ខេត្តរតនគីរី ៖ អ្នកបើកបរម៉ូតូកង់បីវ័យ៥០ឆ្នាំម្នាក់ បានរងរបួសមួយចំហៀងខ្លួនយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តបាឡែនបើកបរបញ្ច្រាស់ទិសគ្នាបុកយ៉ាងពេញទំហឹងតែម្តង រួចហើយចុះរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុនោះ ។ ហេតុការណ៍រថយន្តបុកម៉ូតូនោះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចចរាចរណ៍ស្រុកអូរជុំបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងរវាងរថយន្តម៉ាកកាមរីបាឡែន និងម៉ូតូកង់បីទិសដៅបញ្ច្រាសគ្នាបុកយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីម្នាក់រងរបួសធ្ងន់មួយចំហៀងខ្លួន ។
ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ លឹមចាន់ ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរមិនទាន់ដឹងទីលំនៅនោះទេ ដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរមួយចំហៀងខ្លួន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ។ ប្រភពបន្តទៀតថា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងនោះនៅនឹងកន្លែងហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានរឹបអូសយកវត្ថុតាងម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរជុំកសាងកំណត់ហេតុរង់ចាំធ្វើការសម្របសម្រួលតាមនីតិវិធី ។
លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមូលហេតុមកពីអ្នកទាំងពីរបើកបរខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯងទាំងសងខាង ៕
ចែករំលែកព័តមាននេះ