ក្រុមហ៊ុន Samsung Electronics Co. បានរាយការណ៍ថាប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនបានធ្លាក់ចុះអស់ ៦០% កាលពីប៉ុន្មានថ្ងៃមុន ដែលជាការធ្លាក់ចុះខ្ពស់ជាងគេក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។ ការធ្លាក់ចុះនៃការលក់ស្មាតហ្វូន និងការចុះទាបនៃតម្លៃឈីបមេម៉ូរីជាមូលហេតុដែលបង្កឲ្យមានការធ្លាក់ចុះនេះ។
លោក DJ Koh ដែលជានាយកប្រតិបត្តិផ្នែកទូរស័ព្ទដៃរបស់ Samsung បាននិយាយប្រាប់កាសែតបារាំង Le Fiagro ថាបច្ចេកវិទ្យាស្មាតហ្វូនអាចបត់បែននឹងជួយឲ្យក្រុមហ៊ុនអាចទាក់ទាញអតិថិជនមកវិញ។ លោកក៏មើលរំលងការគម្រាមកំហែងពី Huawei ដែលចង់ជំនួសក្រុមហ៊ុនរបស់លោកដើម្បីបានតំណែងជាក្រុមហ៊ុននាំមុខក្នុងវិស័យស្មាតហ្វូនដែរ និងបានសន្យាថា Samsung នឹងបន្តជាអ្នកដឹកនាំក្នុងទីផ្សារស្មាតហ្វូនយ៉ាងតិចក៏១០ឆ្នាំទៀតដែរ។
លោកបាននិយាយថា «ក្នុងនាមជាអ្នកដឹកនាំក្នុងទីផ្សារស្មាតហ្វូន ការផ្តោតសំខាន់របស់ពួកយើងគឺតែងតែជាការធ្វើឲ្យផលិតផលនិងសេវាកម្មល្អប្រសើរជាងមុនដើម្បីផ្តល់ការបង្កើតថ្មីដែលមានន័យសម្រាប់អតិថិជនរបស់ពួកយើង។ Samsung បានក្លាយជាអ្នកដឹកនាំក្នុងទីផ្សារស្មាតហ្វូនអស់១០ឆ្នាំមកហើយ ហើយពួកយើងនឹងរក្សាតំណែងនេះ១០ឆ្នាំទៀតដោយបន្តបង្កើតបទពិសោធន៍ថ្មីៗ»។

ការបង្កើតបទពិសោធន៍ថ្មីៗនេះរួមមានបច្ចេកវិទ្យាទូរស័ព្ទដែលអាចបត់បែនបានដែលនឹងមានលើទូរស័ព្ទ Galaxy Fold របស់ Samsung។ វានឹងត្រូវបានចេញលក់នៅក្នុងសហរដ្ឋអាមេរិកនាថ្ងៃទី ២៦ខែមេសាខាងមុខនេះ ស្របពេលដែល Samsung មើលឃើញការលក់ស្មាតហ្វូនរបស់ខ្លួនធ្លាក់ចុះពី ៣១៨លានគ្រឿងនៅឆ្នាំ២០១៧មកស្មើ ២៩៩លានគ្រឿងក្នុងឆ្នាំ ២០១៨។
ទិន្នន័យនេះបានមកពី Counterpoint Technology Market Research ដែលបានឲ្យដឹងទៀតថាការគម្រាមកំហែងពីក្រុមហ៊ុន Huawei គឺមានកាន់តែធ្ងន់ធ្ងរឡើងហើយសម្រាប់ Samsung។
Huawei បានព្យាយាមដណ្តើមយកតំណែងរបស់ Samsung បើទោះជាក្រុមហ៊ុនខ្លួនត្រូវបានហាមមិនឲ្យចូលក្នុងទីផ្សារប្រទេសលោកខាងលិចជាច្រើនពិតមែនក្តី។ ខណៈដែលការលក់ស្មាតហ្វូនរបស់ Samsung បានធ្លាក់ចុះ Huawei បែរជាមើលឃើញការលក់កើនឡើងពី ១៥៣លានគ្រឿងមកស្មើ ២០៦លានគ្រឿងវិញ ៕
ចែករំលែកព័តមាននេះ