ស្និទ្ធ​ប៉ុនណា​ក្តី​កុំ​ចែករំលែក​របស់​ប្រើ​មួយ​ចំនួននេះ


សុខភាព គឺជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​យកចិត្តទុកដាក់​ការពារ ដើម្បី​ចៀស​ផុត​ពី​បញ្ហា ផ្សេង​ៗ​គួរ​ឱ្យ​បារម្ភ ។ ចំណុច​មួយ​នៃ​ការ​ថែរក្សា​សុខភាព​បាន​ល្អ​ប្រសើរ​ចៀស​ផុត​ពី​ជំងឺឆ្លង គឺ​ការ​មិន​ចែករំលែក ឬ​ប្រើប្រាស់​របរ​មួយ​ចំនួន​រួម​គ្នា​ជាមួយ​អ្នក​ដទៃ និង​សូ​ម្បី​អ្នក​ដែល​ស្និទ្ធ​បំផុត​ក៏​ដោយ !

១. កន្ត្រៃ​កាត់​ក្រចក ៖ យើង​មើល​មិនឃើញ​ឡើយ​នឹង​ភ្នែក​ទទេ ប៉ុន្តែ​នៅ​លើ​ម្រាម និង​ក្រចក​ដៃជើង​របស់​មនុស្ស​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​មេរោគ បាក់តេរី​ច្រើន​ប្រភេទ ! ដូច្នេះ​កន្ត្រៃ​កាត់​ក្រចក​ធម្មតា​អាច​ក្លាយជា​ភ្នាក់ងារចម្លងមេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​យ៉ាង​ងាយ ។ ជា​ញឹកញយ​ការ​ប្រើប្រាស់​កន្ត្រៃ​កាត់​ក្រចក​រួម​គ្នា​បង្ក​ការ​កើនឡើង​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ ឬ​មេរោគ​ផ្សិត និង​វីរុស HPV ដែល​នាំ​ឱ្យ​កើត​មាន​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ ។

២.​ក្រវិល ៖ ក្នុង​ត្រចៀក គឺ​មាន​សរសៃឈាម​ច្រើន​ណាស់​។ ដូច្នេះ​ហើយ​ទើប​វា​ងាយ​នឹង​ឆ្លង ឬ​ចម្លង​មេរោគ ផ្សេង​ៗ​ពី​ម្នាក់​ទៅ​ម្នាក់​ដោយ​គ្រាន់តែ​ពាក់​ក្រវិល​បន្ត​គ្នា ។ ដើម្បី​ជា​ការ​ប្រសើរ លើក​ក្រោយ​ប្រសិនបើ​អ្នក​ចង់​ខ្ចី​ក្រវិល​នរណា​ពាក់​នោះ ចូរ​ជូត​វា​នឹង​អាល់កុល​ជា​មុន​សិន ។

៣.​ក្រែ​ម​លាប​មាត់ ៖ នៅ​ក្រោម​បបូរមាត់​ក៏​មាន​ផ្ទុក​សរសៃឈាម​ដែរ​។ ហើយ​វីរុស​នៃ​ជំងឺ​ពង​មាត់ និង​រើម​មាត់ គឺ​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​នៅ​ពេល​ប្រើប្រាស់​ក្រែ​ម​លាប​មាត់​រួម​គ្នា​។ ទោះបីជា​អ្នក​ផ្ទុកមេរោគ​គ្មាន​រោគ​សញ្ញា​ណាមួយ​លេចឡើង​ឱ្យ​ឃើញ​ក៏​ដោយ​។

៤. ដង្កៀប​ដក​រោមភ្នែក ៖ ប្រសិនបើ​អ្នក​ប្រើប្រាស់​ដង្កៀប​របស់​នរណា​ម្នាក់​ដើម្បី​ដក​រោម​ដែល​លើស​មួយ​ពីរ​នោះ​វា​គ្មាន​អ្វី​គួរ​ឱ្យ​បារម្ភ​ឡើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​វា​ដើម្បី​ដក​រោម​ដែល​កប់​ក្នុង​សាច់​ហើយ​មាន​ឈាម​នោះ ដង្កៀប​ដក​រោម​ធម្មតា​នេះ​អាច​បណ្ដាល​ឆ្លង​មេរោគ​ធ្ងន់​ជា​ច្រើន​នៅ​ថ្ងៃ​អនាគត ។ ករណី​មួយ​ចំនួន​ដង្កៀប​ដក​រោម​អាច​ចម្លង​មេរោគ​ថ្លើម​ប្រភេទ C និង​មេរោគ​អេ​ដស៍​។ ប្រសិនបើ​អ្នក​គ្មាន​ជម្រើស​អ្វី ផ្សេង​ៗ​ក្រៅពី​ប្រើប្រាស់​របស់​គេ​នោះ ចូរ​ជូត​វា​ជាមួយនឹង​អាល់កុល​ជា​មុន​សិន ។

៥.​រ៉ូ​លអន​លាប​ក្លៀក ៖ រ៉ូ​លអន​លាប​ក្លៀក​អាច​ផ្ទុក ឬ​បង្ក​ការ​ឆ្លង​មេរោគ​ធ្ងន់ ជា​ពិសេស​ប្រសិនបើ​បាក់តេរី​ចូល​ទៅ​ក្នុង​របួស តូច​ៗ​ដែល​កើត​មាន​ក្រោយ​កោរ​រោម ។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ជ្រើសរើស​នូវ​រ៉ូ​លអន​ប្រភេទ​ប្រឆាំង​បាក់តេរី ហើយ​កុំ​ចែករំលែក​វា​ជាមួយ​អ្នក​ផ្សេង ។

៦.​សាប៊ូ​ដុំ ៖ វីរុស​បាក់តេរី​គ្របដណ្ដប់​ពេញ​លើ​សាប៊ូ​ដុំ​ក្រោយ​ពេល​ប្រើ​ម្ដង ហើយ​អាច​ឆ្លង​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ ! ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​រោគ​ឆ្លង ចូរ​ប្រើប្រាស់​សាប៊ូ​ទឹក ។

៧.​ក្រាស​សិតសក់ ៖ កុំឱ្យ​ក្រាស​សិតសក់​ទៅ​នរណា​ម្នាក់ ឬ​ប្រើប្រាស់​របស់​គេ ។ វា​ងាយ​នឹង​បង្កើន​ហានិភ័យ​នៃ​ពពួក​ប៉ារ៉ាស៊ីត​ដូច​ជា ចៃ រោគ​សើរ​ស្បែក និង​សូ​ម្បី​តែ​រោគ​ផ្សិត ។

៨.​កន្សែង ៖ កន្សែង គឺជា​ជម្រក​នៃ​ពពួក​បាក់តេរី​ច្រើន​ប្រភេទ ជា​ពិសេស​ប្រសិនបើ​ត្រូវ​បាន​ព្យួរ​ចោល​ក្នុង​បន្ទប់ទឹក​ពោរពេញ​ដោយ​សំណើម ។ កន្សែង​អាច​ចម្លង​មេរោគ​ផ្សិត និង​បាក់តេរី ផ្សេង​ៗ​ទៀត​ដែល​បង្ក​រោល​កន្ទួល​ក្រហម​លើ​ស្បែក​, រោគ​មុន និង​ជំងឺភ្នែកក្រហម ។ ដើម្បី​ចៀស​ផុត​ពី​គ្រោះថ្នាក់ ចូរ​បោក​សម្អាត​កន្សែង​ជូត​មុខ និង​ខ្លួន ក្រោយ​ប្រើ​បាន​ពី​៤ ទៅ​៥​ដង និង​តែង​ដាក់​វា​ហាល​ឱ្យ​ស្ងួត​ជា​និច្ច ។

៩.​ស្បៃ​ដុស​ខ្លួន ៖ ស្បៃ​ដុស​ខ្លួន​ក៏​មិន​ខុស​ពី​កន្សែង​ដែរ​! ដូច្នេះ​ចូរ​ដាក់​ហាល​ស្បៃ​ដុស​ខ្លួន​ឱ្យ​ស្ងួត​ល្អជា​និច្ច ហើយ​កុំ​ចែករំលែក​វា​ជាមួយ​នរណា​ម្នាក់​ឱ្យ​សោះ ។

១០.​កាស ៖ កាស​របស់​មនុស្ស ម្នាក់​ៗ​អាច​បង្ក​ការ​រីក​លូតលាស់​នូវ​ពពួក​បាក់តេរី​ក្នុង​ត្រចៀក​បាន​យ៉ាង​ងាយ ! ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ផ្សេង​ៗ​គួរ​ឱ្យ​ព្រួយបារម្ភ​ក៏​កើនឡើង​នៅ​ពេល​អ្នក​ប្រើប្រាស់​កាស​របស់​អ្នក​ដទៃ ឬ​ឱ្យ​គេ​ខ្ចី​ប្រើ ។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​មុន​នឹង​ប្រើ​របស់​គេ​នោះ​ចូរ​ជូត​វា​នឹង​អាល់កុល​ជា​មុន​សិន (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ