ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញ​សក្ដានុពល​វិនិយោគ​ទៅ​កាន់​វិនិយោគិន​ទីក្រុង​ឡុ​ង​ប៊ិ​ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម​ពី​បណ្ដា​ប្រទេស​ធំ​ៗ​លើ​ពិភពលោក មន្ត្រីជាន់ខ្ពស់​កម្ពុជា​តែងតែ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន ទៅ​កាន់​វិនិយោគិន​នានា​ក្នុង​គោលបំណង​ឲ្យ​មក​វិនិយោគ​កាន់តែ​ច្រើន សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​ប្រជាជន ។ នៅ​ក្នុង​ជំនួប​ជាមួយ​វិនិយោគិន​ទីក្រុង​ឡុ​ង​ប៊ិ​ច…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម​ពី​បណ្ដា​ប្រទេស​ធំ​ៗ​លើ​ពិភពលោក មន្ត្រីជាន់ខ្ពស់​កម្ពុជា​តែងតែ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន ទៅ​កាន់​វិនិយោគិន​នានា​ក្នុង​គោលបំណង​ឲ្យ​មក​វិនិយោគ​កាន់តែ​ច្រើន សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​ប្រជាជន ។

នៅ​ក្នុង​ជំនួប​ជាមួយ​វិនិយោគិន​ទីក្រុង​ឡុ​ង​ប៊ិ​ច កាលពី​រសៀល​ថ្ងៃ​ទី​៣០ មក​រា កន្លង​មក​លោក​ប៉ាន សូរ​ស័ក្តិ បាន​លើក​ឡើង​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​កម្ពុជា ព្រមទាំង​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ក៏​ដូច​ជា​កិច្ច​ប្រឹងប្រែង​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង តាម​រយៈ​ការ​ដាក់​ចេញ​នូវ​កំណែទម្រង់​ស៊ីជម្រៅ ជាមួយ​គោលនយោបាយ​វិនិយោគ​ដ៏​ទាក់ទាញ​, ការ​ធ្វើ​ទំនើប​កម្មវិស័យ​អប់រំ​, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ (​ផ្លូវថ្នល់​, ផ្លូវដែក​, ផ្លូវ​ល្បឿន​លឿន​, ព្រ​លាន​យន្តហោះ និង​កំពង់​ផែ​អន្តរជាតិ​) សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាដើម ។

លោក ប៉ាន សូរ​ស័ក្តិ បាន​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​ទៅ​កាន់​វិនិយោគិន​អា​មេ​រិ​ក ពី​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ និង​គម្រោង Plus One នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា ព្រមទាំង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (IDP) របស់​រាជរដ្ឋាភិបាល ដែល​មាន​គោលបំណង​ប្រែក្លាយ​កម្ពុជា ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ចម្រុះ សម្រាប់​បម្រើ​វិស័យ​នាំ​ចេញ និង​ជា​ឋានសួគ៌​សម្រាប់​គម្រោង​វិនិយោគ​អន្តរជាតិ​តូចធំ ។

លោក រ៉ូ​ប៊ើ​ត ហ្គា​សៀ អ្នកដឹកនាំ​ប្រតិភូ​វិនិយោគិន​ទីក្រុង​ឡុ​ង​ប៊ិ​ច ដែល​បាន​មក​កាន់​កម្ពុជា បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​របស់​ខ្លួន​លើ​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​ថ្មី​ៗ​របស់​កម្ពុជា ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទាំងនេះ ទៅ​កាន់​វិនិយោគិន​ទីក្រុង​ឡុ​ង​ប៊ិ​ច ដើម្បី​ពិចារណា មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​ស្នើ​របស់​កម្ពុជា ដើម្បី​បង្កើន​ទំនាក់ទំនង ពាណិជ្ជកម្ម​រវាង​គ្នា​នឹង​គ្នា ។

គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ​សម្រេច​បាន​ប្រមាណ​៣,៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​២៧​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​អា​មេ​រិ​ក មាន​ទឹកប្រាក់​ជាង​២,៨៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ធ្វើ​ឲ្យ​អា​មេ​រិ​ក ក្លាយជា​ទីផ្សារ​ធំ​ទី​២​របស់​កម្ពុជា និង​នាំ​ចូល​ពី​សហរដ្ឋអាមេរិក មក​កាន់​កម្ពុជា​វិញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៤២៦​លាន​ដុល្លារ
អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ