ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្សា​គម្រោង​ធ្វើ​ផ្លូវដែក​កម្ពុជា​(​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន (CRCC) នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន (CRCC) នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ដឹកនាំ​ដោយ​លោក Wang Wenzhong ជា​អនុប្រធាន​ក្រុមហ៊ុន ។ នេះយោងតាមផេករបស់ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

លោក Wang Wenzhong បាន​ជម្រាប​ជូន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​អំពី​វិសាលភាព​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ CRCC នៅ​ក្នុង​ប្រទេស​ចិន និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា និង​បាន​សម្តែង​នូវ​សុ​ឆន្ទៈ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន (CRCC) គឺជា​សហគ្រាស​សំណង់ គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន និង​ជា​ក្រុមហ៊ុន​សំណង់ និង​វិស្វកម្ម​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក ។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​នេះ ធ្វើ​ឡើង ដើម្បី​សិក្សា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា​ដែល​មាន​ស្រាប់ (​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​) សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល (Monorail) និង​រថភ្លើង​ក្រោម​ដី (Subway) នៅ​រាជធានី​ភ្នំពេញ ហើយ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹក​ជញ្ជូន​ណាមួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត អាច​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន CRCC សិក្សា​ផ្លូវដែក​បន្ត​ពី​ក្រុង​សិរី​សោ​ភណ្ឌ​មក​ខេត្តសៀមរាប​ដែល​មាន​ប្រវែង​សរុប​ប្រមាណ​១០០​គីឡូម៉ែត្រ ដោយហេតុ​ថា មាន​ទេសចរណ៍​យ៉ាងច្រើន​ចង់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ទីក្រុង​បាងកក ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ និង​ពី​ទីក្រុង​សឹ​ង្ហ​បុរី មក​លេង​ប្រាសាទអង្គរវត្ត ។

លោក Wang Wenzhong បាន​កត់សម្គាល់​លើ​សំណើ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី និង​បាន​ស្នើ​ឱ្យ​មានការ​ពិភាក្សា​លម្អិត​បន្ថែម​ទៀត​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង​ក្នុង​គោលបំណង​ឱ្យ​ផ្លូវដែក​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​របស់​កម្ពុជា​អាច​ដំណើរការ​បាន​រលូន​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធភាព កាត់​បន្ថយ​ការ​ខូចខាត​ផ្លូវថ្នល់ និង​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន​ទំនិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ