ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែខាំ​​…​​នាង​ទុក​រហូត​ដល់​ហួស​​ពេ​ល

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ដែល​ស្ត្រី​ម្នាក់​ឈ្មោះ សេង ស៊ា​ង​អេ​ង អាយុ​២៧ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ដែល​ស្ត្រី​ម្នាក់​ឈ្មោះ សេង ស៊ា​ង​អេ​ង អាយុ​២៧ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ បាន​ស្លាប់​ដោយសារ​ឆ្កែ​ខាំ​ដៃក្នុងអំឡុងពេល​ចេញ​ទៅ​រក​សុ​ី​នៅ​ខេត្តកំពង់ឆ្នាំង ​ហើយ​មិន​បាន​ចាប់អារម្មណ៍​ចាក់​ថ្នាំ​បង្ការ​ទេ បណ្តាល​ឲ្យ​មេរោគ​ជ្រាប​ពេញ​ខ្លួន​ក៏​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ ​កុម្ភៈ​ កន្លង​ទៅ ។ នេះ​អាច​ចាត់ទុកជា​ករណី​ទី​១ កើត​មាននៅ​ក្នុងស្រុក​ព្រៃឈរ​ដោយ​សារ​ឆ្កែ​ខាំ ហើយ​ក៏​ចំ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ភ្ញាក់ផ្អើល​និង​ភ័យ​ខ្លាច​ពី​ឆ្កែ ឬ​ឆ្មា​ខាំ ។

លោក​វរ​សេនី​យ៏​ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរបាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​សុ​ី​ឈ្នួល​គេ​នៅ​ឯ​ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវ​ឆ្កែ​ខាំ​ តែ​មិន​បាន​ចាក់​ថ្នាំ​ទេ ហើយ​ក៏​មិន​បានដឹង​ថា​មានការ​បិទ​ថ្នាំ​ការពារ ​ឬ​ក៏​យ៉ាងណា​ដែរ ។ ក្រោយមក ជន​រង​គ្រោះ​បាន​ទៅ​ចួ​ល​រួម​មង្គលការ​គេ​មួយ​កន្លែង ហើយ​ហូប​សាច់​គោ​ ក៏​ក្តៅខ្លួន​និង​បាន​ឲ្យ​គ្រូពេទ្យ​ឯកជន​ព្យួរសេរ៉ូម​ឲ្យ ។

លោក​អធិការ​បន្ត​ថា ប៉ុន្តែ​ដោយ​អាការៈ​មិន​បាន​ធូរស្រាល ​ក៏​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក៏​នៅ​តែ​មិន​ធូរស្រាល​ទៀត ។ លុះ​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​ ជន​រង​គ្រោះ​បាន​ចូល​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ និង​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​ ហួសពេល​ហើយ មិន​អាច​សង្គ្រោះ​បាន​ទេ ។ ពេល​នោះ​សាច់ញាតិ​ក៏​ដឹក​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ស្រុក​ព្រៃឈរ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ក៏​បាន​ស្លាប់​ទៅ ហើយ​សព​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ។ ស្ត្រី​រង​គ្រោះ​នៅ​លីវ មិន​ទាន់​មាន​ប្តី​នៅឡើយ​ទេ ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ថា ករណី​ខាងលើ​នេះ ​ពិតជា​មាន​មែន ហើយ​ជំងឺ​ប្រភេទ​នេះ​យូរ​ៗ​ឃើញ​កើត​មាន​ម្តង ។ លោក​រំឭក​ថា ប្រសិនបើ​មាន​ឆ្កែ​ខាំ សូម​ប្រញាប់​នាំ​អ្នក​រង​គ្រោះ​មក​សង្គ្រោះ​ដោយ​ចាក់​ថ្នាំ​បង្ការ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​ដូច​ករណី​ខាងលើ ៕