងាយស្រួល ប៉ុន្តែការនាំតួលេខចូលទៅក្នុងតុចរចាត្រូវការទិន្នន័យ និងការថ្លឹងថ្លែងលើកត្តាជាច្រើន ដើម្បីស្វែងរកតួលេខដែលអាចទទួលយកបានពីគ្រប់ភាគី ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ