ក្រុមហ៊ុនលំដាប់អន្តរជាតិមួយជំរុញឱ្យស្ត្រីក្លាយជាអ្នកដឹកនាំតាមស្ថាប័នកាន់តែច្រើន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Worldbridge Group ដែលគេដឹងថា ជាក្រុមហ៊ុនលំដាប់អន្តរជាតិ មានបុគ្គលិកប្រមាណ៤ពាន់នាក់បានចុះហត្ថលេខាជាមួយអង្គការ She Can ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទេព្យកោសល្យសម្រាប់ប្រទេសកម្ពុជា ជាពិសេសស្ត្រី ក្នុងគោលបំណងជំរុញឱ្យមានស្ត្រីនៅក្នុងការដឹកនាំធុរកិច្ចនៅកម្ពុជា កាន់តែច្រើន ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរវាងក្រុមហ៊ុន Worldbridge Group និងអង្គការ She Can បានឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណរួមរវាងស្ថាប័នទាំងពីរ គឺដើម្បីបង្កើតក្របខ័ណ្ឌនៃកិច្ចសហការមួយសម្រាប់អង្គការ She Can និងក្រុមហ៊ុន វើលដ៏ប្រ៊ីជគ្រុប ដើម្បីផ្ដល់ជាមធ្យោបាយសម្រាប់ក្មេងស្រី និងស្ត្រីដែលមានភាពជាអ្នកដឹកនាំ មានចំណេះដឹង មានភាពអង់អាចនិងភាពជាបណ្ដាញ ទទួលបានការចុះកម្មសិក្សា និងឱកាសការងារនៅក្នុងប្រទេសកម្ពុជា ។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលដ៏ប្រ៊ីជគ្រុប បានមានប្រសាសន៍នៅក្នុងសន្និសីទកាលពីថ្ងៃទី ២២ មេសា ២០១៩នេះថា គោលបំណងរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីជ គឺចង់ឱ្យស្ត្រីក្លាយជាអ្នកដឹកនាំឱ្យបានច្រើន ពីព្រោះស្ត្រីកម្ពុជា សុទ្ធតែមានសមត្ថភាព ក៏ប៉ុន្តែមុននឹងអាចឱ្យពួកគាត់ចូលការងារដែលត្រូវនឹងជំនាញរបស់ពួកគាត់ ក្រុមហ៊ុនវើលដ៏ប្រ៊ីជ ចង់ឱ្យពួកគាត់មកអនុវត្តន៍ការងារក្នុងពេលពួកគាត់កំពុងស្ថិតនៅក្នុងវិស្សមកាល និងមកលេងនៅកម្ពុជា ហើយក្រុមហ៊ុននឹងជំរុញឱ្យពួកគាត់ចូលកាន់ការងារណាដែលត្រូវនឹងជំនាញដែលពួកគាត់កំពុងសិក្សា នៅក្រៅប្រទេស។
លោកបន្តថា នៅក្នុងក្រុមហ៊ុនវើលដ៏ប្រ៊ីជគ្រុប មានការងារច្រើនជំនាញ ឬអាចនិយាយស្ទើរតែគ្របដណ្ដប់គ្រប់វិស័យលើការរកស៊ីនៅកម្ពុជា ដូចជាវិស័យហិរញ្ញវត្ថុ សេវាកម្ម វិស័យដឹកជញ្ជូន សំណង់ និងវិស័យពាណិជ្ជកម្មជាដើម ដូច្នេះសិក្ខាកាមអាចចូលមកហាត់ការងារ អំឡុងពេលវិស្សមកាលបានគ្រប់ជំនាញ ។

លោកស្រី បាបារ៉ា បៃយ៍លីញ៉ា ស្ថាបនិកនិងជានាយិកាប្រតិបត្តិអង្គការ She Can បានមានប្រសាសន៍ថា អង្គការ She Can ជាអង្គការដែលជ្រើសរើសក្មេងស្រីពូកែមានសមត្ថភាព ទៅបន្តសិក្សានៅក្រៅប្រទេសជាពិសេសសហរដ្ឋអាមេរិក ដើម្បីយកចំណេះដែលពួកគេទទួលបាននៅក្រៅប្រទេសមកអភិវឌ្ឍន៍ប្រទេសរបស់គេវិញ ដូច្នេះហើយទើបអង្គការនេះ ជ្រើសរើសយកតែក្មេងស្រីណា ដែលមានភាពក្លាហាន អង់អាច និងមានឆន្ទៈក្នុងការអភិវឌ្ឍន៍ប្រទេសរបស់គេ ។ មានន័យថា នៅពេលពួកគេរៀនចប់ ពួកគេត្រូវតែត្រលប់មកប្រទេសកំណើត ដើម្បីអនុវត្តន៍ជំនាញដែលទទួលបាន មកអភិវឌ្ឍន៍ប្រទេសរបស់ពួកគេវិញ។
លោកស្រីបន្តថា ការសហការជាមួយក្រុមហ៊ុនវើលដ៏ប្រ៊ីជគ្រុប មានសារសំខាន់ណាស់សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅក្រៅប្រទេសហើយត្រលប់មកស្រុកវិញ ពីព្រោះក្រុមហ៊ុនមានទាំងកន្លែងសម្រាប់ហាត់ការ ការងារ និងមានការងារសម្រាប់ផ្ដល់ជូនពួកគេ ពេលត្រឡប់មកប្រទេសកំណើតវិញផងដែរ ៕ ដោយសហការ
ចែករំលែកព័តមាននេះ