រាជធានីភ្នំពេញ ៖ គម្រោងដ៏ធំបំផុតមួយបស់អាមេរិកមានតម្លៃ ៧០លាន ដុល្លារត្រូវគេរំពឹងថានឹងបង្កើតចេញជាគោលដៅទេសចរណ៍ទាក់ទាញបំផុត បន្ទាប់ពីប្រាសាទអង្គរវត្ត។ ស្របពេលខេត្តសៀមរាបបាននឹងកំពុងកា្លយជាគោលដៅនិងជាបេះដូងទេសចរណ៍សំខាន់សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ នាពេលបច្ចុប្បន្ន គេសង្កេតឃើញថាខេត្តមួយនេះនឹងទទួលសក្តានុពលផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍បន្ថែមទៀតតារមយៈគម្រោង «ជលវប្បដ្ឋាន ត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ» របស់ក្រុមហ៊ុនអាមេរិកមួយ ។
យ៉ាងណាមិញ បញ្ហាចំណោទមួយនោះគឺថា តើតាមរយៈគម្រោងវិនិយោគទុនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នឹងជួយឲ្យមានកំណើនទេសចរណ៍ពីអាមេរិកនិងអឺរ៉ុប មកកាន់កម្ពុជាបន្ថែមទៀត ឬអាចវ៉ាដាច់ចំនួនទេសចរពីប្រទេសចិន ឬយ៉ាងណា ? បើតាមព័ត៌មានទទួលបានគឺ គម្រោង«ជលវប្បដ្ឋាន ត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ» គ្រោងចំណាយសាច់ប្រាក់ប្រមាណ៧០លានដុល្លារអាមេរិកលើទំហំផ្ទៃដី១០០ ហិកតា ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ហើយគម្រោងនេះត្រូវបានមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាទទួលស្គាល់ថាជាគម្រោងវិនិយោគធំជាងគេរបស់អាមេរិក។
លោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ក្នុងពិធីបើកការសាងសង់ គម្រោង«ជលវប្បដ្ឋាន និងត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ»កាលពីថ្ងៃទី២៩ មេសា នេះថា គម្រោងក្រុមហ៊ុនអាមេរិកមួយនេះបានធ្វើឱ្យរូបលោក រំភើប ដោយសារមានហេតុផល៖ទី១-) គម្រោងនេះជាគម្រោងមួយក្នុងចំណោមការវិនិយោគធំជាងគេរបស់អាមេរិក នៅកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ គឺជាអ្វីដែលយើងត្រូវអបអរ និងទទួលស្គាល់ ដោយសារមានការគាំទ្ររបស់សហរដ្ឋអាមេរិក «ជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ» នឹងក្លាយជាគោលដៅទេសចរថ្នាក់ពិភពលោក ។ ទី២-) ខ្ញុំដឹងថាគម្រោងខាងលើគឺជាវិធីដ៏ប្រពៃមួយសម្រាប់ឱ្យក្រុមគ្រួសារ ចំណាយពេលវេលាជាមួយគ្នា នៅទឹកដីសៀមរាប ។ ថ្វីបើមនុស្សពេញវ័យ ហាក់គ្មានការនឿយណាយនឹងទស្សនានូវភាព អស្ចារ្យនៃតំបន់ប្រាសាទអង្គរក្តី ។ គម្រោងនេះ នឹងបន្ថែមនូវបទពិសោធន៍សម្រាប់គ្រួសារ ចូលទៅក្នុងបញ្ជីនៃគោលដៅដែល ត្រូវទៅមើលនៅខេត្តសៀមរាប។ ជារួម វានឹងលើកទឹកចិត្តឱ្យអ្នកទេសចរស្នាក់នៅរយៈពេលយូរ ហើយបង្កើនចំណូលទេសចរណ៍ ។
លោកបានមានប្រសាសន៍បញ្ជាក់ថា « ក្នុងនាមជាអ្នកការទូតអាមេរិកម្នាក់ ខ្ញុំមានក្តីរំភើប ពីព្រោះនៅពេលខ្ញុំនិយាយពីការវិនិយោគរបស់ប្រទេសអាមេរិក ខ្ញុំមិនមែនសំដៅតែទៅលើលុយតែមួយមុខនោះទេ។ គម្រោងនេះ តំណាងឱ្យការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជាមួយ ដែលមានសុខុមាលភាព វិបុលភាព ប្រជាធិបតេយ្យ និងសន្តិសុខ ។ ក្រុមហ៊ុនអាមេរិកឱ្យតម្លៃលើគុណភាព និងតម្លាភាព។ ក្នុងករណីនេះ តម្លាភាពសំដៅលើន័យភាពបង្កើតទំនុកចិត្ត ហើយទំនុកចិត្តបង្កើតបានវេទិកាមួយសម្រាប់យើងផ្លាស់ប្តូរយោបល់ និងចែករំលែកចំណេះដឹង។ ការវិនិយោគនេះថែមទាំងជាគំរូដ៏ប្រពៃមួយថា កាលណាច្បាប់ទម្លាប់ មានភាពច្បាស់លាស់ ហើយដំណើរការលទ្ធកម្មមានភាពបើកចំហ ប្រទេសកម្ពុជាមិនចាំបាច់ធ្វើការជ្រើសរើសដៃគូមួយណាៗនោះទេ ។ តាមពិតអាចទទួលបានប្រយោជន៍ពីទំនាក់ទំនងជាមួយដៃគូច្រើន ដើម្បីទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ក្នុងករណីនេះ ប្រទេសកម្ពុជាទទួលបានតម្លៃបន្ថែមលើគោលដៅទេសចរណ៍ដ៏ប្រពៃដែលមានស្រាប់»។
លោក Roger R. Reynolds ប្រធាន ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បានឱ្យដឹងថា «គម្រោងនេះជានិមិត្តរូបរបស់យើងនឹងក្លាយជាគោលដៅលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាប ។ គោលដៅរបស់យើងគឺធានាថា វានឹងក្លាយជាគោលដៅទាក់ទាញបំផុតទី ២ បន្ទាប់ពីអង្គរវត្ត។ ទោះបីជាយ៉ាងណា គម្រោងនេះគឺមានច្រើន លើសពីត្រឹមជាជលវប្បដ្ឋាន ឬឧទ្យានសត្វទៅទៀត យើងនឹងកសាងជម្រកធម្មជាតិប្រកបដោយគុណភាពខ្ពស់សម្រាប់ថែរក្សាសត្វព្រៃរស់នៅលើគោកក្នុងតំបន់អាស៊ី មិនថាពួកគេជាពូជសង្គ្រោះ ឬបង្ឃាំងទុកនោះទេ»។ លោកបន្តថា «យើងខ្ញុំមិនត្រឹមតែអភិវឌ្ឍជលវប្បដ្ឋានមួយចំនួនដោយសង្កត់ធ្ងន់ទៅលើប្រភេទត្រីយក្សរបស់ទន្លេមេគង្គ និងពូជត្រីទឹកប្រៃជាច្រើនពីឈូងសមុទ្រអាស៊ីប៉ុណ្ណោះទេ យើងក៏នឹងផ្ដល់ឱកាសការងារក្នុងអំឡុងពេលសាងសង់ និងការងារនៅពេលសួនបើកដំណើរការ»។ក្នុងឱកាសនោះដែរ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា« កាលពីឆ្នាំមុនប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិចំនួន៦,២ លាននាក់មានកំណើន ១១% ហើយជនជាតិអាមេរិកនិងអឺរ៉ុបនៅតែមានកម្រិតខ្លាំងនៅលើទីផ្សារទាំង ១០ របស់យើង។ ឆ្នាំនេះយើងបានព្យាករណ៍ថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,៦លាននាក់និងទេសចរណ៍អន្តរជាតិ ៧ លាននាក់នៅឆ្នាំ ២០២០» ។
លោកបន្តថា «យុទ្ធសាស្ត្ររបស់យើង គឺបន្តអភិវឌ្ឍប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ស្អាតនិងបៃតងដែលមានស្តង់ដារសេវាកម្មដែលមានគុណភាពខ្ពស់»។ បើតាមលោករដ្ឋលេខា ប្រទេសកម្ពុជាផ្តល់នូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរទាំងអស់ដែលមានមូលដ្ឋានលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងបរិស្ថាននៃប្រាសាទអង្គរព្រះវិហារប្រាសាទព្រះវិហារប្រាសាទសម្បូរព្រៃគុបដែលត្រូវបានចុះបញ្ជីថ្មីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លើសពីនេះការធ្វើពិពិធកម្មផលិត ផលនិងសេវាកម្មទេសចរណ៍ប្រកបដោយច្នៃប្រឌិតនិងប្រកបដោយភាពច្នៃប្រឌិតនិងគោលដៅទេសចរណ៍គឺជាបេសកកម្មយុទ្ធសាស្ត្រសំខាន់ដើម្បីសម្រេចបាននូវការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេលវែងនៅក្នុងប្រទេស។តែទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាក៏ត្រូវការការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងដូចជាផ្លូវថ្នល់កំពង់ផែទេសចរណ៍ព្រលានយន្តហោះនៅតាមតំបន់ទេសចរណ៍មួយចំនួនបន្ថែមទៀត៕
ចែករំលែកព័តមាននេះ