ខេត្តត្បូងឃ្មុំ ៖ ជាផ្នែកមួយនៃការចូលរួមជួយការងារសង្គម និងវិស័យព្រះពុទ្ធសាសនា ទឹកពិសាវីតាល់ បានប្រារព្ធពិធីស្រង់ព្រះ និងសង្គហធម៌ ដ៏ធំបំផុតប្រចាំឆ្នាំជូនដល់ ដូនចាស់ជរាក្រីក្រ ទាំងអ្នកខ្លះពិការផងប្រមាណជាង 31០នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលសង្គហធម៌ ប្រាក់ឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបព្រះពុទ្ធសាសនាពីសំណាក់សមាជិក-សមាជិកានៃក្រុមហ៊ុនទឹកពិសាវីតាល់។

ការប្រារព្ធកម្មវិធីស្រង់ព្រះធំបំផុតប្រចាំឆ្នាំរបស់វីតាល់ គឺចាប់ផ្ដើមមានតាំងតែពីឆ្នាំ ២០១៦មកម្ល៉េះ។ កម្មវិធីសប្បុរសធម៌ធំនេះបានផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងព្រះពុទ្ធសាសនា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។

ពិធីស្រង់ព្រះធំប្រចាំឆ្នាំលើកនេះ ប្រារព្ធទៅនៅវត្តឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ដែលជាតំបន់ក្រីក្រនៃខេត្តត្បូងឃ្មុំ ដែលសព្វថ្ងៃកំពុងទទួលភាពរាំងស្ងួតខ្លាំង។ ដូនចាស់ជរាដែលបានអញ្ជើញមកទទួលសង្គហធម៌ មានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ មានជីវភាពលំបាក ខ្វះមុខខ្វះក្រោយ ចំណែកឯដូនចាស់មួយចំនួនទៀតកំពុងរស់នៅក្នុងសភាពពិការ និងធ្លាក់ខ្លួនឈឺដែលកំពុងតែត្រូវការជំនួយមនុស្សធម៌។ ដោយហេតុបែបនេះហើយទើបក្រុមហ៊ុនដែលល្បីខាងសកម្មភាព សប្បុរសធម៌វីតាល់ ប្រារព្ធពិធីសង្ឃហធម៌ និងស្រង់ព្រះជូនសិរីសួស្តីឆ្នាំថ្មីជូនលោកតា លោកយាយ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិនៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានមានប្រសាសន៍ថា ក្នុងនាមលោកជំទាវជាប្រជាជនខ្មែរ កាន់ព្រះពុទ្ធសាសនាមួយរូប លោកជំទាវយល់ច្បាស់ ពីសារសំខាន់នៃកម្មវិធីស្រង់ព្រះ ដែលលោកជំទាវ និងក្រុមគ្រួសារតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីសន្សំកុសលផលបុណ្យ និងជម្រើនព្រះជន្ម និងផ្តល់សិរីសួស្តីដល់ចាស់ជរាគ្មានទីពឹង ក្នុងឱកាសចូលឆ្នាំថ្មីរបស់ខ្មែរខិតចូលមកដល់ឆាប់ៗនេះ។

លោកជំទាវ អ៊ឹម បូលីកា សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វីតាល់ក៏បានសម្តែងភាពសប្បាយរីករាយចំពោះកម្មវិធីស្រង់ព្រះធំបំផុតប្រចាំឆ្នាំនេះ ដែលបានទទួលការសាទរយ៉ាងខ្លាំងពីដូនចាស់ ទាំង៨ភូមិ ដែលនេះគឺជាការលើកទឹកចិត្តឲ្យវីតាល់បន្តធ្វើកម្មវិធីមនុស្សធម៌បែបបន្ថែមឲ្យកាន់តែច្រើនបន្ថែមទៀត។ ឈ្លៀតក្នុងឱកាសនេះលោកជំទាវក៏សម្ដែងការអរគុណចំពោះក្រុមការងារសាលាឃុំឈូកដែលបានជួយសម្រួលដល់ការប្រារព្ធកម្មវិធីនេះបានយ៉ាងរលូនផងដែរ។

កម្មវិធីស្រង់ព្រះវីតាល់ឆ្នាំនេះ គឺពិតជាមានលក្ខណៈពិសេសជាងកម្មវិធីរាល់ឆ្នាំ ត្រង់ថា ដូនចាស់ទាំង៣១០នាក់នឹង ទទួលបានការ (ស្រង់ព្រះ) ងូតទឹកស្អាតខ្លួនបែបព្រះពុទ្ធសាសនា បន្ថែមពីនេះទៅទៀតពួកគាត់ក៏នឹងទទួលបានខោអាវថ្មីមួយកំផ្លេ ក្រមា អង្ករ១០គីឡូ ទឹកវីតាល់ ទឹកដោះគោខាប់ ឆៃពៅ ស្បែកជើង ប្រេងកូឡា ថ្នាំពេទ្យ ទឹកស៊ីអ៊ីវ ទឹកត្រី អបិល និងស្ករស ព្រមទាំងថវិកាមួយចំនួនសម្រាប់សម្រាលជីវភាពក្នុងរដូវកាលឆ្នាំថ្មី នឹងមកដល់ក្នុងពេលដ៏ខ្លីនេះ។ លើសពីនេះទៅទៀត លោកតា-យាយក៏ទទួលបានការពិសាភោជនីយអាហារយ៉ាងឈ្ងុយឆ្ងាញ់ រៀបចំឡើងដោយបម្រើយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារវីតាល់ទៀតផង។

បន្ទាប់ពីទទួលបានការស្រង់ព្រះ នឹងផ្លាស់សម្លៀកបំពាក់ថ្មីដ៏ស្រស់ស្អាតរួចមក លោកយាយម្នាក់ឈ្មោះ យុលី ហេង អាយុ៨៣ឆ្នាំបានសម្តែងភាពសប្បាយរីករាយថា “ថ្ងៃនេះយាយសប្បាយចិត្តណាស់ព្រោះបានអំណោយច្រើន ហើយអាហារគេឆ្ងាញ់ៗទៀត អ្នកធ្វើបុណ្យឲ្យគេបានធ្វើពិធីស្រង់ព្រះឲ្យទៀតយើងមិនជាប់សាច់ឈាមអីហ្នឹងគ្នាផង យាយពិតជារំភើបមែនទែន។”

កម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមក ដោយមានជំនឿថា ការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសលបានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនា ព្រោះចាស់ព្រឹទ្ធចារ្យគឺប្រៀបបាននឹងព្រះរស់សម្រាប់កូនចៅគ្រប់គ្នា។ ដូច្នេះហើយទើបវីតាល់បានពាំនាំនូវមូលនិធិ២៥៛ ចូលរួមក្នុងសទ្ធាដ៏ជ្រះថ្លានេះ ដើម្បីសន្សំបុណ្យកុសលត្រឡប់ទៅអតិថិជនវីតាល់វិញ តាមរយៈការចូលរួមចាប់មគ្គផល ២៥៛ ក្នុងការជាវទឹកវីតាល់មួយដប។ វីតាល់ សង្ឃឹមថាវីតាល់នូវតែបន្តទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទាំងប្រទេស ដើម្បីឱ្យយើងមានមូលនិធិនេះបន្តលើគម្រោងនៃកម្មវិធីស្រង់ព្រះនេះជារៀងរាល់ឆ្នាំ និងលើសកម្មភាពមនុស្សធម៌ដទៃផ្សេងទៀត ៕ ដោយសហការ







ចែករំលែកព័តមាននេះ