យោងតាមសេចក្តីរាយការណ៍ក្នុងពេលថ្មីៗនេះបានឲ្យដឹងមកថា Apple អាចនឹងត្រូវពន្យាពេលការចេញទូរស័ព្ទ iPhone ដែលអាចប្រើ 5G បានព្រោះតែកង្វះ Modem 5G ។ ក្រុមហ៊ុននេះប្រើឈីប Intel សម្រាប់ទូរស័ព្ទរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Intel មិនទាន់មាន Modem 5G ឡើយ ។
ដោយហេតុដូចនេះ Apple ប្រហែលជាមិនអាចសហការជាមួយនឹង Intel ទេ ព្រោះការធ្វើដូច្នេះមានន័យថា Apple ត្រូវរងចាំរហូតដល់ចុងឆ្នាំ ២០២០ ឬយូរជាងនេះទៀតដើម្បីអាចចេញ iPhone ដែលអាចប្រើ 5Gបាន ។ Apple ក៏ប្រៀបដូចជាមិនសហការជាមួយនឹង MediaTek ឬ Samsung ដែរ ប៉ុន្តែក្រុមហ៊ុនមួយដែលត្រៀមខ្លួនស្រេចក្នុងការលក់ Modem 5G គឺ Huawei ។
យោងទៅតាមសេចក្តីរាយការណ៍របស់ Engadget បានឲ្យដឹងថា ប្រភពមួយបានបញ្ជាក់ថា Huawei យល់ព្រមលក់ Modem 5G ឲ្យទៅ Apple ប៉ុន្តែ Huawei ប្រៀបដូចជាមិនចង់លក់ Modem របស់ខ្លួនឲ្យទៅក្រុមហ៊ុនដទៃទេ ។

Huawei បានផលិត និងប្រើឈីបរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ស្មាតហ្វូន Huawei Mate X និង Mate 20X 5G គឺជាទូរស័ព្ទដែលមាន Modem 5G Balong 5000 ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុននេះមិនលក់ឈីបខ្លួនឲ្យទៅក្រុមហ៊ុនដទៃទេ ។ Modem Balong 5000 គឺជា Modem ដែលមានថាមពលខ្ពស់មួយដែលអនុញ្ញាតឲ្យទូរស័ព្ទប្រើទាំងបច្ចេកវិទ្យា 5G, 4G, 3G និង 2G ។
ក្រុមហ៊ុនទាំងពីរមិនទាន់បានឆ្លើយតបនឹងពត៌មាននេះទេ ប៉ុន្តែការសហការជាមួយនឹង Huawei នេះអាចនឹងបង្កជាបញ្ហាច្រើនដល់ Apple ។ ជាដំបូង Huawei និង Apple គឺជាដៃគូប្រកួតប្រជែង និងមិនដែលសហការគ្នាពីមុនទេ។ Huawei ក៏ត្រូវបានចាត់ទុកជាការគម្រាមកំហែងសម្រាប់សហរដ្ឋអាមេរិកដែរ ហើយរដ្ឋាភិបាលបានហាមឃាត់ការលក់ទូរស័ព្ទនិងឈីបរបស់ក្រុមហ៊ុននេះផងដែរ ។
មានសេចក្តីរាយការណ៍មួយចំនួនចោទប្រកាន់ថា Huawei បានលួចបុគ្គលិក Apple ដើម្បីទទួលបានរឿងសម្ងាត់ពាណិជ្ជកម្មថែមទៀត ។ ដូច្នេះវានៅមិនទាន់ច្បាស់នៅឡើយទេថា Apple នឹងចង់សហការជាមួយនឹង Huawei ឬទេ ៕
ចែករំលែកព័តមាននេះ