ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាទរ​ការ​ត្រៀម​ស្នើ​យីកេ ជា​បេតិកភណ្ឌ​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​គម្រោង​ស្នើ​ដាក់​បញ្ចូល​សិល្បៈ​បុរាណ​យីកេ និង​សិល្បៈ​មួយ​ចំនួន​ទៀត​ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក ។ សាស្ត្រាចារ្យ​ផ្នែក​យីកេ​នៃ​សាលា​ភូមិន្ទ​មធ្យម​វិចិត្រសិល្បៈ​អ្នកគ្រូ​ឃី សា​ឃ​ន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​សាទរ​ចំពោះ​ការ​គិតគូរ​របស់​ក្រសួង​វប្បធម៌​ក្នុង​ការ​ដាក់​បញ្ចូល​សិល្បៈ​យីកេ​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក​។ ចៅស្រី​តា​ឃី…

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​គម្រោង​ស្នើ​ដាក់​បញ្ចូល​សិល្បៈ​បុរាណ​យីកេ និង​សិល្បៈ​មួយ​ចំនួន​ទៀត​ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក ។ សាស្ត្រាចារ្យ​ផ្នែក​យីកេ​នៃ​សាលា​ភូមិន្ទ​មធ្យម​វិចិត្រសិល្បៈ​អ្នកគ្រូ​ឃី សា​ឃ​ន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​សាទរ​ចំពោះ​ការ​គិតគូរ​របស់​ក្រសួង​វប្បធម៌​ក្នុង​ការ​ដាក់​បញ្ចូល​សិល្បៈ​យីកេ​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក​។

ចៅស្រី​តា​ឃី គ្រូ​យីកេ​ដ៏​ល្បី​នៅ​ខេត្តតាកែវ​រូប​នេះ​ថ្លែង​ថា «​វា​ជា​ការ​ល្អ​បំផុត​ដែល​យើង​ធ្វើ​បែប​នេះ ព្រោះ​ទម្រង់​សិល្បៈ​យីកេ គឺជា​សិល្បៈ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ ដែល​យើង​ត្រូវ​តែ​ចូលរួម​លើក​ស្ទួយ និង​ថែរក្សា​។ បើ​ទោះបីជា​បច្ចុប្បន្ន​សិល្បៈ​មួយ​នេះ​ហាក់​មិនសូវ​មានការ​គាំទ្រ​ពី​យុវវ័យ​ក៏​ដោយ ប៉ុន្តែ​ប្រ​សិន​ភាគី​ពាក់ព័ន្ធ​មិន​ជួយ​អភិរក្ស និង​លើក​ស្ទួយ​ទេ​នោះ វា​អាច​នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​ឡើយ»។

បើ​តាម​អ្នកគ្រូ​ឃី សា​ឃ​ន បច្ចុប្បន្ន​មាន​សិស្ស​ជំនាន់​ក្រោយ​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ហាត់រៀន​យីកេ ។ ពួក​គេ​មានការ​ចាប់អារម្មណ៍​លើ​សិល្បៈ​មួយ​ច្រើន​ជាងគេ ដោយសារ​តែ​យីកេ​វា​មាន​លំនាំ​ដូច​ជា​របាំ​ដែរ ទាំង​កាយវិកា រ ការ​ច្រៀង​គឺ​ហាក់​មិនសូវ​ជា​ពិបាក​ដូច​សិល្បៈ​បុរាណ​មួយ​ចំនួន​ទៀត​ឡើយ ។

អ្នកគ្រូ​ឃី សា​ខន បាន​ស្នើ​សុំ​ដល់​ស្ថានីយទូរទស្សន៍​ទាំងអស់​គួរ​មានការ​ចាក់​ផ្សាយ​សិល្បៈ​យីកេ​នៅ​ក្នុង​ម៉ោង​ល្អ​ណាមួយ​សម្រាប់​ទស្សនិកជន​បាន​ទស្សនា ចៀសវាង​ផ្សាយ​ម៉ោង​ដែល​មិនសូវ​មាន​អ្នក​ទស្សនា ។
ជា​អតីត​តួឯក​យីកេ​ប្រចាំ​ក្រុម​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​លោក​ចាន់ សុធី បាន​សម្តែង​ក្តី​រីក​រាយ​នៅ​ពេល​ដែល​ក្រសួង​គ្រោង​ដាក់​ស្នើ​សិល្បៈ​បុរាណ​យីកេ​ជា​បេ​តិ​ភណ្ឌ​ពិភពលោក ។ លោក​សុធី ថ្លែង​ថា «​បញ្ហា​នេះ​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ ក៏​ដូ​ជា​ច​ជា​ការ​គិតគូរ​របស់​ក្រសួង​ទៅ​លើ​សិល្បៈ​ដែល​ជា​កេរដំណែល​ដូច​តា​យើង ។

កត្តា​នេះ​វា​នឹង​ធ្វើ​ឲ្យ​មានការ​ផុលផុស​ឡើង​វិញ​សម្រាប់​ស្រទាប់​មហាជន ជា​ពិសេស​យុវវ័យ​ឲ្យ​មានការ​ចូលរួម​គាំទ្រ និង​ថែរក្សា​សិល្បៈ​យីកេ​ឡើង​វិញ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​យុវវ័យ​ភាគច្រើន​បាន​ងាក​មក​គាំទ្រ​ខ្លាំង​លើ​សិល្បៈ​សម័យ ។ យីកេ​នេះ​គឺជា​សិល្បៈ​កេរ​របស់​យើង ហើយ​សិល្បៈ​មួយ​នេះ​ក៏​មាន​ទម្រង់​បង្ហាញ​​នូវ​អត្ត​ចរិត​របស់​ខ្មែរ​ដែរ ព្រោះ​វា​មាន​ភាព​ទន់ភ្លន់ មិន​ឆេវឆាវ »​។

ក្នុង​នាម​ជា​អ្នក​ប្រតិបត្តិ​លើ​ទម្រង់​សិល្បៈ​បុរាណ​យីកេ​ជាមួយនឹង​ដើម​កំណើត​ពី​ខេត្តតាកែវ​លោក​ចាន់ សុធី បាន​ស្នើ​ដល់​យុវវ័យ​ឲ្យ​ជួយ​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ​ព្រោះ​វា​ជា​អត្តសញ្ញាណ​ជាតិ និង​ដួង​ព្រលឹង​ជាតិ​មួយ​ផង​ដែរ​។ យុវវ័យ​បាន​ដើរតួ​នាទី​សំខាន់​ណាស់ សម្រាប់​ការ​បន្តវេន​នូវ​សិល្បៈ​បុរាណ​ដូនតា នៅ​ពេល​ដែល​ធនធាន ចាស់​ៗ​បាន​បាត់បង់ បន្តិច​ម្តង​ៗ ។

តាម​សៀវភៅ​យីកេ និង​ល្ខោនបាសាក់ របស់​លោក​ពេជ្រ ក្រ​ទុំ​វិល ឆ្នាំ ១៩៩៧ បាន​រៀបរាប់​ថា​ចំណុច​ពិសេស​របស់​ល្ខោន​យីកេ គឺ​ស្ថិត​នៅ​លើ​ការ​ពោល ដឹក​រឿង រួម​នឹង​ស្គរ​យីកេ អាច​២ ឬ​មាន​១៣​ស្គរ​ស្រេច​លើ​វង់​តូច និង​វង់​ធំ ខណៈ​ពេល​អ្នក​ពោល​ជា​គ្រូ​នៃ​វង់​ល្ខោន​យីកេ គឺជា​អ្នកដឹកនាំ​ការ​សម្ដែង​ទាំងមូល​ក្នុង​ដំណើររឿង ។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ​២០១៩ បាន​ថ្លែង​ថា ក្រសួង​បាន និង​កំពុង​គិតគូរ​លើ​ការ​ដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌​ទាំង​រូបី និង​អរូបី​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​នោះ​ក្រសួង​កំពុង​ត្រៀម​នូវ​អ្វី​ដែល​ជា​តំណាង​ខ្មែរ​ដូច​ជា យីកេ ឬ​គ្រឿង​ចម្លាក់​ប្រាក់​ជាដើម ។

បើ​គេ​និយាយ​ពី​សិល្បៈ​យីកេ នោះ​គេ​នឹង​នឹកឃើញ​ដល់​ខេត្តតាកែវ​ដែល​មាន​វង់​ល្ខោន​យីកេ​ល្បីល្បាញ​ជាងគេ​ក្នុង​ប្រទេស ជា​ពិសេស​គឺ​វង់​ល្ខោន​របស់​លោកតា​ឃី ដែល​ជា​ប្រភព​ក្បួនខ្នាត​យីកេ ។ កន្លង​មក​ក្រសួង​វប្បធម៌​បាន​ចាត់​ឲ្យ​មានការ​ស្រាវជ្រាវ​លើ​ទម្រង់​សិល្បៈ​យីកេ​នេះ​ពី​លោកតា​ឃី ហើយ​ពេល​នោះ​ហើយ​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​បទ​ចម្រៀង​យីកេ និង​បាន​ចងក្រង​ទុកជា​ឯកសារ​បាន​ប្រមាណ​ជា​១៥០​បទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ