ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វីខ្លះ​នៅ​ពីក្រោយ​ជីវិត​អ្នកសិល្បៈ​សប្បាយ ហ៊ឺហា​…! 

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទស្សនិកជន​តែងតែ សម្លឹង​ឃើញ​អ្នកសិល្បៈ​ហាក់​មាន​ភាព​សប្បាយ​រីករាយ​រហូត និង​មាន​ភាព​ហ៊ឺហា សម្ញែង​ទៅ​កាន់​មហាជន ។ តើ​ជីវិត​អ្នកសិល្បៈ​សប្បាយ ហ៊ឺហា​រហូត​ឬ ? ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ…

រាជធានី​ភ្នំពេញ​៖ ទស្សនិកជន​តែងតែ សម្លឹង​ឃើញ​អ្នកសិល្បៈ​ហាក់​មាន​ភាព​សប្បាយ​រីករាយ​រហូត និង​មាន​ភាព​ហ៊ឺហា សម្ញែង​ទៅ​កាន់​មហាជន ។ តើ​ជីវិត​អ្នកសិល្បៈ​សប្បាយ ហ៊ឺហា​រហូត​ឬ ?

ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ នៅ​ពេល​តារា​ទាំងអស់​ដែល​ត្រូវ​សម្តែង​ឲ្យ​មហាជន​បាន​ទស្សនា​នោះ ពួក​គេ​មិន​អាច​យក​ភាព​ឈឺចាប់​ឬ​ការ​លំបាក​វេទនា​ផ្ទាល់ខ្លួន​ម​ង្ហា​ញ​មហាជន​នោះ​ឡើយ ។ ក្នុង​នាម​ជា​អ្នក​សិល្បៈ​គឺ​ត្រូវធ្វើ​យ៉ាងណា​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​មហាជន ព្រោះ​សិល្បៈ​គឺ​សម្រាប់​កំដរ​អារម្មណ៍ និង​ផ្តល់​ភាព​ស្រស់ស្រាយ​ដល់​អ្នក​ទស្សនា មិន​អាច​បង្ហាញ​នូវ​ភាព​លំបាក​ផ្ទាល់ខ្លួន​ទៅ​ឲ្យ​អ្នក​ទស្សនា​ដឹង​នោះ​ឡើយ ។ រូបភាព​ខាងក្រៅ​ផ្សេង តែ​នៅ​ពីក្រោយ​ឆាក​សម្តែង​របស់​អ្នកសិល្បៈ​មានរឿង​រ៉ាវ​ច្រើន​ដែល​មនុស្ស​ភាគតិច​បានដឹង ដោយ​រឿងរ៉ាវ​ទាំង​អស់នេះ​វាស្រ​ដៀង​គ្នា​ទៅ​នឹង​មនុស្ស​ទូទៅ​ដែរ ។

តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ទឹម រ​ដ្ឋា បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ក្នុង​នាម​ជា​អ្នកសិល្បៈ​យើង​ត្រូវ​ផ្តល់​ភាព​សប្បាយ​ដល់​អ្នក​ទស្សនា ដោយ​យើង​មិន​អាច​បង្ហាញ​បញ្ហា​ផ្ទាល់ខ្លួន​ដល់​ពួក​គាត់​នោះ​ឡើយ ។ ពេល​ខ្លះ​បើសិនជា​យើង​បាន​បង្ហាញ​នូវ​ទុក្ខ​លំបាក​ចេញ​មក ទស្ស​និក​មួយ​ចំនួន​គាត់​មិន​ជឿ​យើង​​ឡើយ ហើយ​ច្បាស់​ណាស់​គាត់​នឹង​គិត​ថា​នោះ​ជា​ការ​សម្តែង​ប៉ុណ្ណោះ ។ អ្នកសិល្បៈ​ក៏​ដូច​ជា​មហា​ជន​ទូទៅ​ដែរ គឺ​តែងតែមាន​ទុក្ខ​លំបាក​ដូច​គ្នា ហើយ​ទុក្ខ​លំបាក​នោះ​វា​មាន​ផ្សេង​គ្នា ដូច​ជា​បញ្ហា​ស្នេហា លុយ និង​បញ្ហា​ជា​ច្រើន​ទៀត​ដែល​មនុស្ស​ទូទៅ​បាន​ពើបប្រទះ ដូច​ៗ​គ្នា​។

ពេល​ខ្លះ​កុំ​ឃើញ​អ្នកសិល្បៈ​ឡើង​ច្រៀង​រាំ​សប្បាយ ហ៊ឺហា​លើ​ឆាក គឺ​គ្មាន​អ្វី​កើតឡើង ប៉ុន្តែ​នៅ​ពីក្រោយ​ខ្នង​អ្នកសិល្បៈ​ក៏​មានទុក្ខ​លំបាក​ដូច​គ្នា គ្រាន់តែ​មិន​បញ្ចេញ​ប៉ុណ្ណោះ​»​។

អ្នក​នាង​ខាត់ សុ​ឃី​ម លើក​ឡើង​ថា «​អ្នកសិល្បៈ ទម្រាំ​ទទួល​បាន​លុយ​ពី​ការ​សម្តែង​អ្វីមួយ​នោះ​គឺ​មានការ​ហត់នឿយ​ខ្លាំង​ណាស់​ដែរ​។ មាន​អ្នកសិល្បៈ​ខ្លះ​ឃើញ​ពួក​គាត់​ឡូយឆាយ ហ៊ឺហា​នៅ​ក្នុង​ពេល​សម្តែង ប៉ុន្តែ​នៅ​ក្រៅ​ឆាក​សម្តែង​វិញ​គឺ​ពួក​គាត់​មានការ​លំបាក​ណាស់ ប៉ុន្តែ​ពួក​គាត់​មិនជា​បង្ហាញ​ឲ្យ​ទស្សនិកជន​បានដឹង​នោះ​ឡើយ »​។

ទោះជា​យ៉ាងណា​ក្តី​បើ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម ការ​លើក​ឡើង​ខាងលើ​នេះ​គឺ​កើត​មាន​ចំពោះ​អ្នកសិល្បៈ​មួយ​ចំនួន​ប៉ុណ្ណោះ ដោយសារ​មាន​អ្នកសិល្បៈ​ខ្លះ​ទៀត​ក៏​គេ​មានបាន​ដោយសារ​តែ​សិល្បៈ​ដែរ ។ អ្នក​នាង​និយាយ​ថា «​បើ​យើង​ថា សិល្បៈ​មិន​អាច​ធ្វើ​ឲ្យ​យើង​មានបាន​នោះ​ក៏​វា​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​មាន​អ្នក​សិល្បៈ​យើង​មួយ​ចំនួន​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​គឺ​ពួក​គាត់​មានបាន​ហ៊ឺហា​ដោយ​អាជីព​មួយ​នេះ​។ អ្នកសិល្បៈ​មិន​អាច​យក​អាជីព​សិល្បៈ​តែ​មួយ​មុខ​មក​ធ្វើ​ជាដើម​ទុន​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចេះ​រៀបចំ​បង្កើត​មុខរបរ​ថ្មី​បន្ថែម នោះ​ទើប​ឲ្យ​យើង​អាច​ជីវភាព​មួយ​សមរម្យ បើ​ទោះជា​យើង​មិន​អាច​ប្រឡូក​ក្នុង​សិល្បៈ​បាន​ទៀត​ក៏​ដោយ​»​។

តារា​សម្តែង​អ្នកស្រី​ច័ន្ទ សោ​ភ័​ណ្ឌ ឲ្យ​ដឹង​ថា ជីវិត​អ្នកសិល្បៈ​មិនមែន​មាន​តែ​ភាព​សប្បាយ​រីករាយ​រហូត​នោះ​ឡើយ ពោល គឺ​ពេល​ខ្លះ​ក៏​មានការ​ពិបាក​ដូច​ជា​មនុស្ស​ទូទៅ​ដែរ ។ អ្នកស្រី​បញ្ជាក់​ថា «​ពេល​ខ្លះ​បញ្ហា​វា​បាន​កើតឡើង​ខុស​គ្នា ដូច​ជា​ខ្ញុំ​គឺ​មាន​ផលិតករ​ខ្មែរ​នៅ​មិន​ទាន់​ទូទាត់​លុយ​ឲ្យ​គ្រប់​នៅឡើយ​ទេ បើ​ទោះបីជា​បាន​ថត​ចប់​សព្វគ្រប់​ហើយ​ក៏​ដោយ ។ ជីវិត​អ្នកសិល្បៈ​គឺ​មាន​ភាព​រញ៉េរញ៉ៃ​ណាស់ អ្នកខ្លះ​ឃើញ​សប្បាយ​រីករាយ​ពេល​នៅ​លើ​ឆាក​ទេ ប៉ុន្តែ​ចុះ​ពីលើ​ឆាក​វិញ​គឺ​កើតទុក្ខ លំបាក​ដូច​គ្នា ។ សប្បាយ​ពេល​ដែល​យើង​ទៅ​ថត​ដំណើរការ​បាន​ល្អ ទៅ​ដោយ​រលូន​និង​សហការ​គ្នា ហើយ​អ្វី​ដែល​ពិបាក​នោះ​គឺ​ផលិតករ​ខ្លះ​ថត​ហើយ​ជំពាក់​លុយ​តួ​តែ​ម្តង​មិន​ថា​គិត​ជា​ថ្ងៃ ឬ​គិត​រឿង​នោះ​ទេ »​។

តារាចម្រៀង​លោក​សុះ ម៉ាច បាន​លើក​ឡើង​ថា «​ជីវិត​អ្នកសិល្បៈ​ខ្លះ​គឺ​មិន​ខុស​អ្វី​ទៅ​នឹង​តួ​ស្តេច​ល្ខោន​ដែល​ពេល​សម្តែង​គឺ​មាន​សព្វបែបយ៉ាង​មើលទៅ​អស្ចារ្យ តែ​ពេល​ចប់​ការ​សម្តែង​ចុះ​មក​វិញ​គឺ​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​។

អ្នកសិល្បៈ​មិន​ប្រាកដ​តែ​ហ៊ឺហា​គ្រប់ពេល​នោះ​ឡើយ តួយ៉ាង​ជាក់ស្តែង​មាន​សិល្បករ​យើង​មួយ​ចំនួន​ពេល​ដែល​ពួក​គាត់​ធ្លាក់ខ្លួន​ឈឺ​គឺ​រកតែ​លុយ​ព្យាបាល​សឹងតែ​មិន​បាន​ផង ។ សិល្បករ​ខ្លះ​រក​ផ្ទះ​នៅ​មិន​បាន ហើយ​ការ​ស្លៀកពាក់​ហ៊ឺហា​របស់​ពួក​គាត់​គឺ​គ្រាន់តែ​ជា​ការ​សម្តែង​នៅ​ក្នុង​ភាពយន្ត​ឬ​លើ​ឆាក​តន្ត្រី​ប៉ុណ្ណោះ ធាតុ​ពិត​អ្នកសិល្បៈ​ខ្លះ​ក៏​មានការ​ខ្វះខាត​មុខក្រោយ​ផង​ដែរ​»​។

យ៉ាងណា​ក្តី​លោក​សុះ ម៉ាច មិន​ជំទាស់​ទេ​ដែល​ថា អ្នកសិល្បៈ​ខ្លះ​មាន​ភាព​ហ៊ឺហា​ក៏​ដោយសារ​ចំណូល​ពី​សិល្បៈ​នេះ​ដែរ ព្រោះ​សិល្បៈ​សម័យនេះ​ខុស​ពី​សម័យ​មុន គឺ​បើ​ល្បីឈ្មោះ​អាច​រក​ប្រាក់​បាន​ច្រើន ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ