ថ្ងៃដ៏ពិសេស! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនមួយ ផ្តើមប្រតិបត្តិការផ្លូវការនៅកម្ពុជាហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន Dai-ichi Life Holdings, Inc. (“Dai-ichi Life Group”) បានប្រកាសបើកសម្ពោធក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី24 ខែមេសា ឆ្នាំ2019 ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យកណ្តាលស្ថិតនៅក្នុងអគារ Vattanac Capital ត្រូវបានបើកសម្ពោធដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Group និងលោក Allen Thai អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. (“Dai-ichi Life Cambodia”) ។
ពិធីទទួលទានអាហារពេលល្ងាចត្រូវបានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដើម្បីអបអរសាទរក្នុងឱកាសដាក់ឱ្យដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន Dai-ichi Life Cambodia ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកតំណាងពីធនាគារជាច្រើន និងអ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
ក្រុមហ៊ុន Dai-ichi Life Group ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ព្រោះវាជាការជួយកសាងសង្គម និងសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព។ ដូច្នេះក្រុមហ៊ុន Dai-ichi Life Group និងក្រុមហ៊ុន Dai-ichi Life Cambodia បានរួមគ្នាបរិច្ចាគទឹកប្រាក់ចំនួន 200,000,000 រៀលទៅឱ្យអង្គការសុខភាព Japan Heart Cambodia ដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោលសថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន»។
លោកអគ្គនាយក អាឡិន ថៃ បានមានប្រសាសន៍ថា «ក្នុងនាមជាវិនិយោគិនជប៉ុន ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្រុមហ៊ុន Dai-ichi Life Cambodia នឹងផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi Life Cambodia និយាយថា «នៅក្បែរអ្នកជានិច្ច »។
ក្នុងសន្និសីទសារព័ត៌មានក៏បានប្រព្រឹត្តទៅនៅថ្ងៃដដែលនេះ នៅសណ្ឋាគារ Rosewood ភ្នំពេញ ដើម្បីប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia ជាមួយនឹងធនាគារវឌ្ឍនៈ។ តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងក្រុមហ៊ុនធំទាំងពីរនេះ នឹងធ្វើឱ្យក្រុមហ៊ុន Dai-ichi Life Cambodia អាចប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងមកអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។
លោក ចាន់ កុកចយ នាយកប្រតិបត្តិ/នាយកគ្រប់គ្រងទូទៅ នៃធនាគារវឌ្ឍនៈបានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្ត និងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ។ យើងជឿជាក់ថា ផលិតផលរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំ។ ពួកយើងជឿជាក់ទៅលើវិជ្ជាជីវៈ សុច្ចរិតភាព និងការបេជ្ញាចិត្តរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា ក្នុងការសហការជាមួយយើងខ្ញុំ»។
ក្រុមហ៊ុនធានារ៉ាប់អាយុជីវិត Dai-ichi Life Cambodia មានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប៕ ដោយសហការ
ចែករំលែកព័តមាននេះ