គម្រោងថ្មីមួយត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុ និងផ្នែកមិនមែនហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់ស្ត្រី ពិសេសសហគ្រិនស្ត្រីដើម្បីបំពេញតម្រូវការរបស់ពួកគាត់ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកមិនមែនហិរញ្ញវត្ថុធ្វើយ៉ាងណាឱ្យមុខជំនួញរបស់ពួកគាត់រីកចម្រើនទៅមុខជាលំដាប់នោះ គម្រោងមួយឈ្មោះថា «Women Initiative» ត្រូវបានបង្កើតឡើងដោយ ធនាគារ ប្រេដ ប៊ែង ខេមបូឌា (BRED Bank Cambodia) ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាចូលរួមលើកកម្ពស់សហគ្រិនស្ត្រីក្នុងការធ្វើជំនួញ ។ នេះបើយោងតាមលោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្តាញសាខាផ្នែកហិរញ្ញវត្ថុ បុគ្គលនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា កាលពីថ្ងៃទី២៩មីនា នៅស្ថានទូតបារាំងប្រចាំកម្ពុជា។

លោកស្រី មាស គន្ធា មានប្រសាសន៍បញ្ជាក់ថា ធនាគារ ប្រេដ ប៊ែង ខេមបូឌា សម្រេចចិត្តបង្កើតកម្មវិធី «Women Initiative » ដើម្បីដោះស្រាយបញ្ហារបស់ស្ត្រី នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែប្រសើរ ពិសេសស្ត្រីជាសហគ្រិន។ ពិតណាស់ប្រហែល ៦២% នៃអាជីវកម្ម ទាំងអស់នៅកម្ពុជា ត្រូវបានរកឃើញថា បានកាន់កាប់ ឬគ្រប់គ្រងដោយស្ត្រី ម្យ៉ាងទៀតស្ត្រីដើរតួនាទីចម្បងនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។

ជាមួយគ្នានោះផងដែរ លោកស្រី បានចោទជាសំនួរឡើងថា តើគួរធ្វើដូចម្តេចទៅបើបច្ចុប្បន្ននេះពុំមានធនាគារណាមួយធ្លាប់គិតគួរឱ្យបានត្រឹមត្រូវដល់តម្រូវការជាក់ស្តែងរបស់ស្ត្រីសម្រាប់ការផ្តល់ផលិតផល និងសេវាកម្មរបស់ខ្លួននោះ0x017d7 ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចាប់ផ្តើមគម្រោងនេះកាលពីជិតមួយឆ្នាំមុន ដោយមានមហិច្ឆតាចង់ក្លាយជា «ធនាគារជាជម្រើសសម្រាប់ស្ត្រី នៅកម្ពុជា» ។
លោកស្រី បានបញ្ជាក់ថា គម្រោង «Women Initiative» ត្រូវបានបង្កើតឡើងដោយ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បន្ទាប់ពីខាងធនាគារ ដោយសហការជាដៃគូជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងដោយសារបទពិសោធន៍ដ៏មានតម្លៃរបស់ស្ថាប័ននោះ ជាដំបូងក្រុមការងារបានសម្រេចចំណាយពេលវេលា និងកម្លាំងដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីបញ្ហាប្រឈម តម្រូវការ និងចំណូលចិត្តរបស់ស្ត្រី ពាក់ព័ន្ធនឹងរបៀបដែលស្ត្រីធ្វើអាជីវកម្ម របៀបដែលស្ត្រីគ្រប់គ្រង និងរកពេលវេលាចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃ និងការប្តេជ្ញាចិត្តរបស់គ្រួសារ និងប្រាកដណាស់អំពីរបៀបដែលស្ត្រីចាត់ចែងហិរញ្ញវត្ថុ។

លោកស្រី មាស គន្ធា មានប្រសាសន៍បន្តទៀតថា «យើងបានសម្ភាសស្ត្រីជាសហគ្រិនជាងមួយរយនាក់ និងស្តាប់អំពីបញ្ហា និងភាពជោគជ័យរបស់ពួកគាត់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ អ្វីដែលទទួលបានពីការសិក្សាដ៏មានតម្លៃទាំងនោះ ធ្វើឲ្យពួកយើងមានការចាប់អារម្មណ៍ខ្លាំងណាស់ ហើយពួកយើងបានបង្ហាញនូវបញ្ហាគួរឲ្យឈឺក្បាលជាងគេបំផុត ដែលស្ត្រីកំពុងប្រឈមមុខជារៀងរាល់ថ្ងៃ» ។
បញ្ហាចម្បងៗដែលសហគ្រិនស្ត្រីប្រឈមមុខគឺមានដូចជា ពួកគាត់ពិបាកខ្លាំងក្នុងការស្វែងរកបុគ្គលិកដែលសមស្របនឹងជំនាញពាក់ព័ន្ធ ខណៈការរកឃើញផ្សេងទៀតនោះ គឺស្ត្រីមានអារម្មណ៍ថា មនុស្សជុំវិញខ្លួនមើលទៅសហគ្រិនស្ត្រីថាស្ត្រីហាក់កំពុងធ្វើអាជីវកម្មលេងៗតែប៉ុណ្ណោះ ។

លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្តាញសាខាផ្នែកហិរញ្ញវត្ថុបុគ្គលនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា មានប្រសាសន៍បញ្ជាក់ឲ្យដឹងអំពីអត្ថប្រយោជន៍នៃគម្រោង «Women Initiative» នេះថា « គម្រោងថ្មីនេះនឹងផ្តល់សហគ្រិនស្ត្រីនូវចំណុចសំខាន់៖១- លទ្ធភាពទទួលបានព័ត៌មានផ្សេងៗ, ២-លទ្ធភាពទទួលបានការបណ្តុះបណ្តាល,៣- លទ្ធភាពចូលរួមនៅក្នុងបណ្តាញទំនាក់ទំនងផ្សេងៗ និង៤-លទ្ធភាពទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ»។
«ធនាគារ ប្រេដ ប៊ែង របស់យើង មានមហិច្ឆិតាចង់ក្លាយជាធនាគារជម្រើសទី១ សម្រាប់ស្ត្រី នៅក្នុងប្រទេសកម្ពុជា» ។ នេះបើតាមការលើកឡើងរបស់ លោក Guillaume Perdon អគ្គនាយកធនាគារ ប្រេដ ប៊ែង ខេមបូឌា ។

គួរបញ្ជាក់ថា ក្នុងកម្មវិធីប្រកាសគម្រោង «Women Initiative » របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានការចូលរួមជាកិត្តិយសពី លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនិងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។
បើសិនជាសហគ្រិនស្ត្រីដែលមានចំណាប់អារម្មណ៍លើគម្រោង «Women Initiative » របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា ហើយចង់អភិវឌ្ឍភាពជាដៃគូជាមួយធនាគារ លោកអ្នកអាចទំនាក់ទំនងទៅកាន់ធនាគារ ប្រេដ ប៊ែង ខេមបូឌា តាមរយៈលេខ ០២៣ ៩៩៩-២២២៕ ដោយសហការ
ចែករំលែកព័តមាននេះ