រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកទំនិញធុនធំមួយគ្រឿងរ៉ឺយែមិនប្រយ័ត្នជ្រុលថយប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យរនាំងដែកបង្កាន់ដៃស្ពានមួយកង់ត្រូវបាក់រងការខូចខាតបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កខាងលើជាប្រភេទរថយន្តហ៊ឺយ៉ាន់ដាយដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E – 0247 ដោយមានបិទស្ទីកគ័រ លើរថយន្តដាក់អក្សរ H-C តាមប្រភពព័ត៌មានអោយដឹងថា មុនពេលកើតហេតុគេសង្កេតឃើញរថយន្តបង្កខាងលើបើកបរតាមបណ្តោយផ្លូវលេខ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅឆ្ពោះពីស្ទឹងមានជ័យសំដៅទៅខាងក្រោមសណ្ឋាគារ អ៊ិនធឺខន ។ លុះបើកបរធ្វើដំណើរទៅដល់ចំណុចកើតហេតុខាងលើរថយន្តបានបួងក្បាលបត់ចង្កូតទៅខាងស្តាំដៃបំណងឆ្ពោះសំដៅទៅផ្លូវ២៧១វិញ តែពេលនោះរថយន្តបួងក្បាលបត់មិនផុត ដោយសាររថយន្តវែងពេកក៏ឈប់មួយសន្ទុះ ហើយតៃកុងរ៉ឺយែថយក្រោយវិញជាហេតុធ្វើអោយរថយន្តរ៉ឺយែមិនប្រយ័ត្នជ្រុលថយប៉ះនឹងរបាំងដែកនៃបង្កាន់ដៃស្ពានតែម្តង បណ្តាលអោយរបាំងដែកមួយដើមត្រូវបាក់រងការខូចខាត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមជាមួយជំនាញចុះអន្តរាគមន៍វាស់វែងអូសយករថយន្តបង្កទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
សូមបញ្ជាក់ថា បើតាមមន្ត្រីនគរបាលអោយដឹងថា រថយន្តបង្កខាងលើ គឺជារថយន្តដឹកទំនិញធុនធំដឹកលើសល្បឿសចំណុច និងដឹកទំនិញតហួសពីទ្រុងទូកុងតឺន័ររបស់ខ្លួនទៅទៀត ។ យ៉ាងណាមិញក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក៏មានបង្កជាការកកកុញស្ទះចរាចរណ៍ដល់ពលរដ្ឋអ្នកដំណើរមួយអន្លើរធំផងដែរ ដោយសាររថយន្តខាងលើត្រូវនៅចតកណ្តាលទ្រូងផ្លូវខាងក្រោមស្ពានតែម្តង ក្រោយពេលបង្កហេតុ ។ គិតត្រឹមវេលាម៉ោង៩និង៣៩នាទីព្រឹកថ្ងៃខែដដែល នគរបាលជំនាញបានវាស់វែងអូសយករថយន្តបង្កចេញពីទីតាំងខាងលើដែរ ចំណែកចរាចរណ៍នៅទីនោះក៏អាចធ្វើដំណើរទៅមកធម្មតាវិញដែរ ។
គួររំលឹកថា កាលពីពេលថ្មីៗអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង តែងធ្លាប់បានព្រមានចាត់វិធានការលើក្រុមរថយន្តដឹកទំនិញធុនធំទាំងឡាយណាដែលបើកបរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមុនម៉ោងកំណត់ ព្រោះក្រុមរថយន្តទាំងអស់នោះតែងបង្កជាភាពកកស្ទះនៅលើដងផ្លូវសាធារណៈ ពិសេសនោះ គឺតែងបង្កគ្រោះថ្នាក់ផ្សេងៗដល់ពលរដ្ឋអ្នកដំណើរផ្សេងជាបន្តបន្ទាប់ ។ ប៉ុន្តែចំណាត់ការនេះគេសង្កេតឃើញថា ហាក់ពុំមានប្រសិទ្ធិភាពអ្វីបន្តិចសោះឡើយ ខណៈដែលបច្ចុប្បន្ននេះក្រុមរថយន្តដឹកទំនិញធុនធំជាច្រើនរយគ្រឿង តែងតែបើកចូលក្នុងរាជធានីភ្នំពេញ បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ ជាក់ស្តែងដូចករណីខាងលើជាដើម ៕
ចែករំលែកព័តមាននេះ