ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​ម្នាក់​តស៊ូ​ដើរ​​លក់​សណ្តែក​ដី​ឱ្យ​​បង​ប្អូន​បាន​​រៀន​ ខណៈ​ខ្លួន​ឯង​​បោះ​បង់​ការ​សិក្សា​​ទាំង​សោក​​ស្តាយ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​សារ​តែ​មាន​ជីវ​ភាព​ក្រី​ក្រ​ ក្មេង​ប្រុស​ម៉ូន​ ទ្រីន​ ដែល​ស្ថិត​ក្នុង​វ័យ​ក្រេប​យក​ចំណេះ​ដឹង​ដើម្បី​អនា​គត​ ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា​ដើម្បី​ងាក​ទៅ​ប្រកប​របរ​រក​កម្រៃ​ចិញ្ចឹម​បង​ប្អូន​វិញ​ ។ ដោយ​សារ​តែ​មិន​ចង់​ឃើញ​ក្រុម​គ្រួសារ​ដេក​អត់​បាយ​ ទើប​ក្មេង​​ប្រុសម្នាក់​នេះ​តស៊ូ​ដើរ​លក់​សណ្តែក​ដី​តាម​ទី​សាធារណៈ​គ្រប់​ច្រក​​ទាំង​ចិត្ត​របស់​គេ​នៅ​តែ​ចង់​សិក្សា​ និង​ដក់​ជាប់​ការ​សោក​ស្តាយ

រាជធានី​ភ្នំពេញ ៖ ដោយ​សារ​តែ​មាន​ជីវ​ភាព​ក្រី​ក្រ​ ក្មេង​ប្រុស​ម៉ូន​ ទ្រីន​ ដែល​ស្ថិត​ក្នុង​វ័យ​ក្រេប​យក​ចំណេះ​ដឹង​ដើម្បី​អនា​គត​ ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា​ដើម្បី​ងាក​ទៅ​ប្រកប​របរ​រក​កម្រៃ​ចិញ្ចឹម​បង​ប្អូន​វិញ​ ។ ដោយ​សារ​តែ​មិន​ចង់​ឃើញ​ក្រុម​គ្រួសារ​ដេក​អត់​បាយ​ ទើប​ក្មេង​​ប្រុសម្នាក់​នេះ​តស៊ូ​ដើរ​លក់​សណ្តែក​ដី​តាម​ទី​សាធារណៈ​គ្រប់​ច្រក​​ទាំង​ចិត្ត​របស់​គេ​នៅ​តែ​ចង់​សិក្សា​ និង​ដក់​ជាប់​ការ​សោក​ស្តាយ​ដែល​មិន​បាន​សិក្សា​ដូច​កុមារ​ទូ​ទៅ​ ។ ក្មេង​ប្រុស​រូប​នេះ​ឈ្មោះ​ម៉ូន​ ទ្រីន​ អាយុ​១៤​ឆ្នាំ​ ។

ម៉ូន​ ទ្រីន​ ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង​​មាន​បង​ប្អូន​ចំនួន​៥​នាក់​ ក្នុង​នោះ​ស្រី​ម្នាក់​ ។ ទ្រីន​មាន​តែ​ឪ​ពុក​ប៉ុណ្ណោះ​ ចំណែក​ម្តាយ​បាត់​បង់​ជីវិត​ប្រមាណ​ជាង​២​ខែ​មុន​ ដោយ​សារ​ជម្ងឺ​ ។ នៅ​ពេល​បាត​់​បង់​អ្នក​មាន​គុណ​ម្ខាង​ទាំង​ខ្លួន​នៅ​ក្មេង​ បង​ប្អូន​របស់​ម៉ូន​ ទ្រីន​ ទាំង​៥​នាក់​បាត់​បង់​ភាព​កក់​ក្តៅ​ក្នុង​ជីវិត​ ។ តាំង​ពី​ម្តាយ​ចែក​ឋាន​ទៅ​ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​មិន​សូវ​ជា​ល្អ​ទេ​សម្រាប់​គ្រួសារ​របស់​ទ្រីន​ ព្រោះ​កាល​ពី​ម្តាយ​នៅ​រស់​គាត់​លក់​នេះ​លក់​នោះ​យក​ប្រាក់​ទ្រ​ទ្រង់​ជីវ​ភាព​បាន​គ្រាន់​បើ​បន្តិច​ ។

នៅ​ពេល​ជីវ​ភាព​គ្រួសារ​នៅ​ស្រុក​កំណើត​ពិបាក​ពេក​ ម៉ូន​ ទ្រីន​ បង្ខំ​ចិត្ត​ ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៥​ ហើយ​មក​ភ្នំពេញ​ជាមួយ​បង​ប្រុស​ដើម្បី​ដើរ​រក​ការ​ងារ​ធ្វើ​ ។ ពី​ដំបូង​ទ្រីន​ គិត​ថា​ខ្លួន​នៅ​ក្មេង​អត់​មាន​មុខ​របរ​អី​ទេ​ លុយ​ក៏​គ្មាន​ បើ​ទៅ​ធ្វើ​ជា​កម្ម​ករ​សំណង់​ច្បាស់​ជា​បាក់​កម្លាំង​ ម្យា៉ង​គេ​មិន​ឱ្យ​ធ្វើ​ទេ​ខ្លាច​ប៉ះ​ពាល់​សិទ្ធិ​កុមារ​ ដូច្នេះ​មាន​តែ​ដើរ​សុំ​ទាន​គេ​ ។ គិត​ចង់​ដើរ​សុំ​ទាន​គេ​ តែ​ទ្រីន​ខ្លាច​គេ​មើល​ងាយ​ ដូច្នេះ​លះ​បង់​គំនិត​នេះ​វិញ​ ។ ពេល​បង​ប្រុស​សល់​ប្រាក់​ខ្លះ​បាន​ពី​ធ្វើ​កម្ម​ករ​សំណង់​ក៏​ផ្តល់​ឱ្យ​ទ្រីន​ ធ្វើ​ជាដើម​​ទុន​ទៅ​ទិញ​សណ្តែក​ដី​យក​មក​ស្ងោរ​ដើរ​លក់​តាម​ដង​ផ្លូវ​ និង​តាម​ហាង​ផឹក​សីុ​ជា​ប្រចាំ​រៀង​រាល់​យប់​ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១០​យប់​ ។

ប្រាក់​កម្រៃ​ដែល​បាន​មក​ ទ្រីន​ ជួយ​ឧបត្ថម្ភ​ប្អូន​រៀន​ខ្លះ​ និង​ជួយ​ឪ​ពុក​មួយ​ផ្នែក​ពី​របរ​រត់​ម៉ូតូ​ឌុប​របស់​គាត់​ដែល​បាន​ប្រាក់​មិន​ទៀង​ទេ​ ។
ម៉ូន​ ទ្រីន​ និយាយ​ថា​ រវល់​តែ​ខំ​រក​ប្រាក់​រាល់​យប់​ធ្វើ​ឱ្យ​រូប​គេ​ស្ទើរ​តែ​ភ្លេច​អក្សរ​អស់​ទៅ​ហើយ​ ។ គេ​អាន​អក្សរ​ទាំង​រដាក់​រដុប​ សូម្បី​តែ​ឈ្មោះ​ខ្លួន​ឯង​សរ​សេរ​មិន​ចង់​កើត​ ព្រោះ​ភ្លេច​ស្រៈ​ និង​ព្យញ្ជនៈ​ច្រើន​ពេក​ ។ រាល់​ថ្ងៃ​ ម៉ូន​ ទ្រីន​ ដើរ​លក់​សណ្តែក​ដី​បាន​ប្រាក់​ពី​២​ទៅ​៣​ម៉ឺន​រៀល​គិត​ទាំង​ដើម​ទាំង​ផល​ចំណេញ​ ។ សណ្តែក​ដី​ស្ងោរ​គេ​ដាក់​ក្នុង​ថង់​ពី​៨​ទៅ​១០​ថង់​ ឬ​លើស​នេះ​ ដោយ​ក្នុង​១ថង់​លក់​២​ពាន់​រៀល​ ។ ប្រាក់​ដែល​លក់​បាន​ ឱ្យ​បង​ប្រុស​ទុក​ ហើយ​ត្រូវ​បង​ប្រុស​ឱ្យ​ចាយ​វិញ​ក្នុង​១​ថ្ងៃ​ពី​១.៥០០​ទៅ​២​ពាន់​រៀល​ ។
បើ​នៅ​តែ​គ្មាន​ឱកាស​បាន​រៀន​សូត្រ​បែប​នេះ​ ទៅ​ថ្ងៃ​ក្រោយ​ ម៉ូ​ន​ ទ្រីន​ ចង់​ក្លាយ​ជា​ជាង​ជួស​ជុល​រថ​យន្ត​ ឬ​ជួស​ជុល​ម៉ូតូ​ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​ ។ ទ្រីន​ យល់​ថា​របរ​នេះ​ស្រួល​រក​លុយ​ ។

កញ្ញា​ជា​ សុ​ភ័ក្រ​ និស្សិត​ផ្នែក​ទេស​ចរណ៍​សម្តែ​ង​ក្តី​អាណិត​អាសូរ​ និង​កោត​សរ​សើរ​ចំពោះ​ការ​តស៊ូ​ប្រកប​របរ​សុច​រិត​របស់​ក្មេង​ប្រុស​ ម៉ូន​ ទ្រីន​ តែ​នាង​បារម្ភ​ចំពោះ​ជោគ​វាសនា​ អនា​គត​របស់​គេ​ ខណៈ​មិន​បាន​រៀន​សូត្រ​បែប​នេះ​ ។ នាង​យល់​ថា​ ក្នុង​វ័យ​នេះ​សម​តែ​នៅ​ក្នុង​ថ្នាក់​រៀន​ជា​ជាង​ដើរ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ ៕