ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​ផ្ទុះ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក ជ្រូក​កម្ពុជា​ជាប់​បំរាម​មិន​អោយ​នាំ​ចូល​ប្រទេស​ជា​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​និង​កំពុង​កើតឡើង​លើ​សត្វ​ជ្រូក​កម្ពុជា ពោល​គឺ​បាន​កើត​នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រតនគីរី បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ដាក់​បំរាម​មិន​អោយ​មានការ​នាំ​ចូល​សាច់​ជ្រូក​ពី​កម្ពុជា​ឡើយ ហើយ​មាន​ប្រទេស​ខ្លះ​បាន​ដាក់​ចេញ​ច្បាប់​អោយ​មានការ​ជាប់គុក​ផង​ដែរ បើសិនជា​រក​ឃើញ​មាន​ជន​ណា​នាំ​យក​សាច់​ជ្រូក​ពី​កម្ពុជា ក្នុង​ទំរង់​ណាមួយ​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​និង​កំពុង​កើតឡើង​លើ​សត្វ​ជ្រូក​កម្ពុជា ពោល​គឺ​បាន​កើត​នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រតនគីរី បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ដាក់​បំរាម​មិន​អោយ​មានការ​នាំ​ចូល​សាច់​ជ្រូក​ពី​កម្ពុជា​ឡើយ ហើយ​មាន​ប្រទេស​ខ្លះ​បាន​ដាក់​ចេញ​ច្បាប់​អោយ​មានការ​ជាប់គុក​ផង​ដែរ បើសិនជា​រក​ឃើញ​មាន​ជន​ណា​នាំ​យក​សាច់​ជ្រូក​ពី​កម្ពុជា ក្នុង​ទំរង់​ណាមួយ​ក៏​ដោយ ។

ថ្មី​ៗ​នេះ​មន្ត្រី​គយ​របស់​ចិន​បាន​អះអាង​ថា ប្រទេស​ចិន​នឹង​ហាមឃាត់​ការ​នាំ​ចូល​ជ្រូក ជ្រូកព្រៃ​និង​ផលិតផល​ដែល​ពាក់ព័ន្ធ​នឹង​សាច់​ជ្រូក​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​កម្ពុជា​ត្រូវ​បាន​រាយការណ៍​ថា​មាន​ករណី​ដំបូង​នៃ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក ដែល​ជា​ជំងឺឆ្លង​ខ្ពស់​មួយ​នោះ​។ ព្រោះថា​បញ្ហា​ជំងឺ​នេះ​កំពុង​កើត​មាននៅ​ពេល​ប្រទេស​ចិន ហើយ​ចិន​កំពុង​ប្រយុទ្ធ​ប្រឆាំង​វីរុស​នេះ​យ៉ាង​ខ្លាំងក្លា បន្ទាប់​ពី​វា​បាន​រីក​រាលដាល​ទៅ​កាន់​គ្រប់​ខេត្ត​និង​តំបន់​នៅ​លើ​ដីគោក​របស់​ខ្លួន​ចាប់តាំងពី​ដំបូង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទីនោះ​កាលពីដើម​ខែសីហា​។ ប្រទេស​កម្ពុជា​បាន​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​ដំបូង​របស់​ខ្លួន​នៅ​ខេត្តរតនគិរី​កាលពី​ចុងខែ​មីនា កន្លង​ទៅ​និង​បាន​សម្លាប់សត្វ​ជ្រូក​អ្នកស្រុក​រាប់រយ​ក្បាល​បង្ក​ជា​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​។

បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ដែល​នាំ​ចេញ​ជ្រូក​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ជា​ផ្លូវការ​នោះ​ទេ ពីព្រោះ​សាច់​ជ្រូក​កម្ពុជា​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​លើ​ទីផ្សារ​ខ្លួនឯង​ផង ផ្ទុយ​ទៅ​វិញ​កម្ពុជា​មាន​តែ​នាំ​ចូល​ជ្រូក​ពី​ទីផ្សារ​ក្រៅប្រទេស​មក​ផ្គត់ផ្គង់ ដើម្បី​បំពេញ​តាម​តម្រូវការ​ពលរដ្ឋ ។ លោក​បាន​បន្ត​ថា « ការ​ដាក់​បំរាម​របស់​ប្រទេស​ផ្សេង​ៗ​មក​លើ​សាច់​ជ្រូក​កម្ពុជា គឺជា​ការ​ត្រឹមត្រូវ​ណាស់ ក្នុង​ពេល​ជ្រូក​ក្នុងស្រុក​យើង​កំពុង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគីរី តែ​ខ្ញុំ​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​យើង​នាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស​ជាង​១០០​តោន​ឯណោះ ដើម្បី​មក​បំពេញតម្រូវការ​លើ​ទីផ្សារ ដូច្នេះ​យើង​មិន​មាន​លទ្ធភាព​ឯណា​នាំ​ចេញ​ជា​ឯ​សារ​នោះ​ទេ​»​។ លោក​បន្ត​ថា ការ​ហាម​មិន​អោយ​នាំ​ចូល​ជ្រូក​ទៅ​កាន់​ប្រទេស​ដទៃ​ពី​សំណាក់​អាជ្ញាធរ​គេ​នេះ អាច​មាន​អ្នកដំណើរ​ចង់​ហូប​សាច់​ជ្រូក​ខ្មែរ ហើយ​លួច​យក​ពីរ​បី​គីឡូ​តាម​ខ្លួន ទៅ​ហូប​នៅ​ស្រុក​គេ ដូច​ជា​នៅ​ប្រទេស​ចិន និង​ប្រទេស​ថៃ​ជាដើម ។

បើ​នៅ​ប្រទេស​ថៃ​វិញ គេ​បាន​ដាក់​បំរាម លើ​ពលករ​ខ្មែរ ឬ​ជន​ណាមួយ​លួច​នាំ​ចូល​សាច់​ជ្រូក​ពី​កម្ពុជា ដាក់ទោស​ជាប់គុក​២​ខែ ឯណោះ ។ សម្រាប់​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគីរី លោក​ប្រធាន​សមាគម​បាន​លើក​ឡើង​ផង​ដែរ​ថា​អាជ្ញាធរ បាន​ធ្វើ​កិច្ចការ​ល្អ​ប្រសើរ ដោយ​បាន​ទប់ស្កាត់​មិន​អោយ​រីក​រាល​ធំ ហើយ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​យើង រឺ​ប្រទេស​ដែល​មាន​ផ្ទុះ​ជំងឺ​នេះ លើ​សត្វ​ជ្រូក វា​បាន​រីក​ធំ​ខ្លាំង​ណាស់​ហើយ តែ​យើង​បាន​ទប់​នៅ​នឹងនរ​ល្អ​ណាស់ ។ នៅ​រសៀល​ថ្ងៃ​ទី​០៦ ឧសភា ២០១៩​នេះ​មិន​អាច​ទាក់ទង​លោក​តាន់ ផា​ន់​ណា​រ៉ា​បាន​ទេ ដោយសារ​លោក​ជាប់​ប្រជុំ តែ​លោក​ធ្លាប់​បាន​លើក​ឡើង​ថា គ្រាន់តែ​បាន​លឺដំនឹង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគីរី លោក​បាន​ចាត់​កម្លាំង​អោយ​ចុះ​ទៅ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ទៅ​កាន់​តំបន់​ផ្សេង​ទៀត ហើយ​ត្រូវ​តាមដាន​រក​ជំងឺ​នេះ​លើ​សត្វ​ជ្រូក​ផ្សេង និង​ត្រូវ​កំទេច​ចោល​អោយ​អស់ នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​នោះ​។ លោក​បន្ត​ថា ក្រសួង​ក៏​បាន​ចាត់​ទុក​តំបន់​ផ្ទុះ​ជំងឺ​នោះ ជា​កន្លែង​ហាមឃាត់ ដោយ​មិន​អោយ​មានការ​ចរាចរណ៍ ចេញចូល​សាច់​ជ្រូក​ឡើយ ដើម្បី​កុំអោយ​ចម្លង​ទៅ​កាន​ជ្រូក​ក្នុង​តំបន់​ផ្សេង​ទៀត​។ គួរ​បញ្ជាក់​ផង​ដែរ បច្ចុប្បន្ន​នេះ កម្ពុជា​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក ក្នុង​បរិមាណ ប្រមាណ​១២០០​ក្បាល ហើយ​ភាគច្រើន​នាំ​ចូល​ប្រទេស​ថៃ ខណៈ​វៀតណាម ក៏​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដូច​គ្នា និង​ត្រូវ​បាន​ហាម​ឈ្មួញ​មិន​អោយ​នាំ​ពី​វៀតណាម​បន្ត​ទៀត​នោះ​ទេ​។

ចំណែក​ថ្នាក់ដឹកនាំ​ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹងផង​ដែរ​ថាបើ​ទោះបីជា​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ដែល​មាន​ផ្ទុះ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ក៏​ពិតមែន ប៉ុន្តែ​គិត​រហូត​មក​ដល់​ដើមខែ​ឧសភា​ឆ្នាំ ២០១៩ សម្រាប់​ខេត្តមណ្ឌលគិរី​មិន​ទាន់​មានការ​ឆ្លង​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នោះ​ទេ ខណៈ​អាជ្ញាធរ​កំពុង​តាមដាន និង ដាក់​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្រោយ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ផ្ទុះ​ឡើង​នៅ​ខេត្តរតនគិរី រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បាន​បើក​កិច្ចប្រជុំ និង​បាន​ចេញ លិខិត​អន្តរាគមន៍​ទៅ​គ្រប់​ច្រកព្រំដែន​ទាំងអស់​មិន​ឲ្យ​មានការ​នាំ​សត្វ​ជ្រូក ឬ​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​នោះ​ទេ ។ លោក​ក៏​បាន​បញ្ជា​ទៅ​ជំនាញ​ពេទ្យសត្វ​ឲ្យ​ចុះ​តាមដាន​សកម្មភាព​ការ​ចិ​ញ្ចិ​ម​ជ្រូក​របស់​កសិករ​គ្រប់កន្លែង​ដែរ និង​ឲ្យ ពួក​គាត់​រាយការណ៍​ភ្លាម ប្រ​សិន​មាន​ករណី​ជ្រូក​ឈឺ ឬ​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​មាន​វិធានការ​ទប់ ស្កាត់​ទាន់​ពេលវេលា ។ លោក សុង ឃាង បន្ត​ថា ការ​ចរាចរ​សត្វ​ជ្រូក​ពី​ខេត្ត​ផ្សេង​ចូល​មក​ខេត្តមណ្ឌលគិរី ក៏​មានការ ត្រួតពិនិត្យ​សុខភាព​ពី​សំណាក់​ពេទ្យសត្វ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផង​ដែរ​មុន​យក​ចូល​កន្លែង​សត្តឃាត ។
កសិករ​ចិ​ញ្ចិ​ម​សត្វ​ជ្រូក​លក្ខណៈ​គ្រួសារ​ប្រមាណ​៧០​ក្បាល នៅ​ភូមិ​អូរ​ស្ពាន ក្រុង​សែន​មនោ​រម្យ លោក មាស រិ​ទ្ធី បាន​ប្រាប់​ដែរ​ថា ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នេះ​ពិតជា​កាច​សាហាវ​ណាស់ វា​អាច​សម្លាប់សត្វ​ជ្រូក​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​ក្រោយ​មាន​ករណី​រីក​រាលដាល​ជំងឺ​ប្រភេទ​នេះ​នៅ​ខេត្តមណ្ឌលគិរី លោក​បាន​បង្កើន​ការ​មើលថែ​សត្វ​ជ្រូក និង​បាញ់ថ្នាំ សម្លាប់​មេរោគ​ច្រើន​ជាង​ធម្មតា ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​មិន​បារម្ភ​អំពី​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ប៉ុន្មាន​ទេ ព្រោះ​ការ​ចិ​ញ្ចិ​ម​ជ្រូក​របស់​លោក មិន​បាន​នាំ​ជ្រូក​ពី​ខាងក្រៅ​ចូល​ថ្មី​ទេ ដូចនេះ​មាន​ហានិភ័យ​ឆ្លង​តិចតួច​បំផុត ។

កសិករ​ដដែល​បាន​ប្រាប់​ទៀត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​នោះ​គឺ​បញ្ហា​អាកាសធាតុ​ទៅ​វិញ​ទេ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ អាកាសធាតុ​ប្រែប្រួល​លឿន ម្ដង​ក្ដៅ​-​ម្ដង​ត្រជាក់ អាច​ធ្វើ​ឲ្យ​កូនជ្រូក​ងាយ​និង​ប្រឈម​ជាមួយ​ជំងឺ​ផ្សេង​ៗ ។

សូម​បញ្ជាក់​ថា បើ​តាម​លោក ប៉ែន ប្រុស ប្រធាន​ការិយាល័យ​ពេទ្យសត្វ​បាន​ឲ្យ​ដឹង ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​បង្ក​ឲ្យ​ឆ្លង​ដល់​មនុស្ស​ទេ វា​គ្រាន់តែ​ឆ្លង​ទៅ​សត្វ​ដូច​គ្នា​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​បាន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​មានការ​ខាតបង់​តែ​ប៉ុណ្ណោះ ហើយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ក៏​កំពុង​យកចិត្តទុកដាក់​តាមដាន​បញ្ហា​នេះ​ដែរ បង្ការ​មិន​ឲ្យ មាន​កើតឡើង​នូវ​ជំងឺ​ប្រភេទ​នេះ ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ខេត្តមណ្ឌលគិរី មាន​ជ្រូក​ចិញ្ចឹម​ប្រហែល ១,១២៩០ ក្បាល ប្រហាក់ប្រហែល​និង​ឆ្នាំ​មុន និង​មាន​តែ​ការ​ចិ​ញ្ចិ​ម​ជ្រូក​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ