រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា វិនិយោគិនចិនគឺឈរលំដាប់ទី១ ពិសេសការវិនិយោគលើវិស័យសំណង់ធំៗ ហើយបច្ចុប្បន្នតំបន់ដែលចិនចូលចិត្តនិងកំពុងវិនិយោគច្រើនជាង គឺនៅតំបន់ជាប់មាត់សមុទ្រ ដូចជាខេត្ត ព្រះសីហនុ និងកោះកុង ជាដើម ។
បើតាមក្រុមហ៊ុន ព្រីនស៍រៀលអុីស្ទេត បានបញ្ជាក់ថា ខ្លួននឹងបន្ថែមទុនវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ខេត្តព្រះសីហនុ ស្របពេលកំណើននៃតម្រូវការអចលនទ្រព្យនៅក្នុងតំបន់នោះក៏កើនឡើងខ្ពស់ ដូចជា សេវាសណ្ឋាគារ កាស៊ីណូ និងតម្រូវការអចលនទ្រព្យផ្សេងទៀត ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ។
ចំណែកខេត្តកោះកុងវិញ ក៏ចាប់ផ្ដើមមានសន្ទុះគួរឲ្យកត់សម្គាល់ដែរ ដោយមានគម្រោងអចលនទ្រព្យធំមួយកំពុងកាន់កាប់ដោយវិនិយោគិនចិនគឺគម្រោងតំបន់វិស្សមកាលតារាសាគរ ហើយគម្រោងនេះ ក៏ទើបតែប្រកាសបន្ថែមទុនប្រមាណជិត២ប៊ីលានដុល្លារអាមេរិកដែរ ដើម្បីអភិវឌ្ឍន៍ជាគម្រោងតំបន់លំហែកាយនៅមាត់សមុទ្រនៃខេត្តមួយនេះ ដែលធ្វើឲ្យគម្រោងអភិវឌ្ឍន៍របស់ចិន កាន់តែធំបន្ថែមទៀតនៅតាមតំបន់មាត់សមុទ្រ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ជាការពិតណាស់ វិនិយោគិនចិនបានមកដល់ប្រទេសកម្ពុជា និងកំពុងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ លោកថា ៖« ចិនមានប្រជាជនប្រមាណ១ភាគ៣នៃប្រជាជនពិភពលោកទាំងមូល ហើយគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ក៏មានវត្តមានជនជាតិចិនរស់នៅ និងវិនិយោគដែរ រួមនឹងកម្ពុជាក៏កំពុងទទួលបានវិនិយោគិនចិនជាបន្តបន្ទាប់ » ។ លោកបន្តថា នៅក្នុងប្រទេសកម្ពុជា គេមើលឃើញថា ចិនចូលចិត្តវិនិយោគនៅតំបន់មាត់សមុទ្រ ជាក់ស្ដែងបច្ចុប្បន្ននេះ កំពុងបុកទៅវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយអភិវឌ្ឍន៍សំណង់អគារខ្ពស់ៗជាច្រើន នៅទីនោះ។ បន្ទាប់ពីខេត្តព្រះសីហនុ ចិនអាចនឹងងាកទៅរកការវិនិយោគក្នុងខេត្តកំពត និងខេត្តកោះកុងជាដើម។
លោកបន្ថែម ការមកវិនិយោគរបស់ចិន នៅក្នុងប្រទេសកម្ពុជាបានហុចសក្ដានុពលច្រើន មកកាន់ប្រទេសកម្ពុជា ហើយវាក៏មានផលវិជ្ជមាន និងអវិជ្ជមាន ។ ផលវិជ្ជមាន សម្រាប់ប្រទេសកម្ពុជា គឺនឹងទទួលបានការអភិវឌ្ឍភ្លាមៗនៅក្នុងប្រទេស ព្រោះចិនមានលុយ ហើយគេនឹងមកអភិវឌ្ឍន៍ភ្លាមៗជាអគារផ្សេងៗ ហើយអគារទាំងនោះ ក៏មិនអាចលើកទៅស្រុកចិនវិញបានដែរ ។ ដល់ពេលកំណត់ណាមួយ អគារទាំងនោះនឹងត្រូវប្រគល់មកឲ្យកម្ពុជា ហើយគេយកតែលុយដែលលក់បានត្រលប់ទៅវិញប៉ុណ្ណោះ ។ លោកថា ៖« ទន្ទឹមមានផលវិជ្ជមាននេះ ក៏មានផលអវិជ្ជមានដែរ ពីការមកដល់របស់ជនជាតិចិន ព្រោះដូចយើងដឹងថា ក្នុងចំណោមជនជាតិចិនទាំងអស់ តែងតែមានអ្នកល្អ និងអ្នកអាក្រក់ ហើយអ្នកអាក្រក់នោះនឹងបង្កភាពអាណាធិប្បតេយ្យដល់ប្រទេសកម្ពុជាយើង ដូច្នេះយើងត្រូវបង្កើនការរឹតបន្តឹងច្បាប់ទម្លាប់ឲ្យបានល្អ ចំពោះជនបរទេសដែលកំពុងរស់នៅ និងធ្វើអាជីវកម្មក្នុងប្រទេសយើង »។
បើតាមលោក សុខ គែន ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពត ក៏បានឲ្យដឹងផងដែរ កំណើនវិនិយោគិនចិន ហៀរចេញពីខេត្តព្រះសីហនុ ក៏បាននិងកំពុងសំដៅមកកាន់ខេត្តកំពតផងដែរ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីនៅជាប់មាត់ព្រែក និងមាត់សមុទ្រកំពុងកើនឡើងជាបន្តបន្ទាប់ ក្នុងនោះគេសង្កេតឃើញថា សកម្មភាពទិញលក់ដីធ្លី ក្នុងខេត្តនេះ ក៏កំពុងមានភាពមមាញឹកផងដែរ ៕
ចែករំលែកព័តមាននេះ