ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​លើកកម្ពស់​ស្ដង់ដា​អនាម័យ​ម្ហូប អាហារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា កាន់តែ​មានការ​កើន​ឡើងជា​លំដាប់​នោះ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​យកចិត្តទុកដាក់​ជំរុញ​ការ​លើកកម្ពស់​ស្តង់ដា​អនាម័យ​ម្ហូបអាហារ ដើម្បី​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា កាន់តែ​មានការ​កើន​ឡើងជា​លំដាប់​នោះ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​យកចិត្តទុកដាក់​ជំរុញ​ការ​លើកកម្ពស់​ស្តង់ដា​អនាម័យ​ម្ហូបអាហារ ដើម្បី​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែង​ថា ក្រសួង​និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​ស្នើ​រាជរដ្ឋាភិបាល​សុំ​ដាក់​បញ្ចូល​ស្ដង់ដា​វិ​ថី​ម្ហូបអាហារ (Food Street) និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ ចូល​ទៅ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ។ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ការ​ដាក់​បញ្ចូល​ស្តង់ដា​ទាំង​២​នេះ គឺ​ដើម្បី​លើកកម្ពស់​ស្តង់ដា​អនាម័យ​ម្ហូបអាហារ​នៅ​កម្ពុជា ដែល​ជា​សក្ដានុពល​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ »​។

ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ « ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ » នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង ទេសចរណ៍ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បានឱ្យ​ដឹង​ថា ស្ដង់ដា​វិ​ថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ (​ទាំង​ចល័ត និង​អ​ចល័ត​) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​លើកកម្ពស់​គោលដៅ ទេសចរណ៍​កម្ពុជា ក៏​ដូច​ជា​លើកកម្ពស់​សេវាកម្ម​ម្ហូបអាហារ​ផង និង​លើកកម្ពស់ សុវត្ថិភាព អនាម័យ​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ផង​ដែរ ។ ទន្ទឹម​នោះ ក៏​នឹង​ចូលរួម​ផង​ដែរ​ដល់​ការ​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅ តាម​ក្រុង​-​ស្រុក និង​ទីប្រជុំជន​នានា​នៃ​រាជធានី​-​ខេត្ត​គោលដៅ​ទេសចរណ៍​ទៀត ផង ។ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​បាន​ទទួលទាន​អាហារ​ដែល​ឆ្លងកាត់​ការ​រៀបចំ​ស្ដង់ដា វិ​ថី​ម្ហូបអាហារ​នេះ នឹង​ទទួល​បាន​នូវ​ភាព​កក់ក្ដៅ​ជឿ​ទុកចិត្ត​បាន ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា ស្ដង់ដា​វិ​ថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ នឹង​លើកកម្ពស់​ជីវភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាត​តូច​បែប​គ្រួសារ ឱ្យ​មានការ​រីក​លូតលាស់​ថែម​ទៀត​។ លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ៖« នៅ​ពេល​គេ​ល្បី​ត​ៗ​គ្នា​ថា កម្ពុជា​មាន​ស្ដង់ដា​ម្ហូបអាហារ​ល្អ​ត្រឹមត្រូវ មាន​សុវត្ថិភាព មាន​អនាម័យ​ត្រឹមត្រូវ នោះ​ហើយ​គឺជា​សក្ដានុពល ថ្មី​មួយទៀត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បន្ថែម »​។ លោក​រដ្ឋមន្ត្រី អះអាង​ថា ដោយ​មើលឃើញ​ពី​សក្តានុពល​នោះ​ហើយ ទើប​ក្រសួង និង​គណៈ ក​ម្មា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចូល​ស្ដង់ដា​ទាំង​ពីរ​នេះ ទៅ​ក្នុង​សូចនាករ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ។

លោក​បញ្ជាក់​ថា ៖« តាម​គម្រោង​នៅ​ពេល​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ គណៈ​ក​ម្មា ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ស្ដង់ដា​វិ​ថី​ម្ហូបអាហារ និង​ស្ដង់ដា តូប​លក់​ម្ហូបអាហារ​នេះ ទៅ​ក្នុង​ចលនា​ប្រឡង ប្រណាំង​ទីក្រុង​ស្អាត​តែ​ម្តង ដើម្បី​បំផុស​ឱ្យ ក្រុង​បេក្ខភាព​នានា ខិតខំ​រៀបចំ​ទីក្រុង​របស់​ខ្លួន​ឱ្យ​កាន់តែ​លេចធ្លោ​ឡើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ