រាជធានីភ្នំពេញ៖លោកយូ ឌីស្កូ រងការប៉ះទង្គិចផ្លូវចិត្តព្រោះតែជំងឺ តែលោកបានការផ្តល់កម្លាំងចិត្តពីគ្រប់មជ្ឈដ្ឋាន ។ តាមរយៈការផ្តល់កម្លាំងចិត្ត ធ្វើឲ្យលោកឌីស្កូ ចង់កសាងជីវិតសិល្បៈឲ្យដូចគ្រាដើម ។ លោកយូ ឌីស្កូ កំពុងត្រៀមសកម្មភាពផ្សេងៗក្នុងពិភពសិល្បៈ ដោយចាប់ដៃគូជាមួយទូច ស្រីលក្ខណ៍ ។ ពួកគេរៀបផែនការ ផ្សេងៗស្តារអាជីពសិល្បៈឡើងវិញ ។
បើគិតពីអតីតកាលលោកយូ ឌីស្កូ គឺជាដៃគូសម្តែងជាមួយទូច ស្រីលក្ខណ៍ រហូតមានការភ័ន្តច្រឡំថាពួកគេជាគូស្នេហ៍នឹងគ្នាទៀតផង ។
លោកយូ ឌីស្កូ បន្ទាប់ពីបានវះកាត់ប្តូរក្រលៀនដោយជោគជ័យនៅប្រទេសឥណ្ឌា អស់ទឹកប្រាក់ជាង៤ម៉ឺនដុល្លារ ពេលនេះហាក់មានទឹកមុខស្រស់ថ្លាបន្តិច ។ លោកបានចូលរួមតាមបណ្តាកម្មវិធីផ្ទាល់ខ្លួនរបស់អ្នកសិល្បៈជា រឿយៗ បន្ទាប់ពីបាត់មុខដោយញាំញីដោយជំងឺជាច្រើនខែ ។ ទោះជាយ៉ាងណាក្តី លោកមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការវិលត្រឡប់ទៅលើវេទិកាសិល្បៈវិញទេ ព្រោះរង់ចាំឲ្យឡើងទម្ងន់៥គីឡូក្រាមទៀតសិន ។ បច្ចុប្បន្នគ្រូពេទ្យឥណ្ឌា ហាមលោកឌីស្កូ មិនឱ្យទទួលទានសាច់គោ និងគ្រឿងសមុទ្រជាដាច់ខាត ។
លោកយូ ឌីស្កូ និយាយថា «គ្រូពេទ្យមិនឱ្យខ្ញុំញ៉ាំអាហារ ដូចជា សាច់គោ និងគ្រឿងសមុទ្រ ជាដាច់ខាត ប៉ុន្តែខ្ញុំអាចញ៉ាំបាន ដូចជា មាន់ ត្រី សាច់ជ្រូក ចៀម ពពែ ម្តងម្កាល។ ចំពោះបន្លែគ្រប់ប្រភេទដែលមានជាតិល្វីង ក៏មិនអាចញ៉ាំបានដែរ ។ រាល់ថ្ងៃខ្ញុំញ៉ាំបានតែមាន់ ត្រី និងបន្លែគ្មានជាតិល្វីង ។ ជំងឺក្រលៀនរបស់ខ្ញុំបានជះសះស្បើយហើយ តែក្នុង១ខែត្រូវទៅពិនិត្យឈាមម្តង ដើម្បីតាមដាន ហើយពេលនេះមិនអាចហាត់ប្រាណបានទេ ព្រោះមិនទាន់មានកម្លាំងគ្រប់គ្រាន់ ម្យ៉ាងទៀតខ្លាចប្រេះថ្នេរវះកាត់»។
លោកយូ ឌីស្កូ ថា តាំងពីចេញពីពេទ្យឥណ្ឌា មកដល់ស្រុកវិញ បានឡើងទម្ងន់១២គីឡូក្រាម និងរង់ចាំឡើងទម្ងន់ដល់៦៧គីឡូ ទើបទទួលសម្តែងសិល្បៈវិញបាន ខណៈពេលនេះលោកមានទម្ងន់តែ៦២គីឡូក្រាមប៉ុណ្ណោះ ។ មុនពេលឈឺ លោកមានទម្ងន់៧៧គីឡូក្រាម ។
លោកយូ ឌីស្កូ ពេលឡើងទម្ងន់បាន៥គីឡូថែមទៀត ទើបអាចសម្តែងបាន ហើយពេលនោះលោកនឹងចាប់ដៃជាមួយទូច ស្រីលក្ខណ៍ ដូចមុន ។ ពេលនេះមានផលិតកម្មមួយចំនួន ទាក់ទងឲ្យលោកឌីស្កូ ចូលរួមសម្តែងភាពយន្ត តែលោកមិនទាន់ហ៊ានទទួលឡើយ ព្រោះខ្លាចសម្តែងមិនកើតព្រោះតែបញ្ហាសុខ
ភាព ។
លោកយូ ឌីស្កូ និយាយថា«ខ្ញុំសុំតែមានជីវិត និងកម្លាំងរស់ឡើងវិញដើម្បីបំពេញផែនការ ផ្សេងៗជាច្រើនទៀត ដូចជាជួយទ្រទ្រង់សកម្មភាពនៃក្រុមគ្រួសារ ហើយពិតជាអរគុណការខ្នះខ្នែងកន្លងមក។ ខ្ញុំនឹងបន្តជួយដល់ការងារសង្គម និងភាពជាមនុស្សធម៌ព្រោះមានតែផ្លូវបុណ្យទើបជួយឲ្យស្ងប់ចិត្តស្ងប់អារម្មណ៍»៕
ចែករំលែកព័តមាននេះ