ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះដឹង​ធ្វើ​ហិរញ្ញវត្ថុ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​រយៈ​៤​ថ្ងៃ​ក្នុង​ខេត្តសៀមរាប ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី ១១ មិថុនា ដល់…

ខេត្តសៀមរាប ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​រយៈ​៤​ថ្ងៃ​ក្នុង​ខេត្តសៀមរាប ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី ១១ មិថុនា ដល់ ១៤ មិថុនា ឆ្នាំ​២០១៩ ដោយ​មាន​សិក្ខាកាម​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន​៣០០​នាក់​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ ផ្ដោត​សំខាន់​លើ ការ​សន្សំ​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព និង​ចំណេះដឹង​មូលដ្ឋាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

កញ្ញា កែវ ធីតា មន្ត្រីជាន់ខ្ពស់​ផ្នែក​បរិស្ថាន និង​សង្គម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ពន្យល់​ថា សិក្ខា​កាម​ដែល​បាន​ចូល​រៀន​ក្នុង​វគ្គ​សិក្សា​នេះ នឹង​ទទួល​បាន​ចំណេះ​ផ្នែក​គ្រប់គ្រង​សាច់ប្រាក់ របៀប​សន្សំ និង​ទីកន្លែង​ទុកដាក់​ប្រាក់​ដ៏​មាន​សុវត្ថិភាព អត្ថប្រយោជន៍​នៃ​ការ​សន្សំ និង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ «​នេះ​គឺជា​ការ​យកចិត្តទុកដាក់​មួយ​របស់ អម្រឹត ចំពោះ​បងប្អូន​នៅ​តាម​បណ្ដាល​ខេត្ត​ដែល​ខ្វះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជា​ពិសេស​គឺ​ស្ត្រី​មេផ្ទះ​»​។ មន្ត្រីជាន់ខ្ពស់​រូប​នេះ​បញ្ជាក់​បន្ថែម​។

លោកស្រី ទុន និស្ស័យ ដែល​បាន​ចូល​រៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នា​ថ្ងៃ​ទី​១១ មិថុនា នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប បាន​លើក​ឡើង​ថា «​កាលពីមុន​ខ្ញុំ​មិន​ចេះ​ចាត់ចែង​លុយកាក់​របស់ខ្ញុំ​នោះ​ទេ បន្ទាប់​ពី​បាន​រៀន​វគ្គ​នេះ​ចប់ ខ្ញុំ​អាច​ចេះ​បែងចែក​លុយកាក់​ណាខ្លះ​ដែល​ត្រូវ​ចាយ និង​លុយកាក់​ណាខ្លះ​មិន​ត្រូវ​ចំណាយ និង​យក​លុយ​ទៅ​សន្សំ​នៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​»​។

វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ ដែល​ថ្ងៃ​ទី​១១ និង​១២ មិថុនា ធ្វើ​នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈ​ថ្ងៃ​ទី​១៣ និង​១៤​មិថុនា ធ្វើ​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​សិក្ខាកាម​ចូលរួម​ប្រមា​ន​៧៥​នាក់​។

សូម​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​» ដល់​សិក្ខាកាម​តាម​បណ្ដាល​ខេត្ត​ក្រុង​ទាំង​២៥​ចាប់តាំងពី​ឆ្នាំ​២០១១​មក ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ សិក្ខាកាម​ដែល​បាន​ចូល​រៀន​សរុប​ចំនួន​ប្រមាណ​ជាង ៤.០០០ នាក់ ក្នុង​នោះ​អម្រឹត ក៏​តែងតែ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​បរិស្ថាន និង​វិធានការ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ផង​ដែរ​។

តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ប្រសិទ្ធភាព ព្រមទាំង​ការ​ការពារ​អតិថិជន និង​ទំនួល​ខុស​ត្រូវ​សង្គម អម្រឹត ទទួល​បាន​វិ​ញ្ញាប​ណ្ណ​ប័ត្រ ការ​ការពារ​អតិថិជន នៅ​ឆ្នាំ​២០១៨ ពី Smart Campaign ដែល​ជា​អង្គការ​អន្តរជាតិ​ទទួលខុសត្រូវ​លើ​គោលការណ៍​ការពារ​អតិថិជន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

បច្ចុប្បន្ន​នេះ អម្រឹត មាន​បុគ្គលិក​ប្រមាណ​ជាង ៤.០០០ នាក់​កំពុង​បម្រើ​អតិថិជន​សរុប​ជាង​៤៦៥.០០០ នាក់ តាម​រយៈ​ការិយាល័យ​ប្រតិបត្តិ​ចំនួន ១៥៦ សាខា ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន​ប្រាក់​បញ្ញើ​សរុប​ជាង ៤៧៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្ពាធ​ឥណទាន​សរុប​ប្រមាណ​ជិត​៩០០ លាន​ដុល្លារ​សហ​រដ្ឋអាមេរិក និង​ទ្រព្យសកម្ម​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ