រាជធានីភ្នំពេញ ៖ តូបលក់សម្លៀកបំពាក់ចំនួនពីរនៅក្នុងឧទ្យានសុបិនចំការព្រីង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមកាមនៅក្នុងឧទ្យានសុបិនចំការព្រីងខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ អាជីវករទាំងអស់ដែលលក់នៅក្នុងឧទ្យានសុបិនចំការព្រីងបានបិទតូបទៅផ្ទះរៀងៗខ្លួនអស់ហើយ។ លុះដល់វេលាកើតហេតុ ពេលពួកគាត់ដើរល្បាត ក៏ស្រាប់តែឃើញមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនឹងអណ្តាតភ្លើងកំពុងតែឆាបឆេះសម្លៀកបំពាក់នៅក្នុងតូបយ៉ាងសន្ធោសន្ធៅ។
ប្រភពដដែលបន្តថា ភ្លាមៗនោះពួកគាត់ក៏បានប្រញាប់ប្រញាល់នាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរ នៅតែមិនរលត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យឲ្យចុះមកធ្វើការអន្តរាគមន៍។ បន្ទាប់មកក៏ឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួនពីរគ្រឿងបានចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ទើបរលត់ទៅវិញជាស្ថាពរ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា តូបលក់សម្លៀកបំពាក់ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានម្ចាស់ឈ្មោះ ថាច់ ចិន្តាម្លិះ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ក្នុងករណីអគ្គីភ័យឆាបឆេះតូបខាងលើនេះគឺមិនបណ្តាលឲ្យឆេះសម្លៀកបំពាក់អស់ទាំងស្រុងនោះទេ ប៉ុន្តែក៏មិនបង្កឲ្យឆេះរាលដាលដល់តូបនៅជិតខាងដែរ។ ករណីអគ្គីភ័យនេះជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីកើតចេញជាអណ្ដាតភ្លើង៕
ចែករំលែកព័តមាននេះ