ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាម​រយៈ​បច្ចេក​វិទ្យា​ទំនើប រួម​មាន​ប្រព័ន្ធ QR Code ជាមួយ​ប្រទេស​ក្នុង​តំបន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជា​ផ្នែក​មួយ​នៃ​ធ្វើ​ទំនើប​កម្ម​ឲ្យ​ទាន់​បច្ចេកវិទ្យា​ទំនើប​ៗ ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​ថា NBC បាន​នឹង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​មួយ​ចំនួន រួម​មាន​ប្រព័ន្ធ QR Code…

រាជធានី​ភ្នំពេញ​ ៖ ជា​ផ្នែក​មួយ​នៃ​ធ្វើ​ទំនើប​កម្ម​ឲ្យ​ទាន់​បច្ចេកវិទ្យា​ទំនើប​ៗ ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​ថា NBC បាន​នឹង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​មួយ​ចំនួន រួម​មាន​ប្រព័ន្ធ QR Code ជាមួយ​ប្រទេស​ក្នុង​តំបន់ ដូច​ជា​ប្រទេស​ថៃ ជាដើម​។

កាលពី​ថ្ងៃ​ទី​០៥ ខែមេសា កន្លង​ទៅ​នេះ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន លើក​ទី​១៥ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន លើក​ទី​៥ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។

កិច្ចប្រជុំ​ជាន់ខ្ពស់​កម្រិត​តំបន់​នៃ​វិស័យ​ហិរញ្ញវត្ថុ​នេះ មាន​គោលបំណង​ពិនិត្យ ​និង​ពិ​ភា​ក្សា​លើ​វឌ្ឍនភាព​សមាហរណកម្ម និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ស្រប​តាម​គោលដៅ​នៃ​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០២៥។

ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ដើរតួ​នាទី​គន្លឹះ​មួយ​ក្នុង​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន បាន​ចូលរួម​ពង្រឹង​​សមាហរណកម្ម​វិស័យ​ធនាគារ និង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ក្នុង​តំបន់​។ វិស័យ​ធនាគារ​កម្ពុជា ត្រូវ​បាន​​ទទួលស្គាល់​ថា មាន​លក្ខណៈ​បើក​ទូលាយ ហើយ​មាន​សមាហរណកម្ម​ខ្ពស់​ទៅ​ក្នុង​តំបន់ ដោយ​បច្ចុ​ប្បន្ន គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​ក្នុង​តំបន់​ភាគច្រើន​មាន​វត្ត​មាននៅ​កម្ពុជា​។

គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំងនេះ បាន​នាំ​មក​នូវ​មូលធន​ និង​បច្ចេកវិទ្យា ដែល​ផ្តល់​បរិយាកាស​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។ ម្យ៉ាងទៀត កម្ពុជា បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​របស់​ខ្លួន​ជាមួយ​ប្រទេស​ក្នុង​តំបន់ ​និង​ពិភពលោក​។ បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប រួម​មាន​ប្រព័ន្ធ QR Code ជាមួយ​ប្រទេស​ក្នុង​តំបន់ ដូច​ជា​ប្រទេស​ថៃ ជាដើម។

ការ​ទូទាត់​តាម​ប្រព័ន្ធ QR Code នឹង​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ទូទាត់ ឱ្យ​មាន​សុវត្ថិភាព និង​ចំណាយ​​ទាប​សមរម្យ​។ នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​ថៃ​បាន​ជ្រើសរើស​ប្រធានបទ​សំខាន់ ស្តី​ពី​ការ​ជំរុញ​ភាព​​ជា​ដៃគូ​សម្រាប់​ចីរភាព (Advancing Partnership for Sustainability) ក្នុង​គោលបំណង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​កា​រត​ភ្ជាប់​ចីរភាព និង​ភាព​ធន់ ដែល​ជា​កត្តា​ចម្បង​សម្រាប់​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។

ជា​រួម​អង្គប្រជុំ​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន​ចាប់តាំងពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ឆ្នាំ​មុន នៅ​ប្រទេស​សិង្ហ​បូ​រី ជា​ពិសេស លើ​ការ​បង្កើន​សេរីភាវូបនីយកម្ម​សេវា​ហិរញ្ញ​វត្ថុ​, ការ​សម្រួលការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​, កា​រត​ភ្ជាប់​សេវា​, ការ​ទូទាត់​និង​ហិរញ្ញប្បទាន​, ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​, ការ​ផ្តល់​ហិរញ្ញវត្ថុ​ជាមួយ​ការ​ការពារ​បរិស្ថាន​, ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​, ការ​ផ្តល់​ហិរញ្ញប្បទាន​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​, ការ​ពង្រឹង​ភាព​ធន់​ទៅ​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ការ​គ្រប់គ្រង​ទ្រព្យសកម្ម​ឌី​ជី​ថ​ល ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ