ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​កំណើត​និង​ប្រវតិ្ត​សិល្បៈ​ល្ខោន​បាសាក់​

11 ឆ្នាំ មុន

សិល្បៈ​បុរាណ​ខ្មែរ​មាន​ច្រើន​ទម្រង់​ ក្នុង​នោះ​មាន​សិល្បៈ​ល្ខោន​បាសាក់​ផង​ដែរ​ ។ តើ​សិល្បៈ​ល្ខោន​បាសាក់​ មាន​ប្រភព​កំណើត​នៅ​ទីណា​ និង​មាន​ប្រវត្តិ​បែប​ណា​ ?​

សិល្បៈ​បុរាណ​ខ្មែរ​មាន​ច្រើន​ទម្រង់​ ក្នុង​នោះ​មាន​សិល្បៈ​ល្ខោន​បាសាក់​ផង​ដែរ​ ។ តើ​សិល្បៈ​ល្ខោន​បាសាក់​ មាន​ប្រភព​កំណើត​នៅ​ទីណា​ និង​មាន​ប្រវត្តិ​បែប​ណា​ ?​

តាម​ឯក​សារ​ទស្សនីយ​ភាព​ខ្មែរ​ ឱ្យ​ដឹង​ថា​ ល្ខោន​បាសាក់​បាន​យក​ឈ្មោះ​របស់​ខ្លួន​ពី​ទីកន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​រីក​ចម្រើន​ទៅ​ ពោល​គឺ​ល្ខោន​បាសាក់​មាន​ដើម​កំណើត​នៅ​ស្រុក​បាសាក់​ ខេត្ត​ឃ្លាំង​ ទល់​មុខ​ព្រះ​ត្រពាំង​ កម្ពុជា​ក្រោម​ ។​ ទឹក​ដី​កម្ពុជា​ក្រោម​នេះ​ ត្រូវ​ពួក​អាណា​និគម​បារាំង​ កាត់​ទៅ​ឱ្យ​វៀត​ណាម​ ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​១៩៤៩​ ឥឡូវ​ស្ថិត​នៅ​ «ភាគ​ខាង​ត្បូង​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម» ។ បាសាក់​ជា​ឈ្មោះ​ទន្លេ​មួយ​ដែល​ជា​ខ្នែង​មួយ​នៃ​ទន្លេ​មេគង្គ​ទាំង​បួន​ ដែល​ប្រសប់​គ្នា​នៅ​ភ្នំពេញ​ «ចតុម្មុខ​» ។​ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ទិស​ខាង​ត្បូង​ចាក់​ទៅ​ក្នុង​ឈូង​សមុទ្រ​ចិន​ ហើយ​គឺ​នៅ​លើ​ដង​ទន្លេ​នេះ​ហើយ​ដែល​ជា​ទីតាំង​នៃ​ស្រុក​បាសាក់​ ខេត្ត​ឃ្លាំង​ ទល់​មុខ​ខេត្ត​ព្រះ​ត្រពាំង​ ដែល​ល្ខោន​បាសាក់​បាន​ចាប់​កំណើត​ឡើង​ ។​ តំបន់​នេះ​ក៏​ដូច​ជា​តំបន់​ដទៃ​ទៀត​ ដែល​មាន​ប្រជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​ជា​តំបន់​មាន​អារ្យ​ធម៌​ និង​មាន​កេរ​ដំណែល​វប្បធម៌​ខ្មែរ​ពី​បុរាណ​ច្រើន​ដូច​ជា​ប្រាសាទ​ ស្រះ​បុរាណ​ វត្ត​អារាម​ តន្ត្រី​ច្រើន​វង់​ និង​ល្ខោន​ច្រើន​ប្រភេទ​ ដូច​ជា​យូកេរ្តិ៍​ និង​ល្ខោន​យក្ស​រាំ​ជាដើម​។​

តាម​ព័ត៌​មាន​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទទួល​បាន​ ល្ខោន​បាសាក់​ ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ​នេះ​ មាន​ប្រភព​ពី​ល្ខោន​ទ្រើង​ឃ្លោក​ ហើយ​បាន​រីក​ចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញ​វន្ត​មួយ​ក្រុម​ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​ខាង​អក្សរ​សិល្បិ៍​ និង​សាសនា​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ចៅ​អធិការ​វត្ត​ខ្សាច់​កណ្តាល​ «បាសាក់​ព្រះ​ត្រពាំង» កម្ពុជា​ក្រោម​ ឈ្មោះ​លោក​គ្រូ​សួរ​​ ។​ ប្រវត្តិ​ជា​ហូរ​ហែ​នោះ​គឺ​ក្រោយ​ពី​ពេល​សឹក​មក​មាន​គោល​បំណង​ថែរក្សា​ ជំរុញ​លើក​តម្លៃ​វប្បធម៌​ជាតិ​របស់​ខ្លួន​ លោក​គ្រូ​ «សួរ» ក៏​បាន​ប្រមែ​ប្រមូល​អ្នក​សឹក​ពី​បួស​ «បណ្ឌិត» ដូច​គ្នា​ ព្រម​ដោយ​កូន​សិស្ស​ កូន​គុណ​ ពុទ្ធ​បរិស័ទ​ ផ្សេងៗ​ទៀត​ បង្កើត​ជា​ល្ខោន​មួយ​វង់​ ។​ ប៉ុន្តែ​ដោយ​កាល​នោះ​នៅ​មាន​កង្វះ​ខាត​ខាង​ផ្នែក​សម្ភារ​ និង​ឆាក​ល្ខោន​នេះ​ គេ​នាំ​គ្នា​សម្តែង​ដោយ​ផ្ទាល់​ដី​ ក្នុង​រោង​ដែល​សង់​ឡើង​ដោយ​ប្រក់​ ឬ​កាប់​មែក​ឈើ​យក​មក​គ្រប​ប្រហាក់​ប្រហែល​គ្នា​នឹង​ទ្រើង​ដែល​គេ​ដាំ​ឃ្លោក​ ទើប​អ្នក​ស្រុក​គេ​និយម​នាំ​គ្នា​ហៅ​ល្ខោន​នេះ​ថា​ «ល្ខោន​ទ្រើង​ឃ្លោក»​ ។​ ល្ខោន​ទ្រើង​ឃ្លោក​នេះ​ មាន​វត្ត​មាន​រហូត​ដល់​អំឡុង​ឆ្នាំ​១៩៥៣​ ឬ​ក៏​ក្រោយ​នោះ​បន្តិច​ផង​ នៅ​ជាយ​ក្រុង​ភ្នំពេញ​ និង​ជន​បទ​នានា​ ។​

អ្នក​ខ្លះ​និយម​ហៅ​ល្ខោន​ទ្រើង​ឃ្លោក​នេះ​ថា​ ជា​ «យូរ​កេរ្តិ៍» វិញ​ ។​ ពាក្យ​យូរ​កេរ្តិ៍​នេះ​ជា​ពាក្យ​ដ៏​មាន​តម្លៃ​សម្រាប់​បញ្ជាក់​ថា​ ទម្រង់​សិល្បៈ​នេះ​គឺ​ជា​មរតក​តាំង​ពី​យូរ​លង់​មក​ហើយ​របស់​ជន​ជាតិ​ខ្មែរ​យើង​ ។​ ឈ្មោះ​នេះ​ត្រូវ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ប្រើ​ប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​សម្រាប់​សម្គាល់​ទម្រង់​ល្ខោន​មួយ​ដែល​ខ្មែរ​នៅ​កម្ពុជា​យើង​សព្វ​ថ្ងៃ​និយម​ហៅ​ថា​ ល្ខោន​បាសាក់​ នេះ​ឯង​ ។​

ល្ខោន​ទ្រើង​ឃ្លោក​ បាន​ពង្រឹង​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ ព្រោះ​អ្នក​សម្តែង​សុទ្ធ​តែ​ជា​អ្នក​ពូកែ​ខាង​អក្សរ​សិល្បិ៍​ ពូកែ​ប្រើ​ពាក្យ​សម្តី​ជា​កំណាព្យ​កាព្យ​ឃ្លោង​ ពូកែ​ការ​សម្តែង​ដោយ​ឥត​ព្រាង​ទុក​ ជា​ហេតុ​នាំ​ឱ្យ​ទស្សនិក​ជន​មាន​ការ​កោត​សរសើរ​ និង​ចូល​ចិត្ត​ក្រៃលែង​ ។ មិន​តែ​ប៉ុណ្ណោះ​ ល្ខោន​នេះ​បាន​​ទៅ​ជា​កម្ម​វត្ថុ​នៃ​ការ​ប្រឡង​ប្រជែង​ជាមួយ​នឹង​ល្ខោន​ «កៃលឿង​វៀត​ណាម» ​ហើយ​ក៏​បាន​ជះ​ឥទ្ធិ​ពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ ។ ក្រោយ​មក​ក្នុង​ការ​ដែល​ជន​ជាតិ​ចិន​មួយ​ចំនួន​ធំ​ជា​អ្នក​ភៀស​ខ្លួន​ពី​សង្គ្រាម​នៅ​ស្រុក​ចិន​ ពិសេស​ក្នុង​រយៈ​ពេល​នៃ​ការ​បះ​បោរ​របស់​ពួក​ម៉ាន់​ជូ​ បាន​ហូរ​ច្រាល​មក​តាម​សមុទ្រ​ ហើយ​បាន​ចូល​មក​បោះ​ទីតាំង​នៅ​តំបន់​កូសាំង​ស៊ីន​ រស់​នៅ​លាយ​ឡំ​ជាមួយ​ប្រជា​ជន​ខ្មែរ​ និង​ប្រជា​ជន​វៀត​ណាម​ ។​

ក្នុង​ពេល​ដែល​ហូរ​ចុះ​មក​ ជន​ជាតិ​ចិន​ទាំង​នោះ​បាន​​នាំ​យក​ទំនៀម​ទម្លាប់​ប្រពៃណី​ និង​សិល្បៈ​ ផ្សេងៗ​ដូច​ជា​ «ល្ខោន​ហ៊ី» ជា​ដើម​មក​ជាមួយ​ផង​ ។​ ទាំង​ល្ខោន​ទ្រើង​ឃ្លោក​ខ្មែរ​ ទាំង​ល្ខោន​កៃលឿង​វៀត​ណាម​ ទាំង​ល្ខោន​ហ៊ី​ចិន​ បាន​ប្រឡង​ប្រជែង​ខំ​ប្រឹង​បញ្ចេញ​ឥទ្ធិ​ពល​ រៀងៗ​ខ្លួន​ដណ្តើម​យក​ប្រជា​ប្រិយ​ភាព​ស្រូប​យក​ចំណង់​ និង​ចំណូល​ចិត្ត​ទស្សនិក​ជន​ក្នុង​តំបន់​  នោះ ។​ ទីបំផុត​ល្ខោន​ហុីចិន​ បាន​ទទួល​ជោគ​ជ័យ​ដ៏​ធំ​ធេង​ ។​ ឃើញ​ហេតុ​ផល​យ៉ាង​នេះ​ ដើម្បី​ទាម​ទារ​ប្រជា​ប្រិយ​ភាព​ក្នុង​ចំណោម​ទស្សនិក​ជន​ចម្រុះ​ជាតិ​សាសន៍​នោះ​ អ្នក​ដឹក​នាំ​ល្ខោន​ទ្រើង​ឃ្លោក​ បាន​ចម្លង​យក​ចំណុច​ សំខាន់ៗ​ខ្លះ​ពី​ល្ខោន​ហុី​ចិន​ ដែល​ខ្លួន​យល់​ថា​ មាន​សារ​សំខាន់​សម្រាប់​ល្ខោន​ខ្លួន​ ។ ចាប់​ពី​ពេល​នោះ​មក​ល្ខោន​ទ្រើង​ឃ្លោក​បាន​ទទួល​ប្រជា​ប្រិយ​ដ៏​ធំ​ធេង​ក្នុង​តំបន់​កូសាំង​សុីន​ ព្រោះ​ពេល​នោះ​ទាំង​អ្នក​ដឹក​នាំ​វង់​ល្ខោន​ ទាំង​សិល្ប​ករ​ អ្នក​សម្តែង​មាន​ការ​ឆ្លាត​វាង​វៃ​ណាស់​ នៅ​ទីណា​ កន្លែង​ណា​ដែល​មាន​ប្រជា​ជន​ខ្មែរ​ជា​អ្នក​មើល​ ភាគ​ច្រើន​គេ​តាំង​នាំ​គ្នា​សម្តែង​ជា​ភាសា​ខ្មែរ​សុទ្ធ​ កន្លែង​ណា​ដែល​មាន​ប្រជា​ជន​វៀត​ណាម​មើល​ច្រើន​ ការ​សម្តែង​តែង​ឆ្លូក​គ្នា​ជា​ពីរ​ភាសា​ គឺ​ខ្មែរ​ផង​ វៀត​ណាម​ផង​ ផ្ទុយ​ទៅ​វិញ​ កន្លែង​ណា​ដែល​មាន​ប្រជា​ជន​ចិន​មើល​ច្រើន​ គេ​តែង​និយាយ​ និង​ច្រៀង​ភាសា​ខ្មែរ​ផង​ និង​ភាសា​ចិន​ផង​ សម្រប​សម្រួល​ខ្លួន​ទៅ​តាម​លក្ខណៈ​ភូមិ​សាស្ត្រ​ទឹក​ដី​ និង​ប្រជា​ជន​នៅ​តាម​តំបន់​ ។​

ឯក​សារ​ដដែល​បញ្ជាក់​ថា​ ចំពោះ​ប្រវត្តិ​សាស្ត្រ​ដែល​ល្ខោន​ទ្រើង​ឃ្លោក​ ឬ​យូរ​កេរ្តិ៍​ ជា​មរតក​ដែល​​បាន​ចាប់​កំណើត​នៅ​កម្ពុជា​ក្រោម​ ហើយ​បាន​ត្រូវ​គេ​ប្តូរ​ឈ្មោះ​មក​ជា​ល្ខោន​បាសាក់​នៅ​កម្ពុជា​យើង​សព្វ​ថ្ងៃ​នេះ​ គឺ​មាន​ដំណើរ​រឿង​ដូច​ត​ទៅ​នេះ​ ៖

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩២០​ មាន​​បង​ប្អូន​ពីរ​នាក់​ បង​ឈ្មោះ​លី​ កាញ់​ ប្អូន​ឈ្មោះ​លី​ សួន​ និង​មាន​​ដើម​កំណើត​កើត​ជា​នៅ​ស្រុក​បាសាក់​ ដែន​ដី​កម្ពុជា​ក្រោម​ ។ លី​ កាញ់​ ជា​បង​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ដើម្បី​ទៅ​រស់​នៅ​ប្រទេស​បារាំង​ ។ ក្រោយ​មក​ដោយ​ការ​​ខំ​ប្រឹង​ប្រែង​រក​ទទួល​ទាន​មាន​បាន​ លី​ កាញ់​ ក៏​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ធន​ធាន​បង្គួរ​នៅ​ប្រទេស​បារាំង​ ។​

ថ្ងៃ​មួយ​ លី​ សួន​ ជា​ប្អូន​ផ្ញើ​សំបុត្រ​ទៅ​សួរ​សុខ​ទុក្ខ​ លី​ កាញ់​ ជា​បង​ ហើយ​ក៏​បាន​សុំ​ប្រាក់​មួយ​ចំនួន​ពី​បង​ ដើម្បី​ប្រកប​របរ​ជំនួញ​ជួញ​ដូរ​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​ ។ លី​ កាញ់​ ក្នុង​ទឹក​ចិត្ត​អាណិត​ប្អូន​ ក្នុង​ទឹក​ចិត្ត​ស្រណោះ​ស្រណោក​ស្រុក​កំណើត​ជា​ទី​រឭក​របស់​ខ្លួន​ និង​ក្នុង​ស្មារតី​ចង់​ថែរក្សា​វប្បធម៌​ពណ៌​សម្បុរ​ជាតិ​របស់​ខ្លួន​ ដែល​ស្ថិត​ក្នុង​មជ្ឈ​ដ្ឋាន​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​គង់​វង្ស​ ក៏​បាន​ផ្ញើ​ប្រាក់​មក​ឱ្យ​ លី​ សួន​ ជា​ប្អូន​ ហើយ​បាន​សរសេរ​សំបុត្រ​ប្រាប់​ថា​ «សុំ​ប្អូន​កុំ​ធ្វើ​ជំនួញ​ជួញ​ដូរ​អ្វី​ក្រៅ​ឱ្យ​សោះ​ លុយ​ដែល​បង​ផ្ញើ​ឱ្យ​នេះ​ សុំ​ប្អូន​គិត​យ៉ាង​ណា​ជួយ​ពង្រីក​ និង​ថែរក្សា​សិល្បៈ​យូរ​កេរ្តិ៍​ ដែល​មាន​កំណើត​នៅ​ឃ្លាំង​ នៅ​ព្រះ​ត្រពាំង​ ហើយ​ដែល​យើង​បាន​មើល​ទាំង​អស់​គ្នា​ជា​ញឹក​ញាប់​កាល​នៅ​ពី​ តូចៗ​នោះ​ឱ្យ​គង់​វង្ស​ផង​» ។

ដោយ​សារ​បណ្តាំ​ និង​ជំនួយ​ពី​ លី​ កាញ់​ ជា​បង​ លី​ សួន​ ក៏​ក្លាយ​ទៅ​ជា​ថៅកែ​ល្ខោន​បាសាក់​ដ៏​ល្បី​ល្បាញ​ដំបូង​គេ​បង្អស់​ដែល​ទស្សនិក​ជន​និយម​ហៅ​ឈ្មោះ​គាត់​ថា​ ថៅ​កែ​ «ឆាគ្រួន» ។​

ក្នុង​ឆ្នាំ​១៩៣០​ ក្នុង​ពេល​ដែល​ទម្រង់​នេះ​រីក​ចម្រើន​នៅ​កម្ពុជា​ក្រោម​ (វៀត​ណាម​ខាង​ត្បូង) ថៅ​កែ​ក្រុម​ល្ខោន​ឈ្មោះ​លោក​ឆាគ្រួន​ នេះ​បាន​នាំ​ក្រុម​សិល្បៈ​ល្ខោន​របស់​ខ្លួន​មក​សម្តែង​ធ្វើ​អាជីវ​កម្ម​នៅ​ភ្នំពេញ​ និង​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ ។ ដំណើរ​បេសក​កម្ម​ទី​១​របស់​ក្រុម​ល្ខោន​លោក​ឆា​គ្រួន​ ដែល​បាន​មក​សម្តែង​នៅ​ប្រទេស​កម្ពុជា​ មិន​សូវ​ទទួល​បាន​ជោគ​ជ័យ​ទេ​​ មូល​ហេតុ​មក​ពី​ទម្រង់​ល្ខោន​នេះ​ត្រូវ​ប្រឡង​ប្រជែង​ជាមួយ​ទម្រង់​ដទៃ​ទៀត​ ដែល​មាន​យ៉ាង​សម្បូរ​បែប​នៅ​កម្ពុជា​ភាគ​កណ្តាល​ ដូច​ជា​ល្ខោន​ប្រាមោ​ជ្ជទ័យ​ «១៩២០-​១៩៤០» និង​ល្ខោន​មហោរី​ ដែល​កើត​មាន​ជា​យូរ​លង់​មក​ហើយ​ ។​ ពិត​មែន​តែ​លើក​ទី​១​នេះ​ ល្ខោន​បាសាក់​បាន​ទទួល​បរា​ជ័យ​ ប៉ុន្តែ​ពេល​នោះ​សិល្ប​ករ​ល្ខោន​បាសាក់​បាន​ហាត់​រៀន​ និង​ស្រូប​យក​នូវ​ចំណេះ​ ថ្មីៗ​មួយ​ចំនួន​ពី​ទម្រង់​ល្ខោន​នៅ​ភ្នំពេញ​ ដូច​ជា​ភ្លេង​មហោរី​ ឬ​ចម្រៀង​មហោរី​ជា​ដើម​ មុន​​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ​ ។​

ក្រោយ​ពី​ពេល​ហាត់​រៀន​ និង​បាន​សម្តែង​ច្រើន​លើក​ច្រើន​សា​ដោយ​បញ្ចូល​បច្ចេក​ទេស​ ថ្មីៗ​មួយ​ចំនួន​ផង​ ល្ខោន​នេះ​​បាន​ទទួល​ជោគ​ជ័យ​កាន់​តែ​ធំ​ធេង​នៅ​តំបន់​កូសាំង​ស៊ីន​ ។​ បន្ទាប់​ពី​នោះ​មក​លោក​ឆាគ្រួន​ ក៏​នាំ​ក្រុម​របស់​គាត់​តាម​ទូក​ប៉ុក​ចាយ​ ដែល​មាន​គ្រឿង​ប្រដាប់​ដំឡើង​ឆាក​ និង​សម្ភារ​តុប​តែង​លម្អ​ ផ្សេងៗ​ គឺ​ឆាក​ចល័ត​ដែល​ដំឡើង​លើ​គោក​ក៏​បាន​​ ឬ​ដំឡើង​លើ​ទុក​ក៏​បាន​ ហើយ​នាំ​ក្រុម​សិល្បៈ​នេះ​មក​សម្តែង​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​ឯទៀត​ជា​លើក​ទី២​។​ លើក​នេះ​ល្ខោន​លោក​ឆាគ្រួន​ បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ល្ខោន​បាមោ​ជ្ជ​ទ័យ​ និង​ល្ខោន​មហោរី​ នៅ​ភ្នំពេញ​ និង​តំបន់​ដទៃ​ទៀត​នៅ​ប្រទេស​កម្ពុជា​ ពិសេស​គឺ​ខេត្ត​តាម​មាត់​ទន្លេ​ ។ ល្ខោន​លោក​ឆាគ្រួន​ នេះ​ស្រូប​យក​ទស្សនិក​ជន​យ៉ាង​ច្រើន​គគ្រឹក​គគ្រេង​ ហើយ​បាន​ធ្វើ​ឱ្យ​ល្ខោន​ប្រាមោជ្ជ​ទ័យ​ និង​ល្ខោន​មហោរី​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់​បាត់​បង់​ប្រជា​ប្រិយ​ភាព​ ហើយ​ចំនួន​ទស្សនិក​ជន​ចេះ​តែ​ថយ​ចុះ​ជា​លំដាប់​ ។ ដោយ​សារ​មធ្យោ​បាយ​សម្តែង​ថ្មី​រហ័ស​រហួន​ ស្វាហាប់​ ការ​តុប​តែង​លម្អ​ឆាក​ សម្លៀក​បំពាក់​ ការ​លាប​មុខ​ ឬ​គូរ​មុខ​ដ៏​ល្អ​ (កន្លែង​ខ្លះ​ទទួល​ឥទ្ធិ​ពល​ពី​ហុី​ចិន)​ ទាំង​ល្បិច​ហោះ​ហើរ​ក៏​ប៉ិន​ប្រសប់​ ពិសេស​សំនៀង​រដឺន​ ទាំង​សម្តី​និយាយ​ ទាំង​ចម្រៀង​របស់​ខ្មែរ​បាសាក់​ស្រទន់​ពីរោះ​ ហើយ​ពាក្យ​សម្តី​ប្រកប​ដោយ​អត្ថន័យ​ខ្លឹម​សារ​ល្អ​ ព្រោះ​អ្នក​សម្តែង​ភាគ​ច្រើន​ជា​អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ​ខាង​អក្សរ​សិល្បិ៍​ និង​សាសនា​ផង​ ធ្វើ​ឱ្យ​ទស្សនិក​ជន​នៅ​កម្ពុជា​កណ្តាល​ជក់​ចិត្ត​ដិត​អារម្មណ៍​ខ្លាំង​ រហូត​ដល់​គេ​នាំ​គ្នា​ហៅ​ ឬ​ឱ្យ​ឈ្មោះ​ទម្រង់​ល្ខោន​នេះ​ថា​ ជា​ «ល្ខោន​បាសាក់» ដោយ​យក​ទីកន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​រីក​ចម្រើន​ ?​ មក​ដាក់​ឈ្មោះ​ឱ្យ​ទម្រង់​ល្ខោន​នេះ​តែ​ម្តង​ ។​ គឺ​ចាប់​ពី​ពេល​នោះ​មក​ហើយ​ដែល​ល្ខោន​ទ្រើង​ឃ្លោក​ ឬ​យូរ​កេរ្តិ៍​ ប្រែ​ឈ្មោះ​ថា​ «ល្ខោន​បាសាក់» ដែល​យើង​ស្គាល់​ និង​បាន​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ។​

ដោយ​មូល​ហេតុ​សេដ្ឋ​កិច្ច​ ក្នុង​បំណង​យក​ទម្រង់​សិល្បៈ​ធ្វើ​ជំនួញ​ ពួក​ថៅកែ​ជា​ច្រើន​នាក់​នៃ​វង់​ល្ខោន​នៅ​ភ្នំពេញ​ បាន​រក​វិធី​ធ្វើ​ឱ្យ​វង់​ល្ខោន​លោក​ឆាគ្រួន​ ធ្លាក់​ចូល​ក្នុង​វិបត្តិ​រលាយ​ក្រុម​ ហើយ​ការ​សម្តែង​ចុះ​ខ្សោយ​ដោយ​ប្រើ​ទឹក​លុយ​ទិញ​ ដោយ​លួច​លាក់​នូវ​សិល្ប​ករ​ ពូកែៗ​ គ្រូ​ល្ខោន​ ពូកែៗ​ ដើម្បី​ឱ្យ​បែក​ខ្ចាយ​ចេញ​ពី​វង់​ល្ខោន​លោក​ថៅកែ​ឆាគ្រួន​ ដើម្បី​ចូល​មក​ផ្តល់​ចំណេះ​ និង​បម្រើ​នៅ​ក្នុង​ក្រុម​សិល្បៈ​របស់​ខ្លួន​វិញ​ ។​ វង់​សិល្បៈ​ល្ខោន​បាសាក់​របស់​លោក​ឆាគ្រួន​ បាន​ជួប​ប្រទះ​នឹង​វិបត្តិ​យ៉ាង​ធំ​មែន​ ព្រោះ​គ្រូ​ ធំៗ​ ដូច​ជា​លោក​គ្រូ​ខ្មៅ​ លោក​គ្រូ​ខ្លា​ និង​មិត្ត​ភក្តិ​ដទៃ​ទៀត​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​ក្រុម​លោក​ឆាគ្រួន​ ហើយ​ចូល​ទៅ​បង្ហាត់​ចំណេះ​ល្ខោន​បាសាក់​ ទាំង​ផ្នែក​តន្ត្រី​ ទាំង​ហួន​ ទាំង​ចម្រៀង​ ទាំង​ការ​សម្តែង​ ដោយ​ឥត​ព្រាង​ទុក​ដល់​ក្រុម​ដទៃ​ទៀត​ ។​ ប្រហែល​ជា​ចាប់​ពី​ឆ្នាំ​១៩៣៧​ នៅ​រាជ​ធានី​ភ្នំពេញ​ គឺ​ឃើញ​មាន​ក្រុម​ និង​រោង​ល្ខោន​បាសាក់​ជា​ច្រើន​ដូច​ជា​ រោង​មួយ​នៅ​ផ្សារ​កាប់​គោ​ ។​ ខាង​លិច​រោង​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន​ មាន​រោង​មួយ​ទៀត​សង់​អំពី​ឈើ​ ដែល​គេ​និយម​ឱ្យ​ឈ្មោះ​ថា​ រោង​ឈើ​ ។​ ខាង​លិច​រោង​ទី​២​ មិន​ឆ្ងាយ​ប៉ុន្មាន​ មាន​រោង​ល្ខោន​បាសាក់​មួយ​ទៀត​សង់​អំពី​ថ្ម​ ដែល​គេ​និយម​ឱ្យ​ឈ្មោះ​ថា​ រោង​ស្ពាន​កូន​កាត់​ ឬ​រោង​ថ្ម​ នៅ​កន្លែង​វិមាន​ឯក​រាជ្យ​សព្វ​ថ្ងៃ​ ដឹក​នាំ​ដោយ​អ្នក​ស្រី​ម្លិះ​ឡា​ ។ រោង​មួយ​ទៀត​នៅ​ខាង​លិច​វាំង​ ជ្រុង​ខាង​ត្បូង​ ដែល​គេ​និយម​ហៅ​ថា​ រោង​សយ​សង្វាន​ ។​ មួយ​ទៀត​រោង​ផ្សារ​សួន​ចាស់​ ឬ​រោង​ល្ខោន​ក្លឹង្គ​ នៅ​ចំ​មុខ​វត្ត​បទុម​វតី​ ។​ រោង​ផ្សារ​សុីឡឹប​ ដែល​ដឹក​នាំ​ដោយ​អ្នក​ម្នាង​ម្នាក់​នៃ​ព្រះ​រាជា​ ស៊ី​សុវត្ថិ​ មុនី​វង្ស​ គឺ​អ្នក​ម្នាង​ ឃុន​ តាត​ ឬ​ឃុន​ព្រះ​ម៉ែ​ នាង​បុប្ផាន​រលក្ខណ៍​ យិន​ តាត​ ។​ រោង​មួយ​ទៀត​នៅ​តាខ្មៅ​ ខេត្ត​កណ្តាល​ ។​ ក្រោយ​ពី​នោះ​មក​ទើប​គេ​ឃើញ​មាន​រោង​ដទៃ​ទៀត​ជា​ច្រើន​ដូច​ជា​រោង​គីឡូ​លេខ​៦​ ។ រោង​ទួល​ទំពូង​ នៅ​ចែង​ខាង​ជើង​វត្ត​ទួល​ទំពូង​សព្វ​ថ្ងៃ​ ។ រោង​ទួល​គោក​ រោង​បាក់​ស្រេង​ និង​អ្នក​ស្រី​អ៊ុន​ វ៉ាង​ «នៅ​ម្តុំ​រោង​ភាព​យន្ត​ចេន​ឡា» សព្វ​ថ្ងៃ​ ។​ រោង​ផ្សារ​ដេប៉ូ​ និង​រោង​ដទៃ​ទៀត​សម្តែង​ល្ខោន​បាសាក់​ជា​ប្រចាំ​ ។​ ឯ​រោង​ភាព​យន្ត​ល្ខោន​ គឹម​ សឹង​ នៅ​ខាង​លិច​ផ្សារ​កណ្តាល​ និង​រោង​ គឹម​ ភុង​ នៅ​ខាង​ត្បូង​ឆៀង​ខាង​លិច​ផ្សារ​ថ្មី​ ក៏​មាន​សម្តែង​ល្ខោន​បាសាក់​ម្តង​ម្កាល​ដែរ​ ។ គឺ​ចាប់​ពី​ពេល​នោះ​មក​ហើយ​ដែល​ល្ខោន​បាសាក់​ចាប់​សាយ​ភាយ​ខ្លាំង​មែន​ទែន​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ធ្វើ​សកម្ម​ភាព​ទៅ​មក​សម្តែង​ ចុះ​ឡើងៗ​គ្រប់​ទីកន្លែង​ ហើយ​មាន​ក្រុម​ខ្លះ​បាន​ទៅ​បោះ​ទីតាំង​នៅ​ខេត្ត​ និង​ស្រុក​នានា​ បាន​ទៅ​បង្រៀន​ និង​កសាង​ក្រុម​ជា​ច្រើន​តាម​មូល​ដ្ឋាន​ ផ្សេងៗ​គ្នា​ ។​

ខាង​លើ​នេះ​ជា​ប្រវត្តិ​របស់​ល្ខោន​បាសាក់​ ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទទួល​ពី​គ្រូ​ ចាស់ៗ​ និង​មិត្ត​ភក្តិ​ខ្មែរ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​សព្វ​ថ្ងៃ​ អម​ដោយ​ឯក​សារ​សរសេរ​បន្តិច​បន្តួច​ដែល​សេស​សល់​ពី​មុន​មក​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ជាក់​ថា​ ប្រវត្តិ​នេះ​ប្រាកដ​ជា​មិន​ទាន់​បាន​សុក្រឹត​ និង​លម្អិត​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​វា​អាច​ជា​មូល​ដ្ឋាន​សម្រាប់​ពិចារណា​ ខ្លះៗ​ របស់​បណ្តា​អ្នក​ស្រាវ​ជ្រាវ​ អ្នក​សិក្សា​ល្ខោន​ អ្នក​ស្រឡាញ់​អក្សរ​សិល្បិ៍​ និង​ប្រជា​ជន​ មហា​ជន​ដែល​ស្រឡាញ់​សិល្បៈ​វប្បធម៌​របស់​ប្រជា​ជន​កម្ពុជា​យើង​ ដើម្បី​ទុក​ជា​ទុន​មូល​ដ្ឋាន​ក្នុង​ការ​ឈ្វេង​យល់​តម្លៃ​ពិត​ រូប​ពិត​ ខ្លឹម​សារ​ពិត​ ទម្រង់​ពិត​ និង​លក្ខណៈ​បែប​ពិត​ ទាំង​ឡាយ​នៃ​ទម្រង់​​ល្ខោន​ខ្មែរ​ ។​

ឯក​សារ​ទស្សនីយ​ភាព​ខ្មែរ​បន្ត​ថា​ ក្រោយ​ពី​ពេល​ដែល​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បង្កើត​ឡើង​ឆ្នាំ​១៩៦៥​ ទម្រង់​ល្ខោន​បាសាក់​ ក៏​ដូច​ជា​ទម្រង់​សិល្បៈ​ឯទៀត​ជា​ច្រើន​ដែរ​ ត្រូវ​សាកល​វិទ្យា​ល័យ​ ចាត់​ឱ្យ​មាន​ក្រុម​ចុះ​សិក្សា​ស្រាវ​ជ្រាវ​រៀន​សូត្រ​ពី​លោក​គ្រូ​ អ្នក​គ្រូ​ សិល្ប​ករ​អ្នក​ជំនាញ​ ធំៗ​ ដូច​ជា​លោក​សាំង​ សារុន​ អ្នក​ស្រី​ចេច​ ម៉ាច​ លោក​គ្រូ​ពៅ​ លោក​គ្រូ​ណន​ លោក​គ្រូ​សាមិត​ ជា​ដើម​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ សាកល​វិទ្យា​ល័យ​បាន​អញ្ជើញ​លោក​គ្រូ​ទក​​ខ្មៅ​ ដែល​មាន​ទេព​កោសល្យ​អាច​សម្តែង​ជា​តួ​ឯក​ ជា​តួ​យក្ស​ ឬ​ជា​ត្លុក​ក៏​បាន​មក​បង្រៀន​ជា​គ្រូ​ប្រចាំ​នៅ​មហា​វិទ្យា​ល័យ​សិល្បៈ​នាដ​សាស្ត្រ​ថែម​ទៀត​ផង​ ។​

ក្រោយ​ពី​បាន​សិក្សា​រៀន​សូត្រ​ ភ្លេង…​ ចម្រៀង​ ក្បាច់​ហួន​បាសាក់​ និង​របៀប​សម្តែង​បាន​ត្រឹម​ត្រូវ​ហើយ​ ក្រុម​និស្សិត​ផ្នែក​ល្ខោន​បាសាក់​ ក្នុង​ស្មារតី​រក្សា​ទម្រង់​ មិន​ឱ្យ​ព្នាយ​ប្រាស​ចាក​ភាព​ដើម​ និង​ដោយ​មាន​ជំនួយ​ពី​គ្រូ​ ចាស់ៗ​ ក៏​សាក​ល្បង​ដំឡើង​​រឿង​មួយ​ចំនួន​ ដោយ​រឿង​ត្រូវ​សម្តែង​ត្រូវ​សរសេរ​ជា​រឿង​ល្ខោន​ “pièce de theatre” ដែល​មាន​ពាក្យ​សម្តី​ត្រឹម​ត្រូវ​ ហើយ​ដែល​ត្រូវ​ឱ្យ​សិល្ប​ករ​អ្នក​សម្តែង​ ទន្ទេញ​ចាំ​យ៉ាង​ស្ទាត់​ជាមុន​ ព្រម​ដោយ​មាន​ការ​ដឹក​នាំ​រឿង​ “Mise en seène” ត្រឹម​ត្រូវ​ផង​ ពោល​គឺ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ «រៀប​រយ» នៅ​ក្នុង​ការ​សម្តែង​ដោយ​រក្សា​អន្លើ​បរិយា​កាស​សប្បាយ​រីក​រាយ​ ឬ​កម្សត់​ ព្រាត់​ប្រាស​ ឬ​ក៏​អន្លើ​កំប្លុក​កំប្លែង​ទៅ​តាម​ដំណើរ​នៃ​សាច់​រឿង​ មិន​ឱ្យ​រំខាន​គ្នា​ឡើយ​ ។​

ក្នុង​ការ​សាក​ល្បង​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ «រៀប​រយ» សម្រាប់​ទម្រង់​ល្ខោន​បាសាក់​នេះ​ ក្រោយ​ពី​បាន​សម្តែង​នៅ​ទូទាំង​ប្រទេស​ជា​ញឹក​ញាប់​ឃើញ​ថា​ បាន​លទ្ធ​ផល​គួរ​ជា​ទី​ពេញ​ចិត្ត​ ដ្បិត​អាច​ទាក់​ទាញ​បាន​ ឬ​តម្រូវ​បាន​នូវ​ទឹក​ចិត្ត​របស់​ទស្សនិក​ជន​គ្រប់​មជ្ឈដ្ឋាន​ គឺ​អ្នក​ស្រែ​ចម្ការ​ អ្នក​ផ្សារ​ សិស្ស​ និស្សិត​ បញ្ញ​វន្ត​ ជា​ច្រើន​ផង​ ។​

ចំណែក​ឯ​ក្រុម​សិល្បៈ​ល្ខោន​បាសាក់​ នៅ​តាម​រោង​នានា​ក្នុង​ទូទាំង​ប្រទេស​ គឺ​រក្សា​របៀប​សម្តែង​បែប​បុរាណ​ដូច​មុន​ ពោល​គឺ​របៀប​សម្តែង​ដោយ​ឥត​ព្រាង​ទុក​ដដែល​ ៕​