ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់​សម្ពោធ​អគារ​បណ្ណាល័យ​មួយ​ខ្នង​ស្ថិត​នៅ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ក្រចាប់ ខេត្តព្រៃវែង

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ ប្រា​សាក់ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អគារ​បណ្ណាល័យ​មួយ​ខ្នង ស្ថិត​នៅ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ក្រចាប់ ក្រោម​អធិបតីភាព​របស់ លោក យ៉ាវ…

ខេត្តព្រៃវែង ៖ ប្រា​សាក់ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អគារ​បណ្ណាល័យ​មួយ​ខ្នង ស្ថិត​នៅ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ក្រចាប់ ក្រោម​អធិបតីភាព​របស់ លោក យ៉ាវ សានិ​ន អភិបាល​នៃ​គណៈ​អភិ​បាល​​ស្រុក​កំពង់ត្របែក និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី 29 ខែមីនា ឆ្នាំ 2019 ។

ចូលរួម​ជា គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​នេះ​ដែរ​រួម​មាន លោក ស៊ុន ប៊ុ​ណ្ណា អនុប្រធាន​នាយក​ដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក វ៉ែន ប្រណី អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង និង លោក អ៊ុំ សម​អឿ​ន អនុប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ព្រះសង្ឃ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ក្នុង​សហគមន៍ ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

លោក វ៉ែន ប្រណី អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង បាន​រាយការណ៍​ពី​ស្ថានភាព​នៃ​វិស័យ​​អប់រំ​នៅ​ក្នុងស្រុក​កំពង់ត្របែក និង​ថ្លែងអំណរគុណ​ចំពោះ​ប្រា​សាក់ ដែល​សាងសង់​អគារ​បណ្ណា​ល័យ នៅ​ក្នុង​ទឹកដី​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដែល​ជា​នេះ​កាយវិការ​សម្បុ​រសធម៌ និង​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​តាម​មូលដ្ឋាន​។

លោក អ៊ុំ សម​អឿ​ន អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​សាងសង់​អគារ​បណ្ណាល័យ​នេះ គឺជា​ការងារ​សង្គម​ដែល​ប្រា​សាក់​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​ចូលរួម​លើកកម្ពស់​សមត្ថភាព​របស់​សិស្សានុសិស្ស​ដែល​ជា​កូន​ជា​ចៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ពិសេស​នៅ​តាម​ទី​ជនបទ​»​។

លោក សម​អឿ​ន បាន​បន្ថែម​ថា នៅ​ក្នុង​គម្រោង​បណ្ណាល័យ​នេះ គឺ​ប្រា​សាក់​បាន​ប្រើប្រាស់​ថវិកា​របស់​ខ្លួន​ក្នុង​ការ​កសាង​ជា​អគារ​បណ្ណាល័យ​ផង ទាំង​ការ​ផ្ដល់​ជា​សៀវភៅ សម្ភារ បរិក្ខារ ការ​បណ្ដុះបណ្ដាល​បណ្ណា​រក្ស និង​ការ​គាំទ្រ​គម្រោង​រយៈពេល​3​ឆ្នាំ​ទៀត​ផង​។

យើង​ពិតជា​មាន​សេច​ក្ដិ​រីករាយ​ណាស់​ដែល​បាន​សាង​សង់​អគារ​បណ្ណាល័យ​ទី 3 នៅ​ក្នុង​ខេត្តព្រៃវែង​នេះ ហើយ​បណ្ណាល័យ 2 ផ្សេង​ទៀត​ដែល​យើង​ផ្ដល់​បាន​ជូន​រួច​មក​ហើយ គឺ​ស្ថិត​នៅ​សាលា​បឋម​សិក្សា​សិរី​មង្គល នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​សាលា​បឋម​សិក្សា​ស្នាយ​ពល នៅ​ស្រុក​ពារាំង​។ គិត​ត្រឹម​ខែមីនា ឆ្នាំ 2019 ប្រា​សាក់ បាន​កសាង​អគារ​បណ្ណាល័យ​សរុប​រហូត​ដល់ 34 ខ្នង នៅ​ក្នុង​ខេត្ត​ចំនួន 11 រួម​មាន ព្រៃវែង តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល កំពង់ធំ សៀមរាប ព្រះ​វិហារ ខេត្តបាត់ដំបង ស្វាយ​រៀង និង​បន្ទាយ​មាន​ជ័យ​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ស៊ុន ប៊ុ​ណ្ណា អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា នៃ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ក៏​បាន​សម្ដែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​ប្រា​សាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ មួយ​នេះ​។

លោក​បញ្ជាក់​ថា អគារ​បណ្ណាល័យ​មួយ​នេះ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​សិស្សានុសិស្ស​និង​អ្នក​រស់នៅ​ស្រុក​កំពង់ត្របែក​នេះ ព្រោះថា​ពី​មុន​នៅ​ទី​នេះ​ពិបាក​ស្វែងរក​ឯកសារ ឬ សៀវភៅអាន សម្រាប់​ជា​ព័ត៌មាន​បន្ថែម​ណាស់ ប៉ុន្តែ​ឥឡូវនេះ​ពួក​គាត់​មិន​ពិបាក​ដូច​មុន​ទៀត​នោះ​ទេ ដោយសារ​នៅ​ពេល​នេះ​មាន​អគារ​បណ្ណាល័យ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មាន​សៀវភៅ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​សិស្សានុសិស្ស ក៏​ដូច​ជា​ពលរដ្ឋ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​។

លោក​ក៏​បាន​អរគុណ​ដែល​ប្រា​សាក់ បាន​សហការ​យ៉ាង​ល្អជា​មួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​រួមចំណែក​បណ្ដុះ​វប្បធម៌​អាន និង​ធនធានមនុស្ស​នៅ​កម្ពុជា​។

​មាន​មតិ​ក្នុង​ពិធី​នោះ​ដែរ លោក យ៉ាវ សានិ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្របែក និង​ជា​តំណាង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់ ដែល​បាន​ផ្ដល់​អគារ​បណ្ណាល័យ​រហូត​ដល់ 3 ខ្នង​សម្រាប់​ខេត្តព្រៃវែង​។

លោក​សង្ឃឹមថា សិស្សានុ​សិស្ស​នៃ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ក្រចាប់ ទាំងអស់​នឹង​ខិតខំ​សិក្សា​​រៀនសូត្រ​បន្ថែម​ទៀត និង​​ចាប់​យក​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​តាម​រយៈ​បណ្ណាល័យ​នេះ ព្រោះ​នេះ​ជា​ឃ្លាំង​ផ្ទុក​នៅ​ចំណេះដឹង​ជា​ច្រើន ដែល​អាច​ជួយ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់ មានចំណេះ​ដឹង​ទូលំ​ទូលាយ បំ​និ​ន​ជីវិត​ផ្សេង​ៗ ដើម្បី​ជា​ទុន​ក្នុង​កសាង​អនាគត​របស់​ខ្លួន​។

លោក​ក៏​បាន​បន្ត​ថា ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្រុក លោក​សូម​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​បាន​ផ្តល់​អគារ​បណ្ណាល័យ​នៅ​លើ​ភូមិ​ក្រចាប់​ក្រោម ឃុំ​ពាម​មន្ទារ ស្រុក​កំពង់​ត្របែក​នេះ ទោះបី​ទី​នេះ​ជា​តំបន់​ឆ្ងាយ​ដាច់​ស្រយាល នៅ​ជាប់​ព្រំដែន​ក៏​ដោយ​។

នេះ​បង្ហាញ​ពី​សុ​ឆន្ទៈ​ពិត​ៗ​របស់​ប្រា​សាក់​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម ជា​ពិសេស​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ ទាំង​ផ្នែក​ការ​ផ្ដល់​កម្ចី​ជួយ​ដល់​ជីវភាព​រស់នៅ និង​ជួយ​ដល់​ការ​សិក្សា​រៀនសូត្រ​របស់​កូនចៅ​ប្រជាពលរដ្ឋ​។

ជា​ចុង​ក្រោយ លោក​ក៏​បាន​សំណូមពរ​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស ជួយ​ថែរក្សា​និង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពី​លទ្ធភាព ដោយ​ជំរុញ​ឱ្យ​មានការ​អាន​ឱ្យ​បាន​ច្រើន​ផុសផុល ស្រលាញ់ និង​ថែរក្សា​សៀវភៅ​ទាំងអស់​ឱ្យ​បាន​ល្អ ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង និង​ច្រើន​ជំនាន់​។

អំពី​ប្រា​សាក់

ប្រា​សាក់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​មានបទពិសោធន៍​ដ៏​ប៉ិន​ប្រសប់​ក្នុង​រយៈពេល​ជិត 25 ឆ្នាំ ហើយ​មាន​ភាពរឹងមាំ​ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់​ៗ​ដូច​ជា ភាពល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម ការ​បម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់បែន​និង​សម្បូរ​បែប វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ បណ្តាញ​ម៉ាស៊ីន​អេ​ធី​អឹ​ម (ATM) គ្របដណ្ដប់​ទូ​ទាំង​ប្រទេស​និង​បំពាក់​ប្រព័ន្ធ​ធនាគារ​ស្នូល​ប្រកបដោយ​ភាព​ទំនើប តម្លាភាព និង​សុក្រឹតភាព​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ