ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដែនដី​ធ្វើ​ទំនើប​កម្ម​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង ការ​កើនឡើង​យ៉ាង​គំហុក​នៃ​វិស័យ​សំណង់​និង​អ​ចនទ្រ​ព្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​កត់សម្គាល់​ឃើញ​ថា​វិស័យ​សំណង់​នៅ​តែ​មាន​សន្ទុះ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ជា​ពិសេស​គឺ​មាន​កំណើន​មិន​ឈប់​មិន​ឈរ និង​ក្នុង​ន័យ​ជួយ​សម្រួល​ដល់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ដែល​បាន​នឹង​កំពុងធ្វើការ​វិនិយោគ​យ៉ាង​ដុតដៃដុតជើង​លើ​វិស័យ​នេះ ក្រសួង​ដែនដី នគ​រូបី​យ​កម្ម​និង​សំណង់​បាន​សម្រេច​ធ្វើ​ទំនើប​កម្ម​ផ្នែក​មួយ​ចំនួន​របស់​ខ្លួន តាម​រយៈ​ការ​ដាក់​អោយ​ប្រើប្រាស់​នូវ Apps មួយ​ឈ្មោះ​ថា…

រាជធានី​ភ្នំពេញ ៖ ដោយ​កត់សម្គាល់​ឃើញ​ថា​វិស័យ​សំណង់​នៅ​តែ​មាន​សន្ទុះ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ជា​ពិសេស​គឺ​មាន​កំណើន​មិន​ឈប់​មិន​ឈរ និង​ក្នុង​ន័យ​ជួយ​សម្រួល​ដល់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ដែល​បាន​នឹង​កំពុងធ្វើការ​វិនិយោគ​យ៉ាង​ដុតដៃដុតជើង​លើ​វិស័យ​នេះ ក្រសួង​ដែនដី នគ​រូបី​យ​កម្ម​និង​សំណង់​បាន​សម្រេច​ធ្វើ​ទំនើប​កម្ម​ផ្នែក​មួយ​ចំនួន​របស់​ខ្លួន តាម​រយៈ​ការ​ដាក់​អោយ​ប្រើប្រាស់​នូវ Apps មួយ​ឈ្មោះ​ថា Cambodian Construction Apps ។

រហូត​មក​ដល់​ពេល​នេះ​វិស័យ​សំណង់ នៅ​តែ​មាន​សន្ទុះ​វិនិយោគ​ជា​បន្តបន្ទាប់​ជា​ពិសេស​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ធ្វើ​អោយ​ទុន​ក្នុង​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​ជាក់ស្ដែង​នៅ​ក្នុង​រយៈពេល​តែ​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ពី​ប្រទេស​ក្រៅ​និង​ទុន​វិនិយោគ នៅ​ក្នុងស្រុក​ប្រមាណ​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​ប្រសាសន៍​របស់​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​និង​សំណង់ បាន​ក្លាយទៅជា​សរសរ​ស្ដម្ភ​ស្នូល ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ជាក់ស្ដែង​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១០ ឆ្នាំ គិត​ចាប់ពី ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៩ មាន​ប្រមាណ​ជាង​៤៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ឆ្នាំ ២០១៨ មាន​៥.៧៥៧​លាន​ដុល្លារ ។ លោក​បាន​បន្ត​ទៀត​ថា ដោយឡែក​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៩​នេះ​ដែរ កម្ពុជា​ក៏​ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ ២.៧៤២ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​ប្រមាណ​ជាង ៦៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រសួង​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី Apps មួយ​ចំនួន​ដើម្បី​កុំ​ឲ្យ​មានការ​រាំងស្ទះ ឬ​យឺត​យ៉ាង​ក្នុង​ការ​ផ្តល់​ព័​ត៏​មាន​ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ
នេះ ។

លោក ប៉ែន សុផល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​បាន​ធ្វើ​ទំនើប​កម្ម​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ដោយ​បាន​ដាក់​អោយ​ប្រើប្រាស់ Apps មួយ​ឈ្មោះ​ថា Cambodian Construction Apps ក្នុង​គោលបំណង​លើកកម្ពស់ តម្លាភាព​ព័ត៌មាន​ជា​សាធារណៈ និង​អាច​ទទួលយក​ព័ត៌មាន អំពី​ការ​អភិវឌ្ឍន៍​សំណង់ និង​អចលនទ្រព្យ នៅ​គ្រប់ពេល​នៅ​ក្នុង​Apps របស់​ក្រសួង » ។ លោក​បាន​បន្ត​ទៀត​ថា ការ​រីក​ចម្រើន​និង​ការ​វិនិយោគ​នៃ​វិស័យ​អចលនទ្រព្យ បង្ហាញ​អោយ​ឃើញ​ថា កម្ពុជា​បន្ត​ស្ថិត​នៅ​លើ​វិ​ថី​ដ៏​ត្រឹមត្រូវ និង​មាន​វិបុលភាព នៅ​គ្រប់​វិស័យ ដោយ​ចាត់​ទុក​វិស័យ​ឯកជន​ជា​ដៃគូរ​និង​លើកកម្ពស់​តួនាទី​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ ដែល​ធ្វើ​អោយ​ទីផ្សារ​អចលនទ្រព្យ នៅ​កម្ពុជា មាន​កំណើន​យ៉ាង​ឆាប់រហ័ស ព្រមទាំង​មានការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ជាមួយ​ទីផ្សារ​អាស៊ាន​ផង​ដែរ ។

ចំណែក​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ជា​សមាជិក​អាស៊ាន និង​បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រីក​ចម្រើន​គួរ​អោយ​កត់សម្គាល់ ។ បើ​និយាយ​ពី​វិស័យ​អចលនវត្ថុ គឺ​ដើរតួ​នាទី​សំខាន់ ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យសេដ្ឋកិច្ច​នៅ​ក្នុង​កម្ពុជា មាន​ភាពរឹងមាំ ។
លោក​បាន​បន្ត​ថា «​វិស័យ​អចលនវត្ថុ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ផុសផុល ដោយ​មាន​ផ្នែក​សំខាន់​ៗ​ចំនួន ៣ ដែល​ជា​ទិស​ដៅ​ចំបង ក្នុង​នោះ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​លំនៅ​ឋាន ការ​អភិវឌ្ឍ​អគារ​ពាណិជ្ជកម្ម និង​មួយទៀត​ទាក់ទង​ទៅ​នឹង ការ​អភិវឌ្ឍ​ដី​ដែល​នៅ​ទំនេរ​» ។ លោក​បន្ត​ថា បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឃើញ​ថា​កម្ពុជា​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ។ ហើយ​ការងារ​ជា​ចម្បង នៅ​ពេល​នេះ គឺ​ការ​អភិវឌ្ឍន៍​លំនៅ​ឋាន ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ពី​សំណាក់​ប្រជាពលរដ្ឋ ជាក់ស្ដែង​ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​រាប់​ពាន់​រាប់​ម៉ឺន​ខ្នង តែ​អ្នក​ផ្គត់ផ្គង់​មិន​ទាន់​បាន​បំពេញ​ទៅ​តាម​តម្រូវការ​នៅឡើយ​ទេ ។ ក្រៅពី​នោះ តម្រូវការ​អគារ​ពាណិជ្ជកម្ម​សម្រាប់​ជួល នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​តម្រូវការ​ខ្ពស់​ដែរ ដោយសារ​តែ​វត្តមាន​ក្រុមហ៊ុន​ថ្មី​ៗ បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវការ​ការិយាល័យ​សម្រាប់​បំពេញការងារ ។

អ្នកឯកទេស​ខាង​វិស័យ​សំណង់​និង​អចលនទ្រព្យ​បាន​បន្ថែម​ថា ក្នុង​នាម​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ក្នុង​នាម​ជា​ប្រឹក្សា​វិនិយោគិន​មួយ​រូប លោក​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ព្រោះ​ប្រទេស​កម្ពុជា នៅ​តែ​មាន​សន្ទុះ​កំណើន សេដ្ឋកិច្ច​ខ្ពស់ ក្នុង​រង្វង់​៧​ភាគរយ ក្នុង​មួយ​ឆ្នាំ ហើយ​វិស័យ​អចលនទ្រព្យ នឹង​មាន​ស្ថាន​ភាពល្អ​ប្រសើរ ពី​ពេល​នេះ​ដល់​៥​ឆ្នាំ​ខាង​មុខ​ទៀត ទិញ​កាន់តែ​ច្រើន ចំណេញ​កាន់តែ​ច្រើន ។

ទាក់ទង​នឹង​កំណើន​នៃ​វិស័យ​នេះ​ដែរ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ថ្មី​ៗ​នេះ​ក៏​បាន​ផ្ដល់​ជា​ទស្សនទាន​ថា កម្ពុជា​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​សំណង់ ជា​ពិសេស​ចំពោះ​ការ​ទិញ​អចលនទ្រព្យ​បង់​រំ​លោះ ពីព្រោះ​សព្វ​ថ្ងៃនេះ​កំណើន​នៃ​ការ​ទិញ​អចលនទ្រព្យ​ដោយ​បង់​រំ​លោះ បាន​និង​កំពុង​កើនឡើង​ខ្លាំង ទាំង​លំនៅ​ឋាន និង
ដីធ្លី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ