ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EZECOM បរិច្ចាគ​មួក​សុវត្ថិភាព និង​អប់រំ​​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុ​សិស្ស​​ក្នុង​រាជធានី​ភ្នំពេញ

7 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទូ​ទាំង​ពិភពលោក មនុស្ស​ជាង​៣​ពាន់​៤​រយ​នាក់​បាន​ស្លាប់​នៅ​លើ​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ ហើយ​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​រង​របួស ឬ​ពិការ​រៀង​រាល់​ឆ្នាំ​ដោយសារ​បញ្ហា​នេះ​។ កុមារ អ្នក​ថ្មើ​ជើង អ្នក​ជិះ​កង់ និង​មនុស្ស​ចាស់ គឺជា​ក្រុម​បុគ្គល​ដែល​ងាយ​រង​គ្រោះ​ខ្លាំង​បំផុត​។ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​ឱ្យ​មនុស្ស​ជាតិ​ខាតបង់​ថវិកា និង​ធនធាន​ជា​ច្រើន ព្រមទាំង​គំរាមកំហែង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​ក្នុង​ពិភពលោក​ទៀត​ផង​។

តាម​ប្រព័ន្ធ​ទិន្នន័យ​ជន​រងគ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៧ ចំនួន​អ្នក​ស្លាប់ ៧៥%​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ទោចក្រយានយន្ត និង​រង​របួស​ក្បាល​ហើយ​មាន​តែ ៦៩%​ប៉ុណ្ណោះ​ដែល​ពាក់មួក​សុវត្ថិភាព​។ ខណៈ​​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើការ លើកលែង​ប័ណ្ណបើកបរ​ម៉ូតូ តាម​ទិន្នន័យបឋម​ដែល​ប្រមូល​​បាន​យើង​សង្កេត​ឃើញ​ថា ៩%​ជា​អ្នក​ថ្មើរជើង ២%​អ្នក​ស្លាប់​ជា​កុមារ ៧%​ជា​កុមារ​ដែល​មាន​អាយុ​​តិច​ជាង​១៥​ឆ្នាំ ២៦% ជា​កុមារ​សិក្សា នៅ​បឋម​សិក្សា​។ ទាំងនេះ​ជា​មូលហេតុ​ដែល​កិច្ចការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​សកម្មភាព​លើកកម្ពស់​សុវត្ថិភាព​លើ​ដងផ្លូវ​នៅ​តែ​មាន​សារៈសំខាន់​។

ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន EZECOM បាន​សហការ​ជាមួយ​អង្គការ​សម្ព័​ន្ឋ​ដើម្បី​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក (CRY) ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០១៩ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍ និង​ចែក​មួក​សុវត្ថិភាព​ដោយ​ឥត​គិតថ្លៃ​ដល់​សិស្សានុ​សិស្ស​នៅ​សាលា​បឋម​សិក្សា​ឧកញ៉ា ហ៊ុន នាង បាក់​ខែង នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​គោលបំណង​ដើម្បី​បង្ហាញ​ការងារ​លើកកម្ពស់​ការ​ពាក់មួក​សុ​វ​តិ្ថ​ភាព​ឲ្យ​បាន​គ្រប់​គ្នា ជា​ពិសេស​សុ​វ​តិ្ថ​ភាព​របស់​ប្អូន​សិស្សានុសិស្ស និង​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ៗ​ទៀត​។

លោក ថា​ន ថេ​ន នាយក​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា «​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ពិតជា​អាច​កាត់​បន្ថយ​បាន ប្រសិនបើ​គ្រប់​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​សមរម្យ ដូច​ជា ការ​ពាក់មួក​សុវត្ថិភាព​អោយ​បាន​ត្រឹមត្រូវ​ជាដើម​»​។

លោក​បាន​បន្ថែម​ថា «​កត្តា​មនុស្ស​ជា​កត្តា​ចម្បង​ទី​មួយ ដែល​ជះ​ឥទ្ធិពល​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​។ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ គឺ​ការ​បន្ត​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​គ្រប់​វ័យ​អំពី​ច្បាប់​ចរាចរណ៍ និង​ការ​លើកទឹកចិត្ត​អោយ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​គ្រប់​ៗ​គ្នា​»​។

លោកស្រី លឹ​ម សុខ​ជា ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ (CRY) បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​ជា​បញ្ហា​របស់​បុគ្គល​ណា​តែ​ម្នាក់ឯង​នោះ​ទេ វា​ជា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា និង​សង្គម​​កម្ពុជា​ទាំងមូល ហើយ​ទាមទារ​ឲ្យ​មានការ ចូលរួម​ដោយ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះ ស្រាយ​ដើម្បី​ឲ្យ​ថយ​ចុះ​មក​នៅ​កំរិត​មួយ​ទាប​បំផុត​។ យើង​ពិតជា​អាច​ការពារ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នេះ​ឲ្យ​ធ្លាក់​ចុះ​មក​នៅ​កំរិត​មួយ​ទាប​បំផុត​ប្រសិនបើ​យើង​ទាំងអស់​គ្នា ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​ជាតិ​-​អន្តរជាតិ អង្គការ​មនុស្សធម៌ ផ្នែក​ឯកជន និង​អ្នក​ប្រើប្រាស់​ផ្លូវ​រួម​គ្នា ចូលរួម​ទាំងអស់​គ្នា តាម​លទ្ធភាព​ធនធាន និង​ជំនាញ​បច្ចេកទេស​ដែល​យើង​មាន និង​កំពុង​ប្រតិបត្តិការ​ការងារ​។

សកម្មភាព​នេះ​នឹង​ជួយ​ដោយ​ផ្ទាល់​ដល់​សិស្សានុសិស្ស និង​ប្រជាជន​ចំនួន ៨៥០​នាក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​ចែក​មួក​សុវត្ថិភាព​ចំនួន ២៨៥​មួក​សុ​វ​តិ្ថ​ភាព និង​ការ​ចែកចាយ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ចរាចរណ៍​ជា​ច្រើន​ផង​ដែរ​។ ក្រុមហ៊ុន EZECOM សង្ឃឹមថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​នេះ ដង​ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​យើង​ទាំងអស់​គ្នា៕ ដោយ​សហការ