ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំធ្វើការ​យប់​-​ថ្ងៃ​មិន​ហាន​ឈប់ បែរ​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​ស្រាប់តែ​បុគ្គលិក​…​លើកគ្នា​តវ៉ា​ផ្អើល

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​បុគ្គលិក​កាស៊ីណូ​ហ្គ្រែ​ន ជេ អឹ​ម ប្រមាណ​ជាង​១០០​នាក់​បាន​លើកគ្នា​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​បើក​ប្រាក់ខែ​ជូន​ពួក​គេ​ឡើង​វិញ ខណៈ​ពួក​គេ​ខិតខំ​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើរ​មិន​ហ៊ាន​ឈប់​សម្រាក…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​បុគ្គលិក​កាស៊ីណូ​ហ្គ្រែ​ន ជេ អឹ​ម ប្រមាណ​ជាង​១០០​នាក់​បាន​លើកគ្នា​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​បើក​ប្រាក់ខែ​ជូន​ពួក​គេ​ឡើង​វិញ ខណៈ​ពួក​គេ​ខិតខំ​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើរ​មិន​ហ៊ាន​ឈប់​សម្រាក ស្រាប់តែ​ថៅកែ​មិន​ប្រាក់​ប្រាក់​កម្រៃ​ជូន​ពួក​គេ​ក៏​ផ្ទុះ​ការ​ប្តឹង​តវ៉ា​តែ​ម្តង ។ ប៉ុន្តែ​ក្រោយមក​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទើប​មានការ​ដោះស្រាយ​ភ្លាម​ៗ​តែ​ម្តង ។

ក្នុង​ការ​បើក​ប្រាក់ខែ​នេះ​បុគ្គលិក​ទាំង​អស់នោះ​ស្ទើរ​ក្អួត​ឈាម ដោយសារ​តែ​ថៅកែ​រង​របស់​កាស៊ីណូ​ម្នាក់​ឈ្មោះ ថេ​ត បាន​ប្រើ​ពាក្យ​សំដី​អសុរោះ មើលងាយ​ពួក​គេ​ជា​ខ្លាំង​ដោយ​ថា ពួក​គេ​សុទ្ធតែ​មនុស្ស​ខួរក្បាល​បង្កង និង​ជា​ក្រពើវង្វេងបឹង​ជាដើម ។ ប្រភព​បន្ត​ទៀត​ថា ក្នុង​ការ​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ទាំងនេះ គឺ​ស្ថិត​នៅ​ក្នុងផ្ទះ​ថៅកែ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក សាលា​ក្រៅ ដោយ​មាន​ប្រធាន និង​អនុប្រធាន​មន្ទីរ​ការងារ​សម្របសម្រួល និង​មានការ​ឈរ​យាម​ពី​សមត្ថកិច្ច​ប៉ុស្តិ៍ ប្រជា​ការពារ​ភូមិ តាំងពី​ផ្លូវ​ចូល​រហូត​ដល់​ខាងក្នុង​ផ្ទះ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​កាស៊ីណូ​ខាងលើ​ដែល​ចូលរួម​បើក​ប្រាក់ខែ​កាស៊ីណូ​ខាងលើ​បាន​រៀ បរាប់​ឲ្យ​ដឹង​ថា ការ​បើក​ប្រាក់ខែ​ឲ្យ​ពួក​គាត់ គឺ​ថៅកែ​មិន​បាន​បើក​នៅ​ក្នុង​កាស៊ីណូ​នោះ​ទេ ដោយ​បើក​នៅផ្ទះ​របស់​គេ​តែ​ម្តង ហើយ​បុគ្គលិក​ដែល​ទៅ​បើក​ប្រាក់ខែ​ទាំងអស់ គឺ​ថៅកែ​ឲ្យ​ចូល​តែ​ម្តង​ពីរ​នាក់​ប៉ុណ្ណោះ ហាម​មិន​ឲ្យ​ចូល​ក្នុង​បន្ទប់​គ្នា​ច្រើន​នោះ​ឡើយ ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​នឹង​ថៅកែ​កាស៊ីណូ​ខាងលើ​បើកប្រាក់​ឲ្យ គឺ​មាន​ថៅកែ​រង​ម្នាក់​ឈ្មោះ ថេ​ត និយាយ​ពាក្យ​អសុរោះ មិនល្អ​ចំពោះ​បុគ្គលិក​ទាល់តែ​សោះ ពោល គឺ​ប្រើ​ពាក្យ​សំដី​មើលងាយមើលថោក​ថា ពួក​គាត់​សុទ្ធតែ​ជា​ពួក​ខួរក្បាល​បង្កង និង​ជា​សត្វ​ក្រពើវង្វេងបឹង​ជាដើម ។

ក្រោយ​ពី ឮ​ពាក្យ​សំដី​បែប​ដូចនេះ ពួក​គាត់​ស្ទើរ​ទ្រាំ​មិន​បាន ព្រោះ​មិន​នឹក​ស្មានថា ចិត្ត​ថៅកែ​ដែល​មាន​លុយកាក់​វាល់​លាន ហើយ​ជា​មេ​គេ បែរជា​និយាយ​ពាក្យ​មិនល្អ ចំពោះ​បុគ្គលិក​ដែល​ក្រីក្រ និង​គ្មាន​ចំណេះ​យ៉ាងនេះ​ទៅ​វិញ ។ ពួក​គាត់​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​បើក​ប្រាក់ខែ​រួច​ហើយ​កាស៊ីណូ ខាងលើ​មិន​ដំណើរ​នោះ​ទេ គឺ​បិទទ្វារ​តែ​ម្តង ដោយសារ​មិន​មាន​ភ្ញៀវ​ចូល​ទៅ​លេង​ដូច​សព្វដង ។

ពួក​គាត់​បន្ថែម​ថា គ្រាន់តែ​មក​បើក​ប្រាក់ខែ​សោះ​មាន​ទាំង​មន្ត្រី​ប៉េ​អិ​ម ប៉ូលិស​ប៉ុស្តិ៍ និង​ប្រជា ការពារ​ភូមិ​ឈរ​យាមកាម តាំងពី​ផ្លូវ​ចូល​រហូត​ដល់​ខាងក្នុង​ផ្ទះ​ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​ស្ទើរតែ​មិន​ហ៊ាន​ចូល ។ ប៉ុន្តែ​ដោយសារ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទើប​ពួក​គាត់​ចូល​ទៅ​បើកប្រាក់​ទាំងអស់​គ្នា​តែ​ម្តង ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​លោក អ៊ុំ ដា​រី អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​កាស៊ីណូ បាន​បើក​ប្រាក់ខែ​អស់ហើយ ដោយ​ចាប់​បើក​ពី​វេលា​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​រួចរាល់ ។

ទន្ទឹម​នឹង​នោះ​ក៏​មាន​បញ្ហា​ខ្លះ​ៗ​កើតឡើង​ដែរ ដោយសារ​តែ​មាន​ករណី​ប្រើ​ពាក្យ​សំដី​មិនល្អ​រវាង​ថៅកែ​រង​ម្នាក់​ជាមួយនឹង​កម្មករ ។ ប៉ុន្តែ​មិន​មាន​អ្វី​ធំដុំ​នោះ​ទេ ព្រោះ​មានការ​សម្របសម្រួល​ពី​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត ។ លោក​បន្ត​ថា ការ​ប្រើ​ពាក្យ​សំដី​មិនល្អ​នេះ គឺ​យើង​បាន​សម្របសម្រួល​គ្នា​រួចរាល់​ហើយ​ដែរ​ដោយ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ភាគី​ថៅកែ​តែ​ម្ដង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ