ខេត្តសៀមរាប ៖ ជាមួយនឹងកំណើនទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាការរីកចម្រើនគ្រប់វិស័យផងដែរ នៅខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ ទើបរោងភាពយន្តទំនើបមួយបានបន្តបើកសាខាជាបន្តបន្ទាប់នៅខេត្តសៀមរាប ។ ជាក់ស្តែងរោងភាពយន្តទំនើប លេជេន ទើបនឹងបើកដំណើរការជាផ្លូវការនូវរោងភាពយន្តទំនើបទី៦ របស់ខ្លួនដែលមានឈ្មោះថា ជារោងភាពយន្ត «លេជេនហេរីថេកវ៉ក» ។
រោងភាពយន្ត លេជេន សាខាទី៦ នៅខេត្តសៀមរាបនេះ មានទីតាំងនៅក្នុងមជ្ឈមណ្ឌលកំសាន្ត ហេរីថេកវ៉ក ជាន់ទី៣ តាមបណ្តោយផ្លូវជាតិលេខ៦ អា បានធ្វើការដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រោមវត្តមានលោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ពិន ប្រាកដ អភិបាលរងខេត្ត , លោក តែ សុង អគ្គនាយករោងភាពយន្ត លេជេន ដោយមានអ្នកចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។
នេះគឺជារោងភាពយន្ត លេជេន សាខាទី៦ នៅខេត្តសៀមរាបនេះ បន្ទាប់ពីបានបង្កើតសាខាជាហូរហែពីមុនមក ចំនួន៥ ដែលសាខាទី៥ មានឈ្មោះថា Smart Hall VIP ហើយការឈានជើងរបស់រោងភាពយន្តលេជេន ចូលទៅក្នុងខេត្តសៀមរាបនេះ មិនត្រឹមតែបានបង្ហាញអំពីភាពរីកចម្រើន របស់ប្រជាជនកម្ពុជានៅក្នុងខេត្តទេសចរណ៍មួយប៉ុណ្ណោះនោះទេ តែវត្តមានរបស់រោងកុនទំនើបនេះ ក៏បានកែប្រែមុខមាត់ខេត្តសៀមរាបឲ្យកាន់តែមានភាពស៊ីវីល័យ និងមានភាពអ៊ូរអរចម្រុះពណ៌ជាងមុនបន្ថែមទៀត។
ងាកទៅសាខារោងកុនទំនើបទី៥ ដែលមានឈ្មោះថា Smart Hall VIP គឺជាប្រភេទសាលប្រណីតលំដាប់ VIP សម្រាប់បំពេញតម្រូវការចំពោះអតិថិជនដែលចូលចិត្តភាពឯកជនលក្ខណៈបែបអភិជន។ សរុបទាំង៥ សាលនេះ រោងភាពយន្តលេជេនហេរីថេកវ៉ក អាចមានលទ្ធភាពផ្ទុកចំនួនមនុស្ស រហូតទៅដល់ ៧០០នាក់ រាល់ពេលការដាក់បញ្ចាំងកុន ម្តងៗ។
សូមបញ្ជាក់ថា រោងភាពយន្តហេរីថេកវ៉ក នេះ គឺជាសាខាទី ៦ ដែលក្នុងនោះ ៥សាខាទៀត ដែលមានដូចជា រោងភាពយន្តលេជេនស៊ីធីម៉ល រោងភាពយន្តលេជេនធីខេ រោងភាពយន្តលេជេនមានជ័យ រោងភាពយន្តលេជេនព្រីមមៀម និងរោងភាពយន្តអេដិន មានទីតាំងនៅទីក្រុងភ្នំពេញទាំងអស់។
ទាំងប្រាំមួយទីតាំងនេះ បួកបញ្ចូលគ្នា រោងភាពយន្តលេជេនមានចំនួនសាលរហូតទៅដល់ ៣១សាល ដែលមានលទ្ធភាពអាចផ្ទុកមនុស្សបាន រហូតទៅដល់ច្រើនជាង ៣០០០នាក់ រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។ នេះអាចបញ្ជាក់បានថារោងភាពយន្តលេជេន គឺជារោងភាពយន្តធំ និងឈានមុនគេនៅក្នុងប្រទេសកម្ពុជា រហូតមកទល់ពេលនេះ។
ក្នុងនោះផងដែរ រោងភាពយន្តលេជេនបាន បង្កើតការងារដល់បងប្អូនប្រជាជនកម្ពុជា បានចំនួនសរុប២៨៥នាក់ សរុបមកទល់ពេលនេះ។ រោងភាពយន្តលេជេននឹងអាចពង្រីកខ្លួនបន្ថែមទៀត រហូតទៅដល់១០ទីតាំង នៅចុងឆ្នាំ២០១៩នេះ ដែលចំនួនសាលនឹងកើនឡើង ដល់៤៧សាល ហើយមានវិសាលភាពគ្របដណ្តប់បន្ថែមទៀត ទាំងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្ត ដែលមានសក្តានុពល មួយចំនួនទូទាំងប្រទេសកម្ពុជា ដូចជាក្រុងព្រះសីហនុ ខេត្តបាត់តដំបង ខេត្តកំពង់ចាមជាដើម។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ រោងភាពយន្តលេជេន នឹងមានគម្រោងនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់វិស័យរោងកុននេះ ដែលធ្វើឱ្យរោងកុនលេជេន មានលទ្ធភាពប្រកួតប្រជែងជាមួយនឹងរោងកុនក្នុងបណ្តាប្រទេសអភិវឌ្ឍទាំងឡាយ ដូចជា បច្ចេកវិទ្យា Screen X ឬ Giant Screen ជាដើម។ សម្រាប់ពេលបច្ចុប្បន្ន រោងភាពយន្តលេជេនត្រូវបានបំពាក់បច្ចេកវិទ្យា ចុងក្រោយដូចជាប្រព័ន្ធសម្លេង Dolby-Atmos ជាបច្ចេកវិទ្យាចុងក្រោយបំផុត ជាមួយនឹងផ្ទាំងស្គ្រីនឡាស៊ែច្បាស់ ត្រជាក់ភ្នែក។
ការរីកចម្រើនរបស់រោងភាពយន្តលេជេននេះ គឺជាឱកាសមិនអាចប្រកែកបានក្នុងការជម្រុញឲ្យវិស័យភាពយន្តក្នុងស្រុកកាន់តែមានភាពប្រសើរឡើង ដោយរាល់ការបន្ថែមទីតាំង និងសាលរបស់រោងភាពយន្តម្តងៗនឹងធ្វើឱ្យភាពយន្តក្នុងស្រុកមានទីផ្សារកាន់តែច្រើនជាងមុនក្នុងការដាក់បង្ហាញវណ្ណកម្ម របស់ខ្លួន ដែលអាចធ្វើឲ្យផលិតករក្នុងស្រុកទទួលប្រាក់ចំណូលបន្ថែម ដើម្បីអភិវឌ្ឍគុណភាពភាពយន្តរបស់ខ្លួនឱ្យសមស្រប ទៅតាមការរីកចម្រើនរបស់រោងកុន។
ការបើកសម្ពោធជាផ្លូវការនេះ ក៏នឹងមានការចាក់បញ្ចាំងរឿងល្បីៗចំនួន៧ ដែលបានដាក់បញ្ចាំងនឹងទទួលបានការគាំទ្រ ជាថ្មីម្តងទៀតចាប់ពីម៉ោង១រសៀល សម្រាប់អ្នកគាំទ្រលេជេន និងអ្នកនិយមមើលកុនទាំងអស់ដោយឥតគិតថ្លៃ នៅថ្ងៃទី១ ខែកុម្ភៈនេះតែម្តង។
អ្វីដែលធ្វើឲ្យមោនភាពកាន់តែអធិកអធមជាងនេះទៅទៀតនោះ នៅល្ងាចថ្ងៃដដែលចាប់ពីម៉ោង៧ល្ងាចតទៅ រោងភាពលេជេន ក៏បានរៀបចំការប្រគំតន្ត្រីពិសេស ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា ដូចជាកញ្ញាវីឌីណែត លោក G-Devith និង លោក វ៉ាន់ដាផងដែរ។ ការប្រគំតន្ត្រីនេះ ក៏មានការចាប់រង្វាន់ពិសេសធំ iPhone 8 plus, ក៏ដូចជាកាតសមាជិករបស់រោងភាពយន្តលេជេន ដែលអាចទស្សនាភាពយន្តរយៈពេលពេញមួយឆ្នាំ និងរង្វាន់ផ្សេងៗទៀតជាច្រើន៕ ដោយសហការ
ចែករំលែកព័តមាននេះ