កម្ពុជា​ស្នើ​វិនិយោគិនដាក់​ទុន​ផ្នែក​កសិ​កម្មតែ​ប្រឈម​ឧបសគ្គ​ធំ​សម្រាប់​ការ​នាំ​ចេញ​ទៅផ្សារ​អឺរ៉ុប


រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ក៏​ដូច​ថ្នាក់ដឹកនាំ​ថ្នាក់​ក្រោម​ជាតិ​ស្នើ​សុំ​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក ឲ្យ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​តាម​ខេត្ត ជា​ពិសេស​ដំណាំ​តំណាង​ខេត្ត សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផង និង​ទីផ្សារ​ក្រៅប្រទេស​ផង ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​មាន​ប្រសាសន៍ ថា​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ​មាន​សក្ដានុពល​ធំធេង​ណាស់​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ ដាំ​ដុះ និង​កែ​ច្នៃ ដូច​ជា​ដំណាំ​មៀន តា​ង៉ែ​ន ស្វាយចន្ទីរ និង​ស្វាយកែវ​រមៀត ជាដើម និង​ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បន្ត​ថា « ក្រៅ​ដំណាំ​កែ​ច្នៃ កម្ពុជា​ក៏​មាន​សក្ដានុពល​បន្លែស្រស់​ដើម្បី​នាំ​ចេញ​ផង​ដែរ ក៏​ប៉ុន្តែ​ឧបសគ្គ​ធំ​សម្រាប់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​បន្លែស្រស់​ទៅ​បរទេស​នោះ ជា​ពិសេស​ទៅ​បណ្ដា​ប្រទេស​អឺរ៉ុប គឺ​ការ​ដឹក​ជញ្ជូន ដោយសារ​តែ​កម្ពុជា មិន​ទាន់​មាន​ក្រុមហ៊ុន​យន្តហោះ​ដែល​អាច​ដឹក​បន្លែ​ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​ដោយ​ផ្ទាល់ ។ ម្យ៉ាងទៀត​ដោយសារ​តែ ព្រ​លាន​យន្តហោះ​របស់​កម្ពុជា​នៅ​មាន​ទំហំ​តូច​នៅឡើយ ដូច្នេះ​រំពឹង​ថា នៅ​ពេល​ដែល​កម្ពុជា​មាន​ព្រ​លាន​យន្តហោះ​ធំ​ជាង​មុន កម្ពុជា​នឹង​អាច​នាំ​បន្លែ​ទៅ​កាន់​អឺរ៉ុប​បាន​កាន់តែ​ច្រើន » ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ថា​នៅ​ពេល​លោក​ជួប​ជាមួយ​បណ្ដា​វិនិយោគិន​បរទេស​ដែល​មក​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា ឬ លោក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​គេ លោក​តែងតែ​អំពាវនាវ​និង​ស្នើ​អោយ​វិ​និ​យោ​គិ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ក្នុង​ពេល​ដែល​សក្ដានុពល​នៅ​កម្ពុជា​សម្រាប់​វិស័យ​នេះ នៅ​មាន​វិសាលភាព​ធំធេង​។

ជាក់ស្តែង​អភិបាល​ខេត្តកំពត លោក​ជាវ តា​យ បាន​ស្នើ​ដល់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​បណ្ដាក់ទុន​វិនិយោគ​វិស័យ​កសិកម្ម ក្នុង​ខេត្តកំពត ខណៈ​ខេត្ត​មួយ​នេះ​ជា​ខេត្ត​មាន​អំណោយផល​ខ្ពស់​ខាង​ដំណាំ​កសិកម្ម​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​និង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ពី​អន្តរជាតិ​ផង​ដែរ ដូច​ជា​ម្រេច​កំពត ដែល​កំពុង​ល្បី​សុះសាយ​ទូ​ទាំង​ពិភពលោក បន្ទាប់​ពី​អឺរ៉ុប​បាន​ដាក់​ផលិតផល​នេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប ។

លោក ជាវ តា​យ មាន​ប្រសាសន៍​ថា ខេត្ត កំពត​ជា​ខេត្ត​មាន​សក្ដានុពល​លើ​ដំណាំ នាំ​ចេញ​មួយ​ចំនួន និង​ទទួល​បានការ​គាំទ្រ​ពី​ទីផ្សារ​ក្នុងស្រុក​និង​បរទេស​ផង​ដែរ ដូច​ជា​ដំណាំ​ម្រេច​កំពត ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ និង​កំពុង​មាន​ទីផ្សារ​ខ្ពស់​ពី​អន្តរជាតិ ដែល​ជា​ហេតុ​ធ្វើ​អោយ​កសិករ​ពង្រីក​ការ​ដាំ​ដុះ​កាន់តែ​ច្រើន ។ ក្រៅពី​ដំណាំ​ម្រេច​ដែល​ទទួលស្គាល់​ពី​ទីផ្សារ​អន្តរជាតិ​ហើយ​នោះ ខេត្តកំពត​ក៏​មាន​ដំណាំ មួយ​ប្រភេទ​ទៀត​ដែល​កំពុង​ទទួលស្គាល់​ទូ​ទាំង​ប្រទេស​គឺ​ដំណាំ ទុ​រ៉េ​ន តែ​ដំណាំ​នេះ មិន​ទាន់​មានការ​ដាំ​ដុះ​ជា​លក្ខណៈ​ក្រុមហ៊ុន​វិនិយោគ​នៅឡើយ ដោយ​ការ​ដាំ​ដុះ​នា​ពេល​បច្ចុប្បន្ន​នេះ ភាគច្រើន​ដាំ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ខណៈ​តម្រូវការ​នៅ​ទូ​ទាំង​ប្រទេស​មាន​ច្រើន ហើយ​ការ​ផ្គត់ផ្គង់​ទុ​រ៉េ​ន​កំពត​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅឡើយ ។

លោក​បន្តា​ថា «​ដំណាំ​ទុ​រ៉េ​ន ជា​ដំណាំ​ដែល​អាច​វិនិយោគ ហើយ​បម្រើ​អោយ​ការ​នាំ​ចេញ​បាន​ទៀត​ផង ដោយ​ក្នុង​នោះ​ដែរ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បី​បួន​ហើយ​បាន​ចាប់អារម្មណ៍​វិនិយោគ​លើ​ដំណាំ​នេះ » ។ លោក​បន្ត​ថា ក្រៅពី​ដំណាំ​តំណាង​ខេត្ត និង​ដំណាំ​ម្រេច​សម្គាល់​ភូមិសាស្ត្រ​ហើយ​នោះ ទីតាំង​ភូមិសាស្ត្រ​ខេត្ត​កំពត​ក៏​អាច​ដាំ​ដំណាំ​មៀន ស្វាយ តា​ង៉ែ​ន និង​ដំណាំ ហូប​ផ្លែ​ជា​ច្រើន​ទៀត សម្រាប់​បំពេញ​នូវ​ទីផ្សារ​ក្នុងស្រុក​និង​បម្រើ​អោយ​ការ​នាំ​ចេញ ដូច្នេះ​វា​អាច​ទាក់ទាញ​អោយ​វិនិយោគិន​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម អាច​សម្លឹង​មើល​ខេត្តកំពត​ក្នុង​ការ​បណ្ដាក់ទុន​អាជីវកម្ម​របស់​ពួក​គេ ។

លោក​បញ្ជាក់​ថា​ខេត្តកំពត ក៏​ជា​ច្រក​មួយ​សម្រាប់​នាំ​ចេញ​ទំនិញ​កសិផល​ទៅ​កាន់​ប្រទេស​ក្រៅ​បាន​ផង​ដែរ តាម​រយៈ​កំពង់​ផែ​ទឹក​ជ្រៅ​របស់​យើង ក្នុង​នោះ​ខេត្តកំពត​មាន​កំពង់​ផែ​សរុប​ចំនួន​៤ រួម​មាន​កំពង់ទឹក​ជ្រៅ ១៤​ម៉ែត្រ​របស់​លោក​ឧកញ៉ា វិញ ហួរ ទី​២​កំពង់​ផែ​របស់​លោក​ឧកញ៉ា​ទ្រី ភាព​សម្រាប់​នាំ​ប្រេង​ចូល និង​ទី​៤​ជា​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ ដែល​អាច​អនុញ្ញាត​អោយ​នាវា​មក​ពី​ប្រទេស​វៀតណាម និង​ថៃ​ចូល​ចត​បាន ។ លោក​ថា​៖« គម្រោង​កំពង់​ផែ​ទាំងនេះ នឹង​រួចរាល់​នៅ​អំឡុង​ឆ្នាំ ២០២១​ខាង​មុខ​នេះ ហើយ​វា​នឹង​បង្ហាញ​ពី​សក្ដា​នុ​ល​ព​កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ