ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី ដេ​វី​ដ និង​អាចារ្យ​ធំឈ្លោះ​គ្នា​បែកផ្សែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជម្លោះ​រវាង​តារាចម្រៀង​លោក​ជី ដេ​វី​ដ និង​អាចារ្យ​ធំ​បាន​បន្ថយកម្តៅ​បន្តិច​ហើយ បន្ទាប់​ពី​មានការ​ចូល​ជួយ​ធ្វើ​អន្តរាគមន៍​ពី​សមាគម​សិល្បករ​ខ្មែរ ។ ជម្លោះ​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក និង​មានការ​រិះគន់​ខ្លាំង ។ ជម្លោះ​រវាង​អ្នកសិល្បៈ​ទាំង​ពីរ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​តារាចម្រៀង​លោក​ជី…

រាជធានី​ភ្នំពេញ​៖ ជម្លោះ​រវាង​តារាចម្រៀង​លោក​ជី ដេ​វី​ដ និង​អាចារ្យ​ធំ​បាន​បន្ថយកម្តៅ​បន្តិច​ហើយ បន្ទាប់​ពី​មានការ​ចូល​ជួយ​ធ្វើ​អន្តរាគមន៍​ពី​សមាគម​សិល្បករ​ខ្មែរ ។ ជម្លោះ​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក និង​មានការ​រិះគន់​ខ្លាំង ។

ជម្លោះ​រវាង​អ្នកសិល្បៈ​ទាំង​ពីរ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​តារាចម្រៀង​លោក​ជី ដេ​វី​ដ បាន​ចេញ​បទ​ចម្រៀង​«​បង្វិល​ផែនដី​» នាំ​ឲ្យ​អាចារ្យ​ធំ​បាន​ផ្ទុះ​ការ​រិះគន់ ជាមួយនឹង​ពាក្យ​សម្តី​មិន​សមរម្យ ។ ជី ដេ​វី​ដ បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ឆ្លើយ​តប​ភ្លាម​ទៅ​កាន់​អាចារ្យ​ធំ ។ ពាក្យ​ឆ្លើយឆ្លង​នេះ​បាន​ក្លាយ​ជម្លោះ​បែក​ផ្កាភ្លើង និង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​រិះគន់ ដោយ​ថា​វា​ធ្វើ​ឲ្យ​អាប់ឱន​ដល់​តម្លៃ​សិល្បករ​ខ្មែរ ។ មើលឃើញ​បញ្ហា​នេះ​សមាគម​សិល្បករ​ខ្មែរ​បាន​ចូល​អន្តរាគមន៍ ដោយ​ស្នើ​ឲ្យ​ភាគី​ទាំង​សងខាង​បញ្ចប់​ជម្លោះ​ជា​បន្ទាន់ ហើយ​បើ​ការ​សម្របសម្រួល​មិន​ជោគជ័យ​នឹង​មាន​វិធាន​ទៅ​ក្រសួង​វប្បធម៌ ។ ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ​លោក​ហេង ឡុ​ង បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៣ ឧសភា ២០១៩​ថា «​ក្នុង​នាម​សមាគម​សិល្បករ​ខ្មែរ ខ្ញុំ​សំណូមពរ​ដល់​ប្អូន G David និង​ប្អូន​អាចារ្យ​ធំ សូម​មេត្តា​បញ្ឈប់​ការ​វាយប្រហារ​គ្នា​ដោយ​ពាក្យ​សំដី​អសុរោះ ក្នុង​នាម​ជា​សិល្បករ​ដែល​មហាជន​គោរព​ស្រឡាញ់​ឱ្យ​តម្លៃ គួរតែ​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ ដើម្បី​ជា​គំរូ​ដល់​សិល្បករ​សិល្ប​ការិនី​ជំនាន់​ក្រោយ ។ សង្ឃឹមថា​ប្អូន​ទាំង​ពីរ​នឹង​សហការ​ដើម្បី​បង្ហាញ​ពី​ភាព​អត់ឱន​ឱ្យ​គ្នា ក្នុង​ន​យ័​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​សាមគ្គី​ខ្មែរ​ឈ្នះ »​។

បន្ទាប់​ពី​មាន​សំណូមពរ​យ៉ាង​ដូច្នេះ​តារាចម្រៀង​លោក​ជី ដេ​វី​ដ បាន​ដកថយ​មួយ​ជំហាន​តាម​ការ​ស្នើ​សុំ បើ​ទោះបីជា​លោក​នៅ​តែ​ប្រកាន់​ជំហរ​ថា ជម្លោះ​នេះ​មិនមែន​ផ្តើម​ដោយ​លោក​មុន​នោះ​ក៏​ដោយ ។ ដេ​វីត​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​« រឿង​ដែល​បាន​កើតឡើង​វា​នឹង​ក្លាយជា​អតីតកាល និង​មេរៀន​ជីវិត​ដែល​មនុស្ស​មិន​អាច​ចៀស​ផុត ប៉ុន្តែ​បើសិនជា​ល្បី​ដោយ​ការ​ជេ​ប្រមាថ​អ្នក​ដទៃ​ខ្ញុំ​មិន​ដែល​ប្រាថ្នា​ឡើយ កាន់តែ​មិន​ចង់​ឆ្លៀតឱកាស ឬ​គេ​ហៅ​មួយទៀត​ថា​យកមុខ​។ មនុស្ស​ប្រភេទ​ខ្លះ​គេ​ជួយ​យើង​នៅ​ពេល​ដែល​យើង​ខ្សោយ ឬ​នៅ​ពេល​ដែល​យើង​ដួល គឺ​ដោយ​ក្តី​អាណិត​ស្រលាញ់ ប៉ុន្តែ​មនុស្ស​ប្រភេទ​ខ្លះ​ទៀត​គឺ​ដើម្បី​ប្រើប្រាស់​ផលប្រយោជន៍​សម​ស្រប​ណាមួយ​នៅ​ពេល​ក្រោយ​ដោយ​លើក​ឡើង​ថា​គេ​ធ្លាប់​ជួយ​យើង​មក​ធ្វើ​ជា​គំនាប​ដោយ​មិន​រាប់​បញ្ចូល​នូវ​អ្វី​ដែល​យើង​ធ្លាប់​សង ឬ​ធ្វើ​ដើម្បី​នោះ​ឡើយ ។ ពេលវេលា​ជីវិត​ខិត​ទៅ​មុខ​បន្តិច​ម្តង​ដោយ​មិន​ខ្វល់​ពី​សកម្មភាព​របស់​យើង​ឡើយ ដូច្នោះ​ហើយ​សូម​ជ្រើសរើស​នឹង​ធ្វើ​អ្វីមួយ​ដែល​យើង​ចង់ ដែល​យើង​ស្រលាញ់ ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង​សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​កុំ​ចាំ​គេ គេ​គិត​មិន​ដូច​យើង​គិត​ទេ ជ្រើស​យក​ផ្លូវ​មួយ​ដែល​អាច​សម្រួល​អារម្មណ៍​នៃ​ចិត្ត​បុណ្យ​របស់​យើង និង​អ្នក​ដទៃ កុំ​ដើម្បី​អស្ចារ្យ​ប្រាថ្នា​ឲ្យ​គេ​ឈឺចាប់ ។

រាល់​ការ​ប្រមាថ​ពូជពង្សវង្សត្រកូល​វា​ជា​ការ​ឈឺចាប់​សម្រាប់​មនុស្ស​គ្រប់​គ្នា​និង​ជា​រឿង​ដែល​ពិបាក​ទទួលយក ខ្ញុំ​ធ្លាប់​បាន​មើល​ភាពយន្ត super hero ក្នុង​រឿង​មួយ​ណា​ក៏​ដោយ​ក៏​តួអង្គ​ពលី​ដើម្បី​យក​សេចក្តី​ល្អ សុខចិត្ត​ស្លាប់​ខ្លួន​ក៏​មិន​ឲ្យ​អ្នក​ដទៃ​រង​គ្រោះ ។ ផ្ទុយ​ពី​«super hero ក្រៅ​ឆាក​ហែក​មាត់​សំយាក​ជេរ​ជន​ប្រុស​ស្រី​ដោយ​មិន​បាន​គិត​ថា​ខ្លួន​ជា​អ្វី​ក្រោម​មេឃ​លើ​ដី​គឺ​មាន​តែ​អញ ។ ឆ្អឹង​ដែក​ស្បែក​ស្ពាន់​អាគម​យុទ្ធភណ្ឌ​មក​ពី​ដូនតា លោក​គង់​លោក​នៅ​ជាមួយ​ជន​ណា ដែល​មាន​ប្រាជ្ញា​និង​សច្ចធម៌ លោក​មិន​គង់​ទេ​មនុស្ស​ហែក​មាត់​ជេរ​ពូជ​ពង្សាវតារ គង់តែ​ថ្ងៃមួយ​លោក​នឹង​បរា ចំពោះ​ជន​ណា​លេងសើច​នឹង​លោក »​។ សម្រាប់​រឿង​អ្នក​ជេរ​ប្រមាថ​ខ្ញុំ​នឹង​នៅ​ស្ងៀម​សិន​ទុក​ឳ​កាស​ឲ្យ​អ្នក​ពិចារណា​កំហុស​បញ្ឈប់​រាល់​អំពើ​ជេរ​ប្រមាថ​អ្នក​ដែល​គ្មាន​កំហុស ហើយ​សុំ​ទោស​ខ្ញុំ​ជា​សាធារណៈ​ដើម្បី​កិត្តិយស​ខ្ញុំ និង​ជា​ពិសេស​ដើម្បី​ទឹកចិត្ត​មហាជន​ទាំងមូល​» ។

ជា​ការ​ឆ្លើយ​តប​លោក​ហេង ឡុ​ង បាន​បញ្ជាក់​វិញ​ថា «​សូម​អរគុណ​ប្អូន G Davith ដែល​បាន​ឆ្លើយ​តប ភ្លាម​ៗ​បន្ទាប់​ពី​ការ​អំពាវនាវរ​បស់បង ។ ក្នុង​នាម​សមាគម​សិល្បករ​ខ្មែរ​ដូច​ជា​ម៉ែឪ​របស់​សិល្បករ​សិល្ប​ការិនី​ទាំងអស់ ជំហាន​ដំបូង​សមាគម​ដើរតួ​សម្របសម្រួល​ឲ្យ​អស់​លទ្ធភាព បើ​ក្នុង​ករណី​មាន​ទំនាស់​រវាង​សិល្បករ​។ សូម​បញ្ជាក់​ថា​ដំណាក់កាល​សម្របសម្រួល​ដំបូង​គឺ​យើង​មិន​បាន​វាយតម្លៃ​ដាក់​កំហុស​ទៅ​ខាង​ភាគី​ណា​ឡើយ បើ​ក្នុង​ករណី​ភាគី​ទាំង​ពីរ​ទទួលយក​ការ​សម្របសម្រួល​របស់​សមាគម នោះ​យើងខ្ញុំ​នឹង​អញ្ជើញ​ភាគី នីមួយ​ៗ​ដើម្បី​មក​ពិភាក្សា​លម្អិត​រកហេតុ​ផល​ឈាន​ទៅ​អាច​វាយតម្លៃ​បាន​ថា​ភាគី​ណា​ជា​ភាគី​បង្ក និង​ភាគី​ជន​រង​គ្រោះ ។ បើ​ក្នុង​ករណី​សមាគម​មិន​អាច​សម្របសម្រួល​បាន​ទេ​នោះ យើងខ្ញុំ​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ស្នើ​សុំ​ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដើម្បី​ជួយ​សម្របសម្រួល​មុន​នឹង​ឈាន​ទៅ​ដល់​ភាគី​ទាំង​សងខាង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ធានា​បាន​យុត្តិធម៌​សម្រាប់​ភាគី​ជន​រង​គ្រោះ »​។

ជុំវិញ​បញ្ហា​នេះ​គេ​នៅ​មិន​ទាន់​មានការ​ឃើញ​ការ​ឆ្លើយ​តប​ណាមួយ​ពី​ភាគី​អាចារ្យ​ធំ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែឧសភា បើ​ទោះបីជា​ភាគី​លោក​ជី ដេ​វី​ដ និង​សមាគម​សិល្បករ​ខ្មែរ​បាន​សម្របសម្រួល​គ្នា​បាន​មួយ​កម្រិត​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ