រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុបត្រៀមរៀបចំយុទ្ធសាស្ត្ររួមថ្មីស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាក៏ដូចជាពិភាក្សានិងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមនិងវិស័យអាទិភាពរបស់កម្ពុជាសម្រាប់រយៈពេលមធ្យម៧ទៅ១០ឆ្នាំ ពិសេសក្នុងបរិបទនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានឹងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបពិភាក្សាការងាររវាង លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១២ ខែ មិថុនា បើតាមសេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា «ជំនួបនេះមានគោលដៅចម្បងគឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំយុទ្ធសាស្ត្ររួមថ្មីរបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពជា»។
ប្រភពដដែលបានបញ្ជាក់ថា «យុទ្ធសាស្ត្រថ្មីរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជានឹងបន្តអនុវត្តនិងពង្រឹងបន្ថែមទៅលើភាពជោគជ័យដែលសម្រេចបានដោយយុទ្ធសាស្ត្រអឺរ៉ុប២០១៤-២០១៩។ យុទ្ធសាស្ត្រនេះនឹងត្រូវរៀបចំឡើងដោយមានសង្កតិភាពជាមួយនឹងផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាមាន ៖យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩ដល់២០២៣, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០និងយុទ្ធសាស្ត្រតាមវិស័យដទៃទៀត។ យុទ្ធសាស្ត្រថ្មីនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងភាពជាដៃគូឆ្នាំ២០១៩ដល់ ២០២៣ ដែលផ្តោតសំខាន់លើការពង្រឹងភាពជាម្ចាស់ការរបស់រាជរដ្ឋាភិបាលនិងការជំរុញភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ការរៀបចំយុទ្ធសាស្ត្រថ្មីរបស់សហភាពអឺរ៉ុបនេះគឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់ដៃគូ អឺរ៉ុបសម្រាប់គាំំទ្រដំណើរការនៃកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា»។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍសម្រាប់កម្ពុជា ឆ្នាំ២០១៤ដល់ ២០១៩ បានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីខែវិច្ឆិកា២០១៤ ដោយផ្តោតលើអាទិភាពចំនួន៥៖១) – វិស័យអភិបាលកិច្ច, ២) – ការជំរុញដំណើរការសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព, ៣) – ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ៤) – ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបង្កើតការងារនិង ៥) – ការអភិវឌ្ឍធន ធានមនុស្ស។ ក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធសាស្ត្រនេះដៃគូអឺរ៉ុប បានបើកផ្តល់ហិរញ្ញប្បទានសរុប ប្រមាណ១.១៣០លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងប្រមាណ៨១៨លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ៣១១លានដុល្លារអាមេរិក៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ